ស្វែងរកពួកយើង:

ឥណ្ឌា ចេញឡាន SUV ថ្មីប្រើម៉ាស៊ីន Turbo ដាក់ Option ទំនើបៗច្រើន និងមានតម្លៃមិនដល់ 7 ពាន់ដុល្លារទេ

ដោយ

Koun Jab Luffy

24 មករា 2026 01:33 រសៀល

អាន 2 នាទី

Article image
នេះគឺជាឡាន Tata Punch ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសឥណ្ឌា ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $6,200 ប៉ុណ្ណោះ ប៉ុន្តែមានរូបរាងទាន់សម័យ និងបានបំពាក់ Option ទំនើបៗជាច្រើន។ ឡាន SUV របស់ឥណ្ឌាមួយនេះ ប្រើម៉ាស៊ីនសាំង ចំណុះ 1.2L TUrbo ទំហំ 3 ស៊ីឡាំង មានកម្លាំង 118 HP ដំណើរការដោយប្រអប់លេខដៃ 6 វគ្គមកស្តង់ដារតែម្តង និងប្រព័ន្ធបើកបរប៉ុង 1 (FWD)។
វាក៏មានជម្រើសម៉ាស៊ីនសាំង ចំណុះ 1.2L កម្លាំង 87 HP មួយទៀត ខណៈប្រភេទអគ្គិសនីសុទ្ធ ក៏នឹងមានវត្តមាននៅពេលអនាគត ផងដែរ។ បើនិយាយពីការឌីហ្សាញវិញ ឡាន Tata Punch មានការរចនាបែបទាន់សម័យ ដោយបំពាក់ចង្កៀងមុខ LED អមដោយអំពូល Daytime Running Light បែបស្លីមមួយឆ្នូត និង កាងមុខបែបជ្រុងៗ មើលទៅរៀងកាច ផងដែរ។
Article image
ចំណែកឯផ្នែកខាងក្រោយ វាក៏បានបំពាក់ស្តុប LED ទ្រវែង លាតពេញផ្នែកខាងក្រោយ ហៅថា ​Infinity Glow LED Bar អមដោយយ៉ាន់កង់ទំហំ 16 អ៉ីញ ជាប្រភេទអាលុយមីញ៉ូម ផងដែរ។ ឡាន SUV នេះ មានប្រវែងតួខ្លួន 3.82m និង កម្ពស់ពីបាតឡានទៅដី 193mm អនុញ្ញាតឲ្យវាអាចជិះកាត់ទឹកបានជម្រៅ 400mm ទៀតផង។
Article image
ថ្វីបើមានតម្លៃធូរថ្លៃមែន ប៉ុន្តែឡាន SUV នេះ បានបំពាក់ Option ទំនើបៗច្រើន ដូចជា អេក្រង់កម្សាន្ត Touchscreen ទំហំ 10.25 អ៉ីញ អមដោយកុងទ័រឌីជីថល ទំហំ 7 អ៉ីញ និង ដៃចង្កូតរចនាបែប 2 កាំ ក៏ដូចជា ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ, ដំបូលកញ្ចក់ Sunroof, កន្លែងសាកថ្មទូរសព្ទឥតខ្សែ, Speaker 8 គ្រាប់, ពោងសុវត្ថិភាព 6 គ្រាប់ និង មុខងារ ADAS ជាច្រើន ផងដែរ៕
ឥណ្ឌា ចេញឡាន SUV ថ្មីប្រើម៉ាស៊ីន Turbo ដាក់ Option ទំនើបៗច្រើន និងមានតម្លៃមិនដល់ 7 ពាន់ដុល្លារទេ