
Apple ធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានទី 2 ខណៈដែល iPhone Ultra មិនទាន់បានប្រកាសចេញនៅឡើយ
នៅមុនការប្រកាសជាផ្លូវការទៅលើស្មាតហ្វូនបត់បាន iPhone Ultra នៅពេលនេះ ក្រុមហ៊ុន Apple បានចាប់ផ្តើមធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ទី 2 របស់ខ្លួនទៀតហើយ។ មកដល់ពេលនេះ ក្រុមហ៊ុនអាមេរិកាំងមួយនេះ បានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការបញ្ចេញស្មាតហ្វូនបត់បានជំនាន់ទី 1 និងបានត្រៀមបញ្ចេញនូវស្មាតហ្វូនបត់បានជំនាន់ទី 2 ផងដែរ។
យោងតាមអ្នកទម្លាយ @DigitalChatStation ដែលបានទម្លាយនៅលើ Weibo បានបញ្ជាក់ថា ក្រុមហ៊ុន Apple គឺបានចាប់ផ្តើមធ្វើការនៅលើស្មាតហ្វូនបត់បានជំនាន់ទី 2 របស់ iPhone Ultra ហើយ។ ប្រភពខាងលើនេះ បង្ហើបថា គឺដើម្បីកាត់បន្ថយទៅលើតម្លៃនៃការផលិតស្មាតហ្វូនជំនាន់ថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple អាចនឹងបន្តប្រើប្រាស់នូវអេក្រង់បត់បាន ដែលធ្លាប់ប្រើនៅលើស្មាតហ្វូន iPhone ជំនាន់ទី 1 សម្រាប់ស្មាតហ្វូនបត់បានជំនាន់ទី ២ របស់ខ្លួន។
និយាយពីលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូនបត់បាន iPhone Ultra គឺនឹងប្រើប្រាស់នូវអេក្រង់បត់បានថ្មី LTPO OLED ជាមួយនឹងបច្ចេកវិទ្យា ProMotion ហើយអេក្រង់គោលរបស់ស្មាតហ្វូននេះ គឺមានទំហំ 7.8 អ៊ីង ខណៈពេលដែលអេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះ គឺមានទំហំ 5.5 អ៊ីង។ អេក្រង់ទាំងពីរនេះ មានការទ្រទ្រង់នូវល្បឿន 120Hz high refresh rate ដូចគ្នា។

សូមជំរាបថា កន្លងមក មានការបែកធ្លាយជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Samsung អាចឹនងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ផ្តាច់មុខក្នុងការប្រើប្រាស់នូវអេក្រង់ M16 Display Panels សម្រាប់ស្មាតហ្វូន iPhone Ultra នេះ។ អេក្រង់នេះ ក៏ទ្រទ្រង់នូវ color filtering layer ហើយវាក៏កាត់បន្ថយទៅលើស្នាមផ្នត់នៃអេក្រង់ផងដែរ។ តាមការបញ្ជាក់នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះ អោយដឹងថា ក្រុមហ៊ុន Apple អាចនឹងបន្តក្នុងការប្រើប្រាស់នូវដំណោះស្រាយនៃអេក្រង់ដូចគ្នានេះ នៅលើស្មាតហ្វូនបត់បានជំនាន់ទី 2 ដូចគ្នា។

សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ នៅមិនទាន់ទម្លាយនៅឡើយទេ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏នៅមិនទាន់មានព័ត៌មានអំពី iPhone Air 3 នៅឡើយទេ ប៉ុន្តែក៏អាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូនបត់បានថ្មីនេះ ហើយផលិតផលថ្មីនេះ នឹងនាំយកនូវបច្ចេកវិទ្យា និងបទពិសោធន៍ដ៏អស្ចារ្យគ្មានគូប្រៀប៕
