ស្វែងរកពួកយើង:

Apple បន្តចាប់ដៃសហការជាមួយ Qualcomm ក្នុងការប្រើប្រាស់អាជ្ញាប័ណ្ណបន្ទះឈីបម៉ូឌឹមសេវា 5G រហូតដល់ឆ្នាំ 2027

ដោយ

Koun Jab Luffy

02 កុម្ភៈ 2024 12:53 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Qualcomm ដែលជាក្រុមហ៊ុនផលិត Semiconductor ដ៏ធំបំផុតរបស់ពិភពលោក ទើបតែបានធ្វើការចែករំលែកចេញនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួននៅត្រីមាសទីមួយក្នុងឆ្នាំ 2024 នេះ។ បើតាមរបាយការណ៍បានឲ្យដឹងថា Qualcomm រកប្រាក់ចំណូលបានចំនួនដល់ទៅ 9.92 ពាន់លានដុល្លារអាមេរិក និងប្រាក់ចំណេញទទួលបានចំនួន 2.77 ពាន់លានដុល្លារអាមេរិក។ ទាំងប្រាក់ចំណូល និងប្រាក់ចំណេញដែល Qualcomm  ទទួលបាន គឺលើកពីតួរលេខដែលបានរំពឹងទុក។
នៅក្នុងអំឡុងពេលនៃប្រកាសរបាយការណ៍ហិរញ្ញវត្ថុ នាយកប្រតិបត្តិ Qualcomm លោក Cristiano Amon បានបញ្ជាក់ច្បាស់ថា  Apple និង Qualcomm គឺបានបន្តកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណម៉ូដឹម 5G របស់ពួកគេរហូតដល់ខែមីនា ឆ្នាំ2027។ ការអភិវឌ្ឍន៍ថ្មីនេះ គឺបានកើតឡើងបន្ទាប់ពីក្រុមហ៊ុនទាំងពីរពីមុនបានរំពឹងថានឹងចាប់ដៃគូសហការក្នុងការប្រើប្រាស់ម៉ូដឹម Qualcomm 5G នៅលើឧបករណ៍ Apple ដល់ឆ្នាំ 2026។ ដោយសារតែ Apple កំពុងមានបញ្ហាប្រឈមជាច្រើននៅក្នុងដំណាក់នៃការអភិវឌ្ឍន៍បន្ទះឈីបម៉ូដឹម 5G ផ្ទាល់ខ្លួន បន្ទាប់ពី Apple បានទិញយកអាជីវកម្មម៉ូដឹមរបស់ Intel ទាំងស្រុងក្នុងឆ្នាំ 2019។
សម្រាប់ដំណើរការអភិវឌ្ឍបន្តះឈីបម៉ូដឹម 5G របស់ក្រុមហ៊ុនបិតាបច្ចេកវិទ្យា Cupertino របស់អាមេរិកមួយនេះបាននឹងកំពុងបន្តដំណើរក្នុងការអភិវឌ្ឍន៍ បើទោះបីជាមានឧបសគ្គច្រើនក៏ដោយ។ បើតាមរបាយការណ៍មួយចំនួនបានលើកឡើងថា Apple បានលុបចោលគម្រោងការអភិវឌ្ឍន៍បន្ទះឈីបម៉ូដឹម5G ទាំងស្រុង។ ប៉ុន្តែ បើតាមរបាយការណ៍ 10-Q របស់ក្រុមហ៊ុន Qualcomm បានដាក់ទៅ SEC បង្ហាញថា ក្រុមហ៊ុនជឿជាក់ថា Apple នឹងធ្វើការអភិវឌ្ឍ និងប្រើប្រាស់ម៉ូដឹម 5G របស់ខ្លួននៅពេលណាមួយក្នុងពេលអនាគត៕
Apple បន្តចាប់ដៃសហការជាមួយ Qualcomm ក្នុងការប្រើប្រាស់អាជ្ញាប័ណ្ណបន្ទះឈីបម៉ូឌឹមសេវា 5G រហូតដល់ឆ្នាំ 2027