ក្រុមហ៊ុនលក់រថយន្ត HIMA របស់ Huawei បានធ្វើការប្រកាសដាក់លក់រថយន្ត SUV ប្រណីតម៉ូដែលថ្មីម៉ាក Aito M9 ឆ្នាំ 2026 ជាផ្លូវការណ៍ដោយមានជម្រើសបីម៉ូដែល គឺ Max+, Ultra និង Ultimate Extended Edition ដែលមានតម្លៃចាប់ពីខ្ទង់ $70,600 ដល់ $97,000 នៅទីផ្សារប្រទេសចិន។ Aito M9 ម៉ូដែលថ្មីនេះ មានជម្រើសប្រើអគ្គិសនីសុទ្ធ និងម៉ូដែល Range-extended ជាមួយជម្រើសមាន 4-កៅអី, 5-កៅអី និង 6-កៅអី។

 Aito M9 ម៉ូដែលថ្មីមានជម្រើសទំហំតួរខ្លួនពីរផ្សេងគ្នា គឺម៉ូដែលមានប្រវែង 5,285mm/ ទទឹង 2,026mm/ កំពស់ 1,845mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,125mm ខណៈមួយខ្នាតទៀត គឺមានប្រវែងតួរខ្លួនដល់ 5,402mm/ ទទឹង 2,026mm/ កំពស់ 1,845 និងគម្លាតកង់មុខទៅកង់ក្រោយ 3,236mm។ សម្រាប់ជម្រើសពណ៌វិញ គឺមានដូចជា ពណ៌ត្នោត “Desert Gold Brown”, ពណ៌ខៀវ “Sayram Blue”, និងពណ៌ប្រាក់បែកខៀវ “Canghai Silver Blue”។

នៅលើម៉ូដែល Aito M9 range-extended បានបំពាក់មកជាមួយម៉ាស៊ីនសាំង 1.5T និងម៉ូទ័រអគ្គិសនីពីរ ដែលអាចផលិតកម្លាំងសរុបបានដល់ 497kW (667hp)។ ម៉ូដែលនេះមាន range បើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 340km និង 422km ហើយបើគូបជាមួយម៉ាស៊ីនចាក់សាំងពេញអាចបើកបានចម្ងាយដល់ 1,405km។ សម្រាប់ម៉ូដែល Aito M9 Pure-electric វិញ គាំទ្រនូវបច្ចេកវិទ្យាភ្លើងកម្លាំងខ្លាំងដល់ 8V high-voltage ភ្ជាប់មកជាមួយកញ្ចប់ថ្មទំហំ 120kWh របស់ CATL ហើយការសាកភ្លើងពេញម្តងអាចបើកបានចម្ងាយដល់ 750km តាមស្តង់ដារ range-CLTC។ ម៉ូដែលអគ្គិសនីសុទ្ធនេះ អាចជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ចាយពេលប្រមាណ 4.5 វិនាទី។

ចំនែកម៉ូដែលកំពូល Aito M9 Ultimate Extended Edition វិញ បានបំពាក់មកជាមួយម៉ាស៊ីនសាំង 2.0T សម្រាប់ range-extended និងម៉ូទ័រអគ្គិសនីចំនួន 3 គ្រាប់អាចផលិតកម្លាំងសរុបបានដល់  664kW (890hp) ជាន់ល្បឿនស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 3.99 វិនាទី និងអាចជាន់ល្បឿនលឿនបំផុត “Top speed” បានដល់ 251km/h។ Aito M9 ម៉ូដែលថ្មីប្រើប្រាស់ស្ថាបត្យកម្មប្រព័ន្ធគ្រោងឆ្អឹង Huawei Tuling active platform ដែលមានភ្ជាប់មកជាមួយនៅប្រព័ន្ធប៉ូម dual-chamber air suspension, CDC dampers, និង rear-wheel steering system កម្រិតបត់បាននៅមុំ ±8° ដែលផ្តល់ឲ្យការបត់ត្រឡប់ក្រោយរបស់រថយន្តប្រវែង 5.4m បានខ្លីត្រឹមប្រវែង 5.1m។

ចូលមកផ្នែកខាងក្នុងរបស់ Aito M9 ម៉ូដែលឆ្នាំ 2026 ត្រូវបានដាក់ឲ្យដំណើរការនៅលើប្រព័ន្ធ Harmony Cockpit 5.2 system ដែលមានភ្ជាប់មកជាមួយបច្ចេកវិទ្យាប្រើប្រាស់ទំនើបឆ្លាតវៃ Pangu និង DeepSeek large models។ នៅខាងក្នុងរបស់ Aito M9 ថ្មីមានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ចំនួនបីក្នុងនោះមានអេក្រង់បង្ហាញព័ត៌មានរថយន្តក្រោយដៃចង្កូតទំហំ 12.3-inch និងអេក្រង់កម្សាន្តទំហំ 17.3-inch កម្រិត 3.4K ចំនួនពីរ។ បន្ថែមពីនេះ ក៏មានជម្រើស Option ដែលមានបំពាក់នូវប្រព័ន្ធអេក្រង់ retractable projection screen ទំហំ 32-inch ជាមួយបច្ចេកវិទ្យាបំពងសំឡេង Huawei Sound System កម្លាំង 2,920W ថែមទៀតផង។

ទៅលើប្រព័ន្ធជំនួយការសុវត្ថិភាពក្នុងការបើកបរនៅលើ Aito M9 ម៉ូដែលថ្មីនេះ គឺគាំទ្រដោយបច្ចេកវិទ្យាឆ្លាតវៃ Huawei Qiankun ADS 5.0 system ភ្ជាប់ដំណើរការដោយសែនស័រ LiDAR ចំនួន 6 គ្រាប់, millimeter-wave radar 5 គ្រាប់, Ultrasonic 12 គ្រាប់ និងសែនស័រកាមេរ៉ា 12 គ្រាប់ ដែលគាំទ្រដល់មុខងារ full-scenario “car-to-car” navigation និង advanced parking។

ចំពោះប្រព័ន្ធសុវត្ថិភាព និងភាពធន់រឹងមាំនៅលើ Aito M9 ម៉ូដែលថ្មីនេះ គឺត្រូវបានក្រុមហ៊ុនធ្វើការពង្រឹងទៅលើស្ថាបត្យកម្មផលិតកម្រិត Xuanwu Architecture 2.0 ដោយ 91% នៃតួររថយន្តត្រូវបានផ្សំឡើងពីដែកថែបកម្រិតខ្ពស់ high-strength steel និងយ៉ាន់អាលុយមីញ៉ូមរចនាបែបស្ព័រ។ ផ្នែកសំខាន់ៗផ្សេងទៀត មានដូចជាសសរគ្រោងរថយន្តរចនាជាទម្រង់ A និង B-pillar ដោយប្រើប្រាស់ដែកថែបដែលប្រើសម្រាប់ការផលិតនាវាមុជទឹកដែលធន់នឹងកម្លាំងសង្កត់ដល់ 2,200MPa៕