
ថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែបញ្ចេញនូវវីដេអូថ្មីមួយ ដែលមានការបង្ហាញថា គ្រប់គ្នាមិនចាំបាច់ប្រើប្រាស់នូវ case នោះទេសម្រាប់ស្មាតហ្វូន iPhone 16 របស់ខ្លួន។ នៅក្នុងខ្លឹមសារនៃការផ្សព្វផ្សាយថ្មីនេះ ក្រុមហ៊ុននេះ បានធ្វើការអួតអំពីកញ្ចក់អេក្រង់ Ceramic Shield របស់ iPhone ដោយមានការបង្ហាញយ៉ាងច្បាស់ថា ស្មាតហ្វូន គឺពិតជាមានភាពរឹងមាំខ្លាំងមែនទែន នៅពេលដែលជ្រុះធ្លាក់ គឺមិនមានស្នាមឆ្កូតនោះទេ។ នេះគឺជាលើកដំបូងបំផុតសម្រាប់ក្រុមហ៊ុន Apple ដែលមានការបង្ហាញនូវវីដេអូបែបនេះ ដែលនេះ អាចនឹងក្លាយជាចំណុចមួយនៃការលក់ស្មាតហ្វូននេះ។
នៅក្នុងវីដេអូផ្សព្វផ្សាយចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple នេះ គឺថែមទាំងមានការបង្ហាញអំពីទំនុកចិត្តនៃភាពធន់របស់ស្មាតហ្វូន iPhone 16 ទៀតផង។ វីដេអូខាងលើនេះ គឺមានការបង្ហាញអំពីការតេស្តអំពីការធ្លាក់ ហើយក៏មានការសារបង្ហាញអំពី Ceramic Shield ផងដែរ ដែលការបង្ហាញខាងលើនេះ បញ្ជាក់ថា អេក្រង់នេះ គឺពិតជារឹងមាំដោយមិនចាំបាច់ប្រើប្រាស់នូវសម្បកការពារនោះទេ។
សូមជំរាបថា មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ចិន ដូចជា OPPO និង Realme ក៏បានងាកទៅប្រើប្រាស់នូវ IP69 សម្រាប់បង្កើនទៅលើភាពធន់ទៅនឹងទឹក និងធូលី ហើយវាក៏មានការប្រើប្រាស់នូវកញ្ចក់ Corning Gorilla Armor 2 ដែលធានាទទៅលើភាពធន់នឹងការធា្លក់បានដល់ទៅ 2.2 ម៉ែត្រ។ ប៉ុន្តែបើនិយាយពីកញ្ចក់ Ceramic Shield របស់ស្មាតហ្វូន iPhone 16 នេះវិញ គឺមានភាពរឹងមាំខ្លាំងបំផុតដែលធន់ទៅនឹងការធា្លក់ និងស្នាមឆ្កូតបាន។ នៅក្នុងវីដេអូនេះ មិនមានការបង្ហាញថា តើក្រុមហ៊ុន Apple នឹងធ្វើការដោះស្រាយបែបណាទេ ប្រសិនបើកញ្ចក់នេះបែកនោះ៕
