ស្វែងរកពួកយើង:

Apple កំពុងតែស្វែងរកវិធីសាស្រ្តថ្មីៗដើម្បីបង្កើនការលក់ iPhones ប្រជែងជាមួយ Huawei

ដោយ

Koun Jab Luffy

06 មករា 2025 03:26 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុន Huawei ហាក់ដូចជាមិនទាន់បញ្ចេញនូវយុទ្ធនាការទីផ្សារថ្មីរបស់ខ្លួននោះទេ នៅក្នុងប្រទេសចិន ខណៈពេលដែលក្រុមហ៊ុន Apple ស្វែងរកនូវវិធីសាស្រ្តថ្មីៗ ដើម្បីបង្កើនទៅលើការលក់ iPhones នៅក្នុងប្រទេសចិន។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកនេះ បានព្យាយាមនៅក្នុងការតាមអតិថិជនរបស់ខ្លួនជាមួយនឹងយុទ្ធនារការចុះតម្លៃដ៏កម្ររមួយទៅលើផលិតផលជាច្រើនរបស់ខ្លួន។ ក្រុមហ៊ុន Apple បាននឹងកំពុងតែធ្វើការចុះតម្លៃដ៏ទាក់ទាញទៅលើស្មាតហ្វូន iPhone 16 Series នៅក្នុងប្រទេសចិន។
ថ្មីៗនេះ ក្រុមហ៊ុនទើបតែប្រកាសទៅលើព័ត៌មាននេះ នៅលើវេបសាយផ្លូវការរបស់ខ្លួន ដើម្បីរៀបចំនូវព្រឹត្តិការណ៍ចុះតម្លៃមួយចាប់ពីថ្ងៃទី 4 ខែមករានេះដល់ថ្ងៃទី 7 ខែមករានេះ ទៅលើម៉ូដែលថ្មីៗរបស់ខ្លួន។ ក្រុមហ៊ុននេះ ក៏ចុះតម្លៃទៅលើ iPads និង MacBooks នៅក្នុងយុទ្ធនាការនេះ។ អតិថិជនអាចនឹងទទួលបាននូវការចុះថ្លៃដល់ទៅ 800 យ៉ន់ ($109) ទៅលើការទិញផលិតផល Apple នៅក្នុងរយៈពេលដែលកំណត់នេះ។ បើមើលទៅលើស្មាតហ្វូន  iPhone 16 series ដែលមានម៉ូដែល Standard និង iPhone 16 Plus គឺមានការចុះថ្លៃដល់ទៅ 400 យ៉ន់ ($54) ខណៈពេលដែលម៉ូដែល Pro គឺមានការចុះថ្លៃដល់ទៅ 500 យ៉ន់ ($68)។
អតិថិជនអាចចូលទៅកាន់វេបសាយផ្លូវការរបស់ក្រុមហ៊ុននេះ ឬហាង Apple Stores ដើម្បីទិញស្មាតហ្វូននេះ។ ក្រុមហ៊ុន Apple បានធ្វើការបោះជំហាននេះបន្ទាប់ពីក្រុមហ៊ុន Huawei ចុះថ្លៃទៅលើម៉ូដែល high-end របស់ខ្លួន។ ជំនួសអោយការចុះថ្លៃពី 500 ឬ 800 យ៉ន់ នោះ ក្រុមហ៊ុននេះបានចុះថ្លៃដល់ទៅ Pura 70 Ultra ដល់ទៅ 2000 យ៉ន់ ។ ម៉ូឌែលមួយចំនួនក៏មានការចុះថ្លៃដល់ទៅ 3000 យ៉ន់ ផងដែរ។
វាហាក់ដូចជាក្រុមហ៊ុន Apple ចម្លងតាមក្រុមហ៊ុន Huawei ដើម្បីបង្កើនទៅលើការលក់iPhone នៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះក៏កំពុងតែតស៊ូជាមួយនឹងការប្រជែងជាច្រើននៅក្នុងទីផ្សារនៅក្នុងប្រទេសចិន។ ពេលនេះ ស្មាតហ្វូន Mate XT និង Mate 70 series កំពុងតែកាន់កាប់ទៅលើភាគហ៊ុនជាច្រើនរបស់ Apple នៅក្នុងប្រទេសនេះ។
Article image
របាយការណ៍ថ្មីៗនេះ បានអះអាងថា ការលក់ iPhones នៅក្នុងប្រទេសចិន មានការធ្លាក់ចុះដល់ទៅ 47% នៅក្នុងខែវិច្ឆិកាឆ្នាំ 2024 នេះបើធៀបទៅនឹងឆ្នាំ 2023 ។ ក្រុមហ៊ុននេះមានការនាំចេញស្មាតហ្វូនត្រឹមតែ 3.04 លានគ្រឿងដែលនេះគឺជាតួរលេខទាបបំផុតចាប់តាំងពីខែកញ្ញាឆ្នាំ 2023 មក។ ក្រុមហ៊ុនHuawei និងក្រុមហ៊ុនជាច្រើនទៀតរបស់ចិនក៏ចាប់ផ្តើមមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងប្រជែងទៅនឹង Apple ផងដែរ។ យ៉ាងណាមិញ សម្រាប់ទីផ្សារសកល ក្រុមហ៊ុន Apple នៅតែធ្វើបានយ៉ាងល្អដែលតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះគឺច្រើនជាង 3.686 ទ្រីលានដុល្លារផងដែរ៕