
បន្ទាប់ពីមានការបែកធ្លាយព័ត៌មានអស់រយៈពេលជាច្រើនឆ្នាំមក នៅពេលនេះមានដំណឹងថ្មីថា ស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Apple អាចនឹងចូលមកប្រកួតប្រជែងនៅលើទីផ្សារក្នុងពេលឆាប់ៗនេះហើយ។ យោងតាមពាក្យចចាមអារ៉ាម និងការបែកធ្លាយថ្មីមួយចេញពីប្រទេសចិនកន្លងមក មានការបង្ហើបថា ស្មាតហ្វូនបត់បានដំបូងបំផុតរបស់ក្រុមហ៊ុន Apple នេះអាចនឹងមានឈ្មោះហៅថា iPhone Fold ហើយអាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 ទៀតផង។ នៅពេលនេះ យើងបានដឹងអំពីទំហំអេក្រង់របស់ស្មាតហ្វូននេះហើយ។
តាមការបញ្ជាក់ពីអ្នកទម្លាយ Digital Chat Station នៅពេលេនះ គឺមានការបញ្ចេញនូវគំរូនៃស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Apple នេះហើយ ដោយមានអេក្រង់ខាងក្នុងទំហំ 7.7 អ៊ីងនៅពេលដែលបើក និងទំហំ 5.5 អ៊ីងនៅពេលបត់។ អេក្រង់នេះ ត្រូវបានគេបញ្ជាក់ថា គឺមានទំហំតូចជាងពាក្យចចាមអារ៉ាមមុននេះ ដែលធ្លាប់បានបញ្ជាក់ថា អេក្រង់គោលរបស់ស្មាតហ្វូននេះមានទំហំ 7.8 អ៊ីង។

បើមើលទៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 7 របស់ក្រុមហ៊ុន Samsung ដែលចេញលក់នៅលើទីផ្សារ មានអេក្រង់ខាងក្នុងទំហំ 8 អ៊ីង និងអេក្រង់ខាងក្រៅទំហំ 6.5 អ៊ីង។ បើមើលទៅលើស្មាតហ្វូន OPPO Find N5 របស់ក្រុមហ៊ុន OPPO គឺមានអេក្រង់បត់បានទំហំ 8.12 អ៊ីង ។
តាមការបញ្ជាក់ចេញពីរបាយការណ៍ជាច្រើនបានអោយដឹងថា ស្មាតហ្វូន iPhone Fold នេះនឹងមានកម្រិត 4:3 aspect ratio ដែលមានទំហំដូចគ្នាទៅនឹងថេប្លេត iPad Mini។ ក្រុមហ៊ុន Apple មានគោលដៅផ្តោតទៅលើបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យជាជាងការព្យាយាមក្នុងការប្រជែងជាមួយនឹងស្មាតហ្វូនបត់បានជាច្រើនទៀតនៅលើទីផ្សារនោះ។

នៅលើការបែកធ្លាយរបស់ Digital Chat Station បានបន្ថែមទៀតថា ស្មាតហ្វូន iPhone Fold នេះ អាចនឹងមានកម្រាស់ចន្លោះ 9mm និង 9.5mm ក្រាស់ជាងស្មាតហ្វូន Samsung Fold ដែលមានកម្រាស់ 8.9mm ប៉ុណ្ណោះ។ អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Apple បានត្រៀមខ្លួនបញ្ចេញស្មាតហ្វូនបត់បានរបស់ខ្លួននៅឆ្នាំក្រោយនេះហើយ៕
