ស្វែងរកពួកយើង:

ឡានអគ្គិសនី BYD Seal 06 ស៊េរីថ្មីចេញលក់ផ្លូវការជាមួយតម្លៃជាង 1 ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ

ដោយ

Koun Jab Luffy

09 មិថុនា 2025 01:41 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតឡានអគ្គិសនី BYD ទើបតែបានប្រកាសចេញលក់ផ្លូវការណ៍នៅឡានអគ្គិសនីស៊េរីថ្មីម៉ូដែល BYD Seal 06 EV Sedan នៅទីផ្សារប្រទេសចិនក្នុងតម្លៃខ្ទង់ 109,800 យ៉ាន់ ឬប្រហែល $15,270។ ឡានអគ្គិសនីស៊េរីថ្មីនេះ គឺជាប្អូនរបស់ Seal 06 DM-i ដែលជាឡាន Plug-in-hybrid ដែលបានប្រកាសចេញលក់នៅលើទីផ្សារកាលពីខែឧសភា ឆ្នាំ 2024 ដែលគិតមកទល់នឹងពេលបច្ចុប្បន្នម៉ូដែលនេះលក់បានចំនួនប្រមាណ 251,886 គ្រឿង។ ហើយជាមួយនឹងម៉ូដែលអគ្គិសនីថ្មីនេះ នឹងកាន់តែជួយជម្រុញការលក់របស់ម៉ូដែលនេះកើនឡើងបន្ថែមទៀត។
BYD Seal 06 EV ត្រូវបានផលិតឡើងដោយប្រើគ្រោងឆ្អឹង e-Platform 3.0 Evo platform ដោយមានបណ្តោយ 4,720mm/ ទទឹង 1,880mm/ កំពស់ 1,495mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,820mm។ ម៉ូដែលអគ្គិសនីថ្មីនេះមានប្រវែងតួរខ្លួនខ្លីជាង 110mm និងមានទទឹងវែងជាង 5mm ធៀបនឹងម៉ូដែល Plug-in-hybrid។
Article image
នៅផ្នែកខាងក្នុងមានការបំពាក់នូវបច្ចេកវិទ្យាប្រើប្រាស់ថ្មីទំនើបៗដូចនឹងស្រឡាយឡានអគ្គិសនីស្ថិតក្នុងត្រកូល BYD Seal ដែរ ក្នុងនោះមានមកនូវអេក្រង់កម្សាន្តទំហំធំដល់ 15.6-inch និងអេក្រង់បង្ហាញព័ត៌មានសំខាន់ៗមួយចំនួននៅក្រោយដៃចង្កូតប្រភេទ LCD Instrument Panel ជាមួយដៃចង្កូតត្រូវបានឌីស្សាញឡើងជាបីកាំមាននិមិត្តសញ្ញា BYD នៅចំកណ្តាល។ នៅផ្នែកកណ្តាលចន្លោះកៅអីខាងមុខឃើញមានបំពាក់នូវកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែចំនួនពីរ និងកន្លែងដាក់កែវទឹកចំនួនពីរផងដែរ។
ផ្នែកខាងមុខរបស់ BYD Seal 06 EV មានកន្លែងដាក់អីវ៉ាន់ដែលអាចដាក់បានចំណុះ 65 លីត្រ កន្លែងដាក់អីវ៉ាន់ចំនួន 24 នៅក្នុងកាប៊ីន និងគូទក្រោយអាចផ្ទុកទំងន់បាន 423kg។ ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ BYD Seal 06 EV គាំទ្រនូវប្រព័ន្ធ DiPilot 100 ឬហៅថា God’s Eye C ដែលមានបញ្ចូលនូវមុខងារបង្ហាញផ្លូវសម្រាប់ការបើកបរលើផ្លូវហាយវ៉េ Navigate On Autopilot (NOA) និងប្រព័ន្ធចូលចំណោតស្វ័យប្រវត្តិជាដើម។ បន្ថែមពីនេះ ក៏មានប្រព័ន្ធចាប់ហ្វ្រាំងស្វ័យបន្ទាន់ប្រវត្តិ Autonomous Emergency Braking (AEB) ដែលអាចបញ្ឈប់រថយន្តក្នុងល្បឿន 80km/h បានដោយសុវត្ថិភាព។
Article image
BYD Seal 06 EV មានជម្រើសប្រើម៉ូទ័រអេឡិចត្រូនិចមួយកម្លាំង 148 សេះ ភ្ជាប់នូវលើភ្លៅក្រោយដែលផ្តល់ថាមពលពីកញ្ចប់ថ្ម LFP ទំហំ 46.08kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 470km។ ចំនែកមួយម៉ូដែលទៀតប្រើម៉ូទ័រមួយមានកម្លាំង 215 សេះ និងកញ្ចប់ថ្ម LFP ទំហំ 56.6kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 545km។ BYD Seal 06 EV អាចជាន់ល្បឿន Top Speed បាន 160km/h។ ឡានអគ្គិសនីនេះ ក៏គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនផងដែរ ដោយសារពី 30 ទៅ 80% ចាយពេលខ្ទង់ 24 នាទីប៉ុណ្ណោះ។
Article image
ទៅលើប្រព័ន្ធគ្រឿងក្រោមវិញ BYD Seal 06 EV មានភ្ជាប់មកជាមួយប្រព័ន្ធទប់លំនឹង five-link independent suspension system នៅផ្នែកខាងក្រោយ រីកង់ខាងមុខភ្ជាប់នូវប្រព័ន្ធ McPherson suspension ហើយតួរខ្លួនរបស់ Seal 06 EV ត្រូវបានផលិតពីលោហៈ high-strength steel ប្រមាណ 74% ជាមួយការបំពាក់នូវពោងសុវត្ថិភាពចំនួន 9 គ្រាប់។ BYD Seal 06 EV អាចធ្វើការបញ្ជាទិញបានជាមួយតម្លៃខ្ទង់ចាប់ពី $15,270 ដល់ $18,050 ទៅតាមជម្រើសម៉ូដែលរៀងគ្នា៕
ឡានអគ្គិសនី BYD Seal 06 ស៊េរីថ្មីចេញលក់ផ្លូវការជាមួយតម្លៃជាង 1 ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ