
នៅពេលនេះ ការបែកធ្លាយ និងការចុះបញ្ជីរបស់ស្មាតហ្វូនជំនាន់ថ្មី vivo X100s ត្រូវបានគេចែកចាយនៅលើអនឡាញជាច្រើនរួចមកហើយ។ មកដល់ថ្ងៃនេះ គឺនៅសល់តែការប្រកាសចេញលក់ជាផ្លូវការតែប៉ុណ្ណោះ។ នៅពលេនេះ Han Boxiao ដែលជាប្រធានផលិតផល Vivo ប្រចាំប្រទេសចិន បានប្រកាសពីវត្តមានរបស់ X100s ហើយ។ លោកប្រធានរូបនេះ មិនបានទម្លាយនូវព័ត៌មានណាមួយពីស្មាតហ្វូននេះនៅឡើយទេ។ ប៉ុន្តែលោកបានប្រកាសពីព័ត៌មានថ្មីមួយថា នៅលើស្មាតហ្វូននេះ នឹងមានការបំពាក់នូវមុខងារកាមេរ៉ាថ្មី ដែលមានឈ្មោះថា “Four Seasons Portrait” mode។
សម្រាប់មុខងារនេះ គឺនឹងមានការគាំទ្រដោយបច្ចេកវិទ្យាសប្បនិមិ្មត AI image processing ដែលមានសមត្ថភាពអាចធ្វើការផ្លាស់ប្តូរទៅលើពណ៌ផ្ទៃខាងក្រោយទៅតាមរដូវកាលចំនួន 4 ដែលមានដូចជា spring, summer, autumn និង winter។ នៅក្នុងនោះលោក Boxiao ក៏បានបង្ហាញនូវគំរូរូបភាពដែលបញ្ជាក់ពីមុខងារថ្មីនេះផងដែរ។ ជាមួយនិងការផ្លាស់ប្តូរទៅលើផ្ទៃខាងក្រោយនៃរូបភាពនេះ មុខងារនេះ ក៏នឹងជួយកែប្រែទៅលើពន្លឺផ្ទៃមុខរបស់មនុស្សដែលជា Subject របស់រូបភាព ផ្អែកតាមរដូវកាលនីមួយៗទៀតផង។ យោងតាមលោក Boxiao បានអោយដឹងថា មុខងារនេះ គឺជាផ្នែកមួយនៃបច្ចេកវិទ្យា Vivo AIGC imaging technology។
ស្មាតហ្វូននេះត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់ប្រព័ន្ធកាមេរ៉ាដូចគ្នាជាមួយនិងស្មាតហ្វូន Vivo X100 អញ្ចឹងដែរ គឺនឹងមានចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 50MP f/1.6 និងអមដំណើរដោយគ្រាប់ទីពីរដែលប្រើប្រាស់ឡែន 15mm ultra-wide lens ហើយនិងមួយគ្រាប់ទៀតជាឡែន 70mm periscope telephoto lens ដែលអាចធ្វើការងារបានចាប់ពី 15mm ទៅ 70mm។ សូមជំរាបថា កន្លងមក Vivo X100s ក៏ធ្លាប់ត្រូវបានគេទម្លាយចេញនូវរូបភាពផ្លូវការ real-life images ហើយថែមទាំងបានបង្ហាញពីការបោះបង់នូវអេក្រង់គែមកោង មកជាអេក្រង់រាបស្មើរ។

ស្មាតហ្វូនថ្មីៗនេះ នឹងរត់នៅលើបន្ទះឈីប Dimensity 9300 Plus។ សូមជំរាបថា នៅលើ 3C certification បង្ហាញថា ស្មាតហ្វូននេះ នឹងមានការបំពាក់នូវកម្លាំងសាក 120W charging។ ជាមួយគ្នានេះក៏មានការបញ្ជាក់ថា Vivo X100s អាចនឹងមានការបង្ហាញវត្តមាននៅខែឧសភាខាងមុខនេះដូចគ្នា។ ក្នុងនោះក៏មានពាក្យចចាមអារ៉ាមថា ស្មាតហ្វូននេះ នឹងបង្ហាញវត្តមានជាមួយនិង Vivo X100s Pro ហើយនិង X100 Ultra ផងដែរ។
