ស្វែងរកពួកយើង:

ឡានអគ្គិសនី Ford Bronco AWD SUV ប្រកាសអោយមានការ Pre-Sale ជាមួយតម្លៃ 3 ម៉ឺនដុល្លារស្តើង

ដោយ

Koun Jab Luffy

19 វិច្ឆិកា 2025 01:06 រសៀល

អាន 2 នាទី

Article image
កាលពីទី 18 ខែវិច្ឆិកា នេះ ក្រុមហ៊ុន Ford នៅប្រទេសចិន បានប្រកាសបើកអោយមានការ pre-sale ទៅលើឡានអគ្គិសនី Ford Bronco AWD SUV ដែលអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន JMC និង Ford នៅលើទីផ្សារប្រទេសនេះហើយ ដោយមានតម្លៃចាប់ពី 229,800 យ៉ន់ទៅ 282,800 យ៉ន់ ដែលប្រហាក់ប្រហែល 32,300 ដុល្លារ ទៅ 39,800 ដុល្លារនិងមានជម្រើស BEV ចំនួន 2 ហើយនិងជម្រើស EREV ចំនួន 3។ សម្រាប់ម៉ូដែល EREV អាចបើកបរបានចម្ងាយ 1,200 km ទៅលើការសាកពេញ និងការចាក់សាំងពេញម្តង។
សូមជំរាបថា Ford Bronco បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងពិព័រណ៍រថយន្តមួយ ដែលមានពីរជម្រើស គឺជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និងប្រើម៉ាស៊ីន Hybrid ឬ EREV។ យោងតាមក្រុមហ៊ុន Ford រថយន្ត SUV ស៊េរីថ្មីនេះនឹងចាប់ផ្តើមចេញលក់មុននៅក្នុងកម្មវិធី Guangzhou Auto Show 2025 នាពេលខាងមុខ ហើយនឹងដាក់លក់ជាផ្លូវការនៅចុងឆ្នាំនេះ។ Ford Bronco បំពាក់មកជាមួយប្រព័ន្ធ LiDAR នៅលើដំបូលខាងមុខ ប្រព័ន្ធសែនស័រចាប់សញ្ញាកម្រិតខ្ពស់ ឬ high-precision sensors និងកាមេរ៉ាកម្រិតខ្ពស់ចំនួន 30 គ្រាប់។
Article image
Bronco ក៏មានមកនូវមុខងារ "Off-road Logbook" ដែលមានកត់ត្រាស្រាប់នូវស្ថានភាពផ្លូវផ្សេងចំនួន 20 ដែលរៀបចំយ៉ាងយ៉ាងពិសេសដោយក្រុមហ៊ុន Ford ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានលទ្ធភាពក្នុងរៀបចំផែនការធ្វើដំណើរតាមរយៈប្រព័ន្ធព័ត៌មានកម្សាន្តរបស់រថយន្ត។
Article image
Ford Bronco ម៉ូដែល EREV មានប្រវែង 5,025mm/ ទទឹង 1,960mm/ កំពស់ 1,825mm ឬ 1815/1840mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,950mm ខណៈម៉ូដែល BEV មានប្រវែង 5025mm/ ទទឹង 1,960mm/ កំពស់ 1,815 ទៅ 1825mm។ សម្រាប់ Ford Bronco ប្រើអគ្គិសនីសុទ្ធ ឬ BEV ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ ខណៈម៉ូដែល EREV បានបំពាក់បន្ថែមនៅម៉ាស៊ីន Hybrid 1.5T turbocharged Engine។
Article image
ទោះជាយ៉ាងណាសម្រាប់អនុភាព Powertrain របស់ Bronco ទាំងពីរស៊េរីក្រុមហ៊ុនមិនទាន់បញ្ជាក់នៅឡើយទេ។ ដោយឡែកសម្រាប់ Ford Bronco BEV បំពាក់មកជាមួយកញ្ចប់ថ្មទំហំ 105.4kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 650km ចំនែកម៉ូដែល EREV វិញ បំពាក់នូវកញ្ចប់ថ្មទំហំ 43.7kWh ដែលការសាកភ្លើងពេញម្តងអាចជិះបានបាន 220km ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងដល់ 1,200km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តង៕