ស្វែងរកពួកយើង:

Apple នឹងបង្ហាញចេញកណ្តឹងទ្វារផ្ទះឆ្លាតវៃ Smart Doorbell ភ្ជាប់មុខងារសុវត្ថិភាព Face ID នៅឆ្នាំ 2025

ដោយ

Koun Jab Luffy

25 ធ្នូ 2024 09:07 ព្រឹក

អាន 2 នាទី

Article image
កាលពីដើមឆ្នាំនេះ យើងបានលឺដំណឹងថា Apple នឹងហក់ចូលក្នុងទីផ្សារប្រព័ន្ធកាមេរ៉ាក្នុងផ្ទះឆ្លាតវៃ Smart Home Camera ហើយនៅពេលនេះលោក Mark Gurman មកពីស្ថាប័នសារព័ត៌មានល្បីឈ្មោះ Bloomberg បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនបិតាបច្ចេកវិទ្យា Cupertino របស់អាមេរិកមួយនេះ មានមហិច្ចតាក្នុងការចូលប្រឡូកក្នុងទីផ្សារបរិក្ខាប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃយ៉ាងពិតប្រាកដ។
ដោយពេលនេះ Apple ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសចេញនូវឧបករណ៍ឆ្លាតវៃ គឺកណ្តឹងទ្វារផ្ទះ ឬ Smart Doorbell ដំបូងរបស់ខ្លួនដែលគាំទ្រមុខងារសុវត្ថិភាព Face ID នៅឆ្នាំ 2025។ តាមរបាយការណ៍បានបញ្ជាក់ថា កណ្តឹងទ្វារផ្ទះឆ្លាតវៃដែលមានទំហំតូចច្រឡឹងរបស់ Apple នឹងធ្វើការដោះសោរផ្ទះដោយស្វ័យប្រវត្តិនៅពេលស្កែនផ្ទៃមុខជាមួយកាមេរ៉ាភ្ជាប់បច្ចេកវិទ្យា Face ID។
Article image
Apple គឺបានធ្វើការអភិវឌ្ឍន៍បន្ទះឈីបប្រភេទ Wireless Networking Chip ដែលមានឈ្មោះថា Proxima ដែលវាធានាបានថារូបភាពដែលបានធ្វើការទាក់ទងនឹងប្រព័ន្ធបច្ចេកវិទ្យា Face ID ត្រូវបានដំណើរការដោយផ្អែកទៅលើមូលដ្ឋាននៅលើឧបករណ៍។ ឧបករណ៍ថ្មីនេះក៏នឹងបម្រុងទុកទិន្នន័យរបស់វាទៅកាន់ iCloud ដែលអាចជាមធ្យោបាយដ៏ល្អសម្រាប់ Apple ក្នុងការបង្កើនប្រាក់ចំណូលពីការជាវ Smart Doorbell របស់ខ្លួន។
Article image
ជាមួយគ្នានេះ Apple នឹងផ្តល់ប្រព័ន្ធចាក់សោសុវត្ថិភាពឆ្លាតវៃដែលដំណើរការជាមួយនឹងកាមេរ៉ារបស់ខ្លួនឬអាចនឹងចាប់ដៃគូជាមួយផលិតផលដែលជាក្រុមហ៊ុនផលិតសោផ្ទះឆ្លាតវៃភាគីទីបីដែលអាចប្រើបានជាមួយ HomeKit ។ Apple ត្រូវបានគេរំពឹងថានឹ ងជ្រើសរើសសម្រាប់ប្រព័ន្ធ Thread smart home standard ផងដែរ។
លោក Gurman លើកឡើងថា កាមេរ៉ានៃកណ្ដឹងទ្វារឆ្លាតវៃរបស់ Apple នៅតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដំណាក់កាលដំបូងនៅឡើយ។ សម្រាប់កាមេរ៉ាកណ្ដឹងទ្វារឆ្លាតវៃរបស់ Apple អាចនឹងត្រូវបានភ្ជាប់ដោយ smart home hub ស្រដៀងគ្នាទៅនឹងឧបករណ៍ Nest Hub របស់ Google និង Echo Hub របស់ Amazon ដែរ។
តាមប្រភពព័ត៌មានចចាមអារាមបាននិយាយថា Apple នឹងបំពាក់អេក្រង់ទំហំ 6 អ៊ីង សម្រាប់ឧបករណ៍ smart hub device របស់ខ្លួន ព្រមជាមួយនឹងប្រព័ន្ធប្រតិបត្តិការថ្មី ក៏ដូចជាការបញ្ចូល Apple Intelligence ក្នុងការគ្រប់គ្រងផ្ទះឆ្លាតវៃ និងការគាំទ្រមុខងារ FaceTime ទៀតផង។ ជាមួយគ្នានេះ Apple ក៏នឹងនាំយកឧបករណ៍ Apple TV និង HomePod Mini ជំនាន់ថ្មីសម្រាប់ឆ្នាំ 2025 ជាមួយការធ្វើឲ្យកាន់តែមានភាពល្អប្រសើរឡើងផងដែរ៕