
ចាប់ពីថ្ងៃនេះតទៅ iPhone 14, iPhone 14 Plus និង iPhone SE ជំនាន់ទី 3 ត្រូវបានដកចេញទាំងស្រុងពីហាង Online Store របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសភាគច្រើននៃទីផ្សារសហភាពអឺរ៉ុប ដោយសារតែបទប្បញ្ញត្តិដែលមានប្រសិទ្ធភាពភ្លាមៗដែលតម្រូវឱ្យប្រើប្រាស់ស្មាតហ្វូនដែលមានសមត្ថភាពសាកថ្មតាមខ្សែ ដែលត្រូវបានដាក់លក់ថ្មីៗត្រូវតែប្រើរន្ធ USB-C សម្រាប់ទីផ្សារសហភាពអឺរ៉ុប។
ទូរស័ព្ទ iPhone ទាំងបីម៉ូដែលខាងលើ លែងត្រូវបានចុះបញ្ជីលក់នៅលើហាងអនឡាញរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសអូទ្រីស បែលហ្ស៊ិក ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាឡឺម៉ង់ អៀរឡង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ ស៊ុយអែត និងបណ្តាប្រទេសសហភាពអឺរ៉ុបជាច្រើនទៀត។ ឧបករណ៍នេះក៏មិនត្រូវបានចុះបញ្ជីនៅក្នុងប្រទេសមួយចំនួនផ្សេងទៀតដែលចូលរួមក្នុងទីផ្សារសហភាពអឺរ៉ុបដូចជាប្រទេសស្វីសជាដើម។
បទប្បញ្ញត្តិថ្មីស្តីពីការប្រើប្រាស់រន្ធសាក និងខ្សែសាកប្រភេទ USB-C សម្រាប់ឧបករណ៍ ពិសេសស្មាតហ្វូនបានចូលជាធរមាននៅថ្ងៃទី 28 ខែធ្នូ ហើយវាត្រូវបានអនុវត្តចំពោះទូរសព័ន្ធ iPhone នីមួយៗដែលដាក់លក់បន្ទាប់ពីកាលបរិច្ឆេទនោះ បើទោះបីជាវាជាម៉ូដែលចាស់ក៏ដោយ។ ខណៈពេលដែលទូរស័ព្ទ iPhone 15 និង iPhone 16 ទាំងអស់ត្រូវបានបំពាក់ដោយរន្ធ USB-C សម្រាប់រន្ធសាកថ្ម ចំនែក iPhone 14, iPhone 14 Plus និង iPhone SE បច្ចុប្បន្ន គឺប្រើរន្ធ Lightning Connector។

សម្រាប់ចក្រភពអង់គ្លេសបានសម្រេចដកខ្លួនចេញពីសហភាពអឺរ៉ុបកាលពីឆ្នាំ 2020 ដូច្នេះ Apple សម្រាប់ទីផ្សារចក្រភពអង់គ្លេសមិនត្រូវបានប៉ះពាល់ដោយបទប្បញ្ញត្តិថ្មីនេះទេ។ ទោះយ៉ាងណាក៏ដោយនៅប្រទេសអៀរឡង់ខាងជើង គឺមានផលប៉ះពាល់ ដោយសារតែប្រទេសនេះបានចូលរួមក្នុងទីផ្សារតែមួយជាមួយសហភាពអឺរ៉ុប៕
