
ការឌីស្សាញស្មាតហ្វូនជំនាន់ថ្មីៗដែលយើងបានឃើញនាពេលកន្លងមកនេះ គឺមិនមែនឌីស្សាញឡើងដោយក្រុមហ៊ុនផលិត ស្មាតហ្វូនតែម្នាក់ឯងនោះទេ ក្រុមហ៊ុនមួយចំនួនក៏មានការជួលក្រុមហ៊ុនអ្នកឌីស្សាញមកពីខាងក្រៅផងដែរ។ ថ្មីៗនេះ យោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយពីស្ថាប័ន Counterpoint Research គឺមានការបង្ហាញអំពីក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួនដែលពឹងផ្អែកខ្លាំងទៅលើក្រុមហ៊ុនឌីស្សាញខាងក្រៅហើយ។
បើតាមការបញ្ជាក់នៅក្នុងឆមាសទី 1 ឆ្នាំ 2024 នេះ ក្រុមហ៊ុន Motorola ត្រូវបានគេមើលឃើញថា មានក្រុមការងារឌីស្សាញខាងក្រៅច្រើនជាងគេ ដែលមានដល់ទៅ 90% ដែលធ្វើការការឌីស្សាញស្មាតហ្វូនរបស់ខ្លួនតាមរយៈភាគីទី 3 ។ សម្រាប់ក្រុមហ៊ុន Xiaomi វិញ គឺមានក្រុមការងារឌីស្សាញខាងក្រៅចំនួន 78% ខណៈដែល ក្រុមហ៊ុន Vivo គឺមានក្រុមការងារឌីស្សាញខាងក្រៅចំនួន 52% ។

និន្នាការថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបន្តកើតឡើងទៀតដែលស្ថាប័ន Counterpoint បានព្យាករណ៍ថា នឹងមានការកើនឡើង 6% នៅកក្នុងទីផ្សារសម្រាប់ការឌីស្សាញស្មាតហ្វូនខាងក្រៅនេះនៅក្នុងឆមាសទី 1 ឆ្នាំ 2024 នេះ។ វាក៏មានការកើនឡើងទៅលើការឌីស្សាញកាន់តែច្រើនទៀតទៅលើស្មាតហ្វូនលំដាប់ថវិកា និងស្មាតហ្វូនថ្នាក់កណ្តាលចេញពីក្រុមហ៊ុនម៉ាកយីហោជាច្រើនរបស់ចិន។
បើមើលទៅលើក្រុមហ៊ុនធំៗមួយចំនួនទៀតដូចជា ក្រុមហ៊ុន Huawei គឺមានក្រុមការងារឌីស្សាញខាងក្រៅប្រហែលជា 44% ដែលធ្វើការឌីស្សាញទៅលើស្មាតហ្វូនរបស់ខ្លួន ខណៈដែលក្រុមហ៊ុន Honor និង Oppo គឺមានចំនួន 40% និង 39% ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺក្រុមហ៊ុន Apple មិនការអ្នកឌីស្សាញមកពីខាងក្រៅនោះទេ ។

ក្រុមហ៊ុន Apple នៅតែបន្តក្នុងការប្រើប្រាស់នូវការឌីស្សាញចេញពីក្រុមការងារខាងក្នុងរបស់ខ្លួន ដើម្បីគ្រប់គ្រងទៅលើដំណើរការទាំងស្រុងនៃស្មាតហ្វូន iPhones របស់ខ្លួន។ សម្រាប់ក្រុមហ៊ុន Samsung គឺមានក្រុមការងារខាងក្រៅចំនួន 22% ទៅលើការឌីស្សាញនេះសម្រាប់ត្រីមាសទី 1 ឆ្នាំ 2024 នេះ។ ចំនួននេះ គឺអាចនឹងមានការធ្លាក់ចុះ។ Counterpoint បានព្យាករណ៍ថា ការកើនឡើងនៅក្នុងទីផ្សារឌីស្សាញស្មាតហ្វូនខាងក្រៅសម្រាប់ឆមាសទី 1 ឆ្នាំ 2024 នេះ គឺអាចនឹងមានប្រហែលជា 6%៕
