
bZ7 ដែលជាឡានអគ្គិសនីរបស់ Toyota ត្រូវបានគេប្រទះឃើញថា បានបង្ហាញវត្តមាននៅតាមហាងនានានៅក្នុងប្រទេសចិនហើយ ខណៈដែលការប្រកាសចេញជាផ្លូវការណ៌នូវម៉ូដែលថ្មីនេះ ត្រូវបានគេរាយការណ៌ថា Toyota នឹងធ្វើឡើងនៅត្រីមាសសទី 1 ឆ្នាំ 2026 ខាងមុខ។ វត្តមានរបស់ bZ7 នេះ គឺបន្ទាប់ពីការបង្ហាញខ្លួន bZ3X នៅក្នុងព្រឹត្តិការណ៌ 2025 Guangzhou Auto Show។ ហើយជាមួយនិងមកដល់ម៉ូដែលថ្មីនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា Toyota បានបន្តធ្វើការអភិវឌ្ឍរថយន្តរបស់ខ្លួននៅក្នុងប្រទេសចិនកាន់តែច្រើនឡើងៗ ដោយផ្តោតខ្លាំងតែទៅលើឡានអគ្គិសនីប៉ុណ្ណោះអ។ សម្រាប់ម៉ូដែលថ្មី គឺពិតជាប្លែកដោយសារតែក្រុមហ៊ុននេះ បានតម្លើងនូវម៉ូទ័រដែលជារបស់ក្រុមហ៊ុន Huawei ដែលមានឈ្មោះថា DriveONE electric-motor system។
ឡានអគ្គិសនី Toyota bZ7 ត្រូវបានគេចាត់ទុកថា គឺជាម៉ូដែលថ្មីមួយដែលស្ថិតនៅក្នុងប្រភេទ Mid-to-Large-sized electric sedan មានតម្លៃចាប់ពី 200,000 យ៉ន់ដែលប្រហាក់ប្រហែល 28288 ដុល្លារ។ ជាមួយនិងការដាក់លក់ឆ្នាំក្រោយនេះ ឡានអគ្គិសនី Toyota bZ7 នឹងក្លាយជាគូរប្រជែងដ៏សំខាន់ជាមួយនិង Xiaomi SU7, Xpeng P7 and P7+ និង BYD Han EV សម្រាប់ទីផ្សារប្រទេសចិន។ ឡាននេះមានប្រវែង 5130mm ទទឹង 1965mm និងកំពស់ 1506mm ខណៈដែលគម្លាតកង់មុខក្រោយប្រវែង 3020mm។

ទម្រង់នៃការរចនារបស់ Toyota bZ7 ត្រូវបានធ្វើឡើងតាមទម្រង់នៃការឌីស្សាញជារាង C-Shaped ពីខាងមុខដល់ក្រោយ ជាមួយផ្នែកខាងមុខបិទជិត ឬ Closed Front Face រំលេចជាមួយចង្កៀងបំភ្លឺរចនាបទស្លីម អូសកាត់ពីម្ខាងទៅម្ខាងនៃក្បាលរថយន្ត។ ជាការកត់សំគាល់ នៅលើដំបូលខាងមុខឃើញមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR ដែលនឹងគាំទ្រនូវប្រព័ន្ធជំនួយការបើបរកម្រិត ADAS ដែលប្រព័ន្ធនេះ គឺនឹងគាំទ្រដោយបច្ចេកវិទ្យា Huawei ADS advanced driving system ជាមួយប្រព័ន្ធប្រតិបត្តិការក្នុងកាប៊ីន Huawei HarmonyOS Cockpit system។

នៅផ្នែកចំហៀង bZ7 មានដៃទ្វារជាប្រភេទ semi-hidden door handle និងមានយ៉ាន់កង់ទំហំ 21-inch រចនាជាកាំរាយ ឬ Multi-spoke rims មានពណ៌ក្រម៉ៅ។ នៅផ្នែកខាងក្នុងរបស់ bZ7 ឃើញមានបំពាក់នូវអេក្រង់ទំហំធំនៅកណ្តាលជាអេក្រង់កម្សាន្ត អេក្រង់បង្ហាញព័ត៌មាននៅក្រោយដៃចង្កូត រីដៃចង្កូតមានការឌីស្សាញជាស្ទាយ three-spoke steering wheel និងនៅចន្លោះកណ្តាលកៅអីខាងមុខមានកន្លែងសម្រាប់សាកថ្មស្មាតហ្វូនឥតប្រើខ្សែ រួមនឹងកន្លែងដាក់កែវទឹកចំនួនពីរ។ រថយន្តអគ្គិសនី sedan ថ្មីនេះ មានដំបូលបើក panoramic sunroof ផងដែរ។ ប៉ុន្តែ គួរឲ្យស្តាយដោយសារតែក្រុមហ៊ុនមិនទាន់បានបញ្ជាក់ពីកំលាំងម៉ូទ័រអគ្គិសនី និងទំហំថ្ម រួមនឹងព័ត៌មានលម្អិតផ្សេងទៀតរបស់ Toyota bZ7 នោះទេក្នុងពេលនេះ។

គួរបញ្ជាក់ថា នៅត្រីមាសដំបូងនៃឆ្នាំ 2025 នេះ ក្រុមហ៊ុនសម្ព័ន្ធមិត្ត Toyota-GAC លក់រថយន្តបានចំនួន 171,477 គ្រឿង និងបានលក់រថយន្តចំនួន 66,066 គ្រឿងនៅក្នុងខែមីនា ដែលធ្វើឲ្យកំណើននៃការលក់ពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងប្រមាណ 19.3%។ បច្ចុប្បន្នម៉ាករថយន្ត bZ របស់ Toyota ដែលកំពុងមានវត្តមានលក់នៅទីផ្សារប្រទេសចិនមានពីរម៉ូដែល គឺ bZ3X និង bZ4X៕
