ស្វែងរកពួកយើង:

Apple ផ្តើមពង្រីកកិច្ចសហការថ្មីជាមួយនិងក្រុមហ៊ុនផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក

ដោយ

Koun Jab Luffy

06 តុលា 2024 11:03 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមព័ត៌មាននថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុនផលិតបន្ទះឈីប TSMC និង Amkor ដែលជាក្រុមហ៊ុនវេចខ្ចប់បន្ទះឈីបរបស់ក្រុមហ៊ុន Apple បានប្រកាសថា ក្រុមហ៊ុនទាំងពីរបានចុះនូវកិច្ចសហការលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការក្នុងការផលិតការវេចខ្ចប់ និងការតេស្តទៅលើផលិតកម្មបន្ទះឈីបនៅក្នុងរដ្ឋអារីស្សូណា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ក្រុមហ៊ុនទាំងពីរនេះ បាននិយាយថា ភាពជិតស្និទ្ធិរបស់ក្រុមហ៊ុនទាំងពីរនៅក្នុងរដ្ឋអារីស្សូណានឹងបង្កើនទៅលើដំណើរការនៃការផលិតបន្ទះឈីបនេះ។
នៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន TSMC នឹងធ្វើការចុះកិច្ចសន្យាទៅលើសេវាកម្មនៃការវេចខ្ចប់កម្រិតខ្ពស់ និងសេវាកម្មនៃការតេស្តរបស់ក្រុមហ៊ុន Amkor នៅក្នុងរោងចក្ររបស់ពួកគេនៅក្នុងតំបន់ Peoria នៃរដ្ឋអារីស្សូណា។ សូមជំរាបថា កាលពីឆ្នាំមុននេះក្រុមហ៊ុន Apple ធ្លាប់បានញ្ជាក់ថា ក្រុមហ៊ុន Amkor នឹងធ្វើការវេចខ្ចប់ទៅលើ  Apple silicon ដែលផលិតនៅរោងចក្រក្បែរ TSMC ដែលជាផ្នែកមួយនៃការពង្រីកទៅលើផលិតកម្មនៅក្នុងសហរដ្ឋអាមេរិក។
ទាក់ទងនឹងព័ត៌មាននេះ ថ្មីៗនេះអ្នកសារព័ត៌មាន Tim Culpan បាននិយាយថា ក្រុមហ៊ុន TSMC បានចាប់ផ្តើមការផលិតកម្រិតតូចទៅលើបន្ទះឈីប A16 ដែលបង្ហាញខ្លួននៅលើស្មាតហ្វូន iPhone 14 Pro កាលពី 2 ឆ្នាំមុននេះ។ ស្មាតហ្វូន iPhone 15 និង iPhone 15 Plus គឺប្រើប្រាស់នូវបន្ទះឈីប A16។ ក្រុមហ៊ុន Apple បាននិយាយថា ក្រុមហ៊ុន Amkor នឹងចំណាយទឹកប្រាក់ប្រហែលជា 2 ពាន់លានដុល្លារអាមេរិក នៅក្នុងការវិនិយោគនេះ ហើយក្រុមហ៊ុននេះ នឹងមានបុគ្គលិកច្រើនជាង 2,000 នាក់នៅពេលបញ្ចប់ការសាងសង់នេះ។
Article image
កិច្ចសហការភាពជាដៃគូរនេះ គឺមានរយៈពេលជាង 2 ឆ្នាំបន្ទាប់ពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានអនុម័តច្បាប់ស្តីពីឈីប និង Science Act ដែលផ្តល់នូវមូលនិធិបន្ថែមទៅលើកិច្ចសហការគ្នាដែលមានក្រុមហ៊ុន TSMC និង Amkor ដើម្បីបង្កើនផ្នែកស្រាវជ្រាវ និងផលិតផលនៅក្នុងសហរដ្ឋអាមេរិកផងដែរ៕