
Mazda EZ-6 ដែលជាឡានអគ្គិសនីស៊េរីថ្មី ដែលមានការអភិវឌ្ឍរួមគ្នាឡើងរវាងក្រុមហ៊ុនជប៉ុន Mazda និងក្រុមហ៊ុនចិន Changan នៅថ្ងៃនេះ ត្រូវបានគេរាយការណ៌ថា បានទទួលនូវពិន្ទុកម្រិតផ្កាយ 5 ទៅលើតេស្តប្រព័ន្ធសុវត្ថិភាពការបុកប៉ះពីស្ថាប័ន C-NCAP។ តាមរយៈតារាងពិន្ទុនៅលើបញ្ជីនេះ បានបង្ហាញថា ឡានអគ្គិសនី Mazda EZ-6 គឺឈរនៅលើលេខរៀងទី 3 នៅក្នុងចំណោមឡានជាច្រើន ដែលបានតេស្តតាមស្តង់ដារនេះនៅក្នុងឆ្នាំ 2024។
សូមជំរាបថា C-NCAP គឺជាស្ថាប័នធ្វើតេស្តប្រព័ន្ធសុវត្ថិភាពរថយន្តទៅលើការបុកប៉ះទង្កិចដ៏ធំមួយរបស់ប្រទេសចិន ដែលបានបង្កើតឡើងកាលពីឆ្នាំ 2006 កន្លងទៅ ដោយស្ថាប័នធំៗនៅប្រទេសចិន ដែលមានដូចជា China Automotive Technology និង Research Center (CATARC)។ ស្ថាប័ន C-NCAP នេះ គឺមានស្តង់ដារដូចគ្នាជាមួយនិង Euro NCAP របស់ទ្វីបអឺរ៉ុបញ្ចឹងដែរ។ សម្រាប់ការតេស្តរបស់ Mazda EZ-6 នៅពេលនេះ គឺធ្វើឡើងទៅលើគ្រប់ជម្រើសម៉ូដែលទាំងអស់។

Mazda EZ-6 បានបង្ហាញខ្លួននៅលើទីផ្សារជាមួយនិងជម្រើសម៉ូដែល EREV។ តាមរយៈនៃការតេស្តរបស់ស្ថាប័ន CATARC កាលពីឆ្នាំ 2024 ទៅលើម៉ូដែល Mazda EZ-6 Zhiya Edition គឺមានការប្រើប្រាស់អាគុយ CATL ទំហំ 68.8 kWh មានសមត្ថភាពអាចរត់បានចម្ងាយផ្លូវ 600km តាមស្តង់ដារ CLTC range។ សម្រាប់ម៉ូដែលនេះ ត្រូវបានក្រុមហ៊ុន Mazda ធ្វើការប្រកាសដាក់លក់នៅលើទីផ្សារក្នុងស្រុកតម្លៃ 168,900 យ៉ន់ ដែលស្មើរនឹង23,550 ដុល្លារ។ ក្រឡេកមកមើលពិន្ទុរបស់ Mazda EZ-6 នៅក្នុងការធ្វើតេស្តនេះ គឺខ្ពស់ដល់ទៅ 97.1% ដែលជាពិន្ទុខ្ពស់មួយក្នុងចំណោមឡានអគ្គិសនីដែលបានធ្វើតេស្តនៅក្នុងឆ្នាំ 2024។

គួរបញ្ជាក់ថា Mazda EZ-6 គឺជាឡានអគ្គិសនី RWD ដែលមានការប្រើប្រាស់នូវប្រព័ន្ធ Changan-developed EPA platform។ ឡាននេះមានវិមាត្រ 4921/1890/1485mm និងមានគម្លាតកង់មុខក្រោយ 2,895 mm។ នៅលើឡាននេះ មានអេក្រង់ទំហំ 14.6-inch អ៊ូង និងអេក្រង់ទីពីរមានទំហំ 50-អ៊ិង ដែលជាប្រភេទ head-up display ហើយនិងមានការតម្លើងនូវ Sony speakers 14 គ្រាប់ទៀតផង។

សម្រាប់ម៉ូដែលកម្លាំងតូចជាងគេរបស់ Mazda EZ-6 EV គឺមានម៉ូទ័រ 190 kW (255 សេះ) មានអាគុយទំហំ 56.1 kWh អាចរត់បានចម្ងាយ 480km CTLC range។ ចំពោះម៉ូដែលអាគុយ 68.8 kWh រត់បាន 600km។ រីឯឡានម៉ូដែល EREV គឺមានការប្រើប្រាស់ម៉ាស៊ីនv 1.5-liter naturally aspirated ICE មានកម្លាំង 70 kW (94 សេះ) និងអមដោយម៉ូទ័រ 160 kW (215 សេះ) អាចរត់បានចម្ងាយដល់ទៅ 1,301 km។

Mazda EZ-6 ដាក់លក់នៅចិនតម្លៃចាប់ពី 139,800 យ៉ន់ ទៅ 181,800 យ៉ន ដែលប្រហែល 19,500 ដុល្លារ ទៅ 25,350 ដុល្លារ។ កាលពីខែមករាដល់ខែឧសភា ឆ្នាំ 2025 នេះ Mazda លក់ឡាននេះបាន 5,681 នេះបើតាមការបញ្ជាក់ពី EV DataTracker។
