
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនកម្រ៉ាស់ស្តើង iPhone Air 2 នៅក្នុងនិទាឃរដូវឆ្នាំ 2027 ខាងមុខនេះហើយ នេះបើតាមរបាយការណ៍ថ្មីមួយចេញពីលោក Mark Gurman ដែលជាអ្នកវិភាគរបស់សារព័ត៌មាន Bloomberg។ ស្មាតហ្វូនថ្មីនេះ នឹងស្ថិតនៅក្នុងគម្រោងស្មាតហ្វូនស្តើងរបស់ក្រុមហ៊ុននេះ ហើយស្មាតហ្វូនថ្មីនេះ ក៏នឹងបំពាក់នូវបន្ទះឈីប 2-nanometer ដំបូងបំផុតរបស់ក្រុមហ៊ុន Apple ដែលមានការពង្រឹងទៅលើថាមពលថ្ម និងប្រសិទ្ធិភាពកាន់តែខ្លាំងក្លាថែមទៀតផង។
សូមជំរាបថា ក្រុមហ៊ុន Apple បានពន្យារពេលក្នុងការប្រកាសចេញស្មាតហ្វូន iPhone Air 2 ផងដែរដោយសារតែស្ថានភាពនៃការលក់ទៅលើស្មាតហ្វូនម៉ូដែលទី 1 នេះ។ យ៉ាងណាមិញ ក្រុមហ៊ុន Apple អាចនឹងពន្យារពេលនៃការប្រកាសស្មាតហ្វូនជំនាន់ថ្មីនេះដល់ទៅ 6 ខែ ដែលការប្រកាសជាផ្លូវការអាចនឹងធ្វើឡើងនៅនិទាឃរដូវឆ្នាំ 2027 ខាងមុខនេះ។ តាមរបាយការណ៍ចុងក្រោយបំផុតចេញពីលោក Gurman បានបញ្ជាក់ថា ស្មាតហ្វូន iPhone Air 2 នេះ មិនត្រឹមតែមានការឌីស្សាញរូបរាងថ្មីនោះទេ ក្រុមហ៊ុន Apple អាចនឹងផ្តោតទៅលើការពង្រឹងទៅលើថាមពលថ្មរបស់ស្មាតហ្វូននេះផងដែរ។

ក្រុមហ៊ុន Apple អាចនឹងបន្តក្នុងការបន្ថែមនូវកាមេរ៉ាទី 2 សម្រាប់ការថតមុខងារ ultrawide ទៀតផង។ ក្រុមហ៊ុន Apple មានគម្រោងក្នុងការលក់ iPhone Air ត្រឹមតែ 6% ទៅ 8% នៃការលក់ iPhone ដែលនេះ ស្រដៀងគ្នាទៅនឹងអ្វីដែលស្មាតហ្វូន iPhone 16 Plus សម្រេចបានអញ្ចឹង។ ក្រុមហ៊ុន Apple កំពុងតែប្រើប្រាស់នូវ iPhone Air ដើម្បីតេស្តទៅលើសមាសភាគជាច្រើន និងការឌីស្សាញសម្រាប់ស្មាតហ្វូន iPhone ដែលអាចបត់បាននាពេលខាងមុខនេះ។ ស្មាតហ្វូន Air នេះ អាចនឹងក្លាយជាទម្រង់នៃស្មាតហ្វូនដែលអាចបត់បាននាពេលខាងមុខនេះ ហើយក្រុមហ៊ុន Apple ក៏ចាប់ផ្តើមសាកល្បងទៅលើផ្នែកសង្វាក់ផលិតកម្ម និងដំណើរការវិស្វកម្មផងដែរ៕
