ស្វែងរកពួកយើង:

Apple ចាប់ផ្តើមបញ្ចូនស្តុកចេញពីចិន និងឥណ្ឌាទៅកាន់អាមេរិក ដើម្បីគេចពីថ្ងៃកំណត់ពន្ធរបស់លោក Trump

ដោយ

Koun Jab Luffy

11 មេសា 2025 11:11 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅក្នុងដំណើរការថ្មីនៃផ្លាស់ប្តូរដ៏ធំមួយ ដើម្បីគេចផុតពីពន្ធនាំចូលថ្មីរបស់អាមេរិក នៅក្នុងពេលត្រឹមតែ 3 ថ្ងៃនេះ ក្រុមហ៊ុន Apple បានធ្វើការដឹកជញ្ជូន iPhone និងផលិតផលជាច្រើនទៀតចំនួន 5 យន្តហោះពេញៗចេញពីប្រទេសចិន និងឥណ្ឌាទៅកាន់ប្រទេសអាមេរិក នេះបើតាមរបាយការណ៍មួយចេញពី The Times of India។ តាមការបញ្ជាក់ចេញពីមន្ត្រីជាន់ខ្ពស់របស់ប្រទេសឥណ្ឌា បានអោយដឹងថា ភាពបន្ទាន់នៃការផ្លាស់ប្តូរទៅលើស្តុកទៅកាន់សហរដ្ឋអាមេរិកនេះ គឺពាក់ព័ន្ធទៅនឹងពន្ធថ្មីចំនួន 10% ដែលរដ្ឋបាលរបស់លោក Trump បានប្រកាសកាលពីថ្ងៃទី 5 ខែមេសានេះ។
ការផ្លាស់ប្តូរស្តុកភ្លាមៗនៅក្នុងចំនួនដ៏ច្រើននេះ ត្រូវបានគេបញ្ជាក់ថា គឺពិតជាមិនធម្មតានោះទេនៅក្នុងឧស្សាកម្មបច្ចេកវិទ្យា និងផលិតផលអេឡិចត្រូនិក។ សូមជំរាបថា នៅចុងត្រីមាសទី 1 សម្រាប់ការដឹកជញ្ជូនគ្រឿងអេឡិចត្រូនិកនៅលើទីផ្សារសកល គឺមានការថយចុះ។ យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ចេញពី TOI ធ្លាប់បាននិយាយថា ក្រុមហ៊ុន Apple គឺព្យាយាមក្នុងការរក្សានូវតម្លៃលក់រាយអោយស្ថិតនៅក្នុងតម្លៃដដែលយូរបំផុតតាមអ្វីដែលខ្លួនអាចធ្វើបាន។
ការផ្លាស់ប្តូរស្តុកទ្រង់ទ្រាយធំនេះ គឺមិនមានរឿងអ្វីក្រៅពីការឆ្លើយតបទៅនឹងការដាក់ពន្ធថ្មី ដោយរដ្ឋបាលសហរដ្ឋអាមេរិកនោះទេ ហើយក្រុមហ៊ុន ក៏មានគោលដៅមិនចង់អោយមានតម្លៃកើនឡើងបន្ថែមសម្រាប់អ្នកប្រើប្រាស់ចុងក្រោយផងដែរ។ នៅពេលនេះ ក្រុមហ៊ុន Apple គឺមានស្តុកគ្រប់គ្រាន់នៅក្នុងសហរដ្ឋអាមេរិកដើម្បីទ្រទ្រង់ទៅលើតម្រូវការទីផ្សារនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដើម្បីកុំអោយមានការកើនឡើងទៅលើតម្លៃណាមួយទៅលើផលិតផលរបស់ខ្លួន។
Article image
អ្វីដែលគួរអោយកត់សម្គាល់នោះ ក្រុមហ៊ុន Apple នេះ នៅមិនទាន់មានគម្រោងក្នុងការបង្កើនទៅលើតម្លៃរបស់ស្មាតហ្វូននេះភ្លាមៗនោះទេ រួមទាំងតម្លៃនៅក្នុងប្រទេសជាច្រើនទៀតដូចជាប្រទេសចិន និងឥណ្ឌាជាដើម។ ប៉ុន្តែក្រុមហ៊ុននេះក៏មិនទាន់អាចធានាបាននោះទេ ប្រសិនបើស្តុកនៅក្នុងសហរដ្ឋអាមេរិកអស់ នៅក្នុងពេលណាមួយឆាប់ៗនេះនោះ។ គួរបញ្ជាក់ផងដែរថា រដ្ឋបាលរបស់លោក Trump ក៏បានជម្រុញអោយក្រុមហ៊ុន TSMC ធ្វើការបង្កើតនូវរោងចក្រផលិតនៅក្នុងសហរដ្ឋអាមេរិកផងដែរ៕
Apple ចាប់ផ្តើមបញ្ចូនស្តុកចេញពីចិន និងឥណ្ឌាទៅកាន់អាមេរិក ដើម្បីគេចពីថ្ងៃកំណត់ពន្ធរបស់លោក Trump