ស្វែងរកពួកយើង:

Apple ពិចារណាក្នុងការប្រើប្រាស់ AI របស់ចិននៅលើ iPhone 16 Series

ដោយ

Koun Jab Luffy

28 មីនា 2024 04:43 ល្ងាច

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស  Apple ទើបតែជជែកជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឹណិតដ៏ធំរបស់ចិន Baidu នៅក្នុងការប្រើប្រាស់នូវសេវាកម្ម Baidu’s Ernie Bot, Large Language Model (LLM) នៅលើស្មាតហ្វូន iPhone 16 Series និងផលិតផលជាច្រើនទៀតរបស់ខ្លួនសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន នេះបើតាមរបាយការណ៍មួយចេញពី Cailian Press ។ ការផ្លាស់ប្តូរនេះ គឺចំពេលដែលក្រុមហ៊ុន Apple បាននឹងកំពុងតែព្យាយាមនៅក្នុងការអនុលោមទៅតាមបទបញ្ញត្តិ ដ៏តឹងរឹងរបស់ចិន ទៅលើការប្រើប្រាស់នូវមាតិកា AI នោះ។
របាយការណ៍ខាងលើនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវ Ernie Bot សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 18 និង Mac OS នៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះត្រូវបានគេរាយការណ៍បន្ថែមថា ក៏បានធ្វើការជជែកជាមួយនឹងក្រុមហ៊ុនជាច្រើនរបស់ចិនដែលក្នុងនោះមាន Alibaba និងសាកលវិទ្យាល័យ Tsinghua University នៅក្នុងការប្រើប្រាស់នូវ AI មុនពេលដែលជ្រើសរើសធ្វើការជាមួយនឹងក្រុមហ៊ុន Biadu ផងដែរ។
សម្រាប់ទីផ្សារក្រៅពីប្រទេសចិនវិញ ក្រុមហ៊ុន Apple ប្រហែលជាប្រកាន់ខ្ជាប់នូវការប្រើប្រាស់នូវ AI របស់ខ្លួន ឬ Google’s Gemini ប៉ុន្តែក្រុមហ៊ុននេះ ក៏បានអភិវឌ្ឍទៅលើដំណោះស្រាយសម្រាប់ទីផ្សាររបស់ចិនផងដែរដើម្បីអោយវាអនុលោមទៅតាមបទបញ្ញត្តិនៅទីនេះ។ ដំណឹងនេះ ចំពេលនៃការធ្វើដំណើរទស្សនកិច្ចរបស់លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ទៅកាន់ប្រទេសចិន ហើយគាត់ក៏បញ្ជាក់ជាថ្មីនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Apple សម្រាប់ទីផ្សារមួយនេះ និងជួបជាមួយនឹងអ្នកផ្គត់ផ្គង់ធំៗនៅទីនេះផងដែរ។ លោក Tim Cook ក៏បានសរសើរទៅអ្នកផ្គត់ផ្គង់ជាច្រើនរបស់ចិនសម្រាប់ការបោះជំហានទៅរកកាបូនស្មើសូន្យផងដែរ។
លោក Cook បានប្រកាសអំពីផែនការជាច្រើនរបស់ខ្លួនក្នុងការពង្រីកទៅលើមជ្ឈមណ្ឌលស្រាវជ្រាវរបស់ក្រុមហ៊ុន Apple នៅក្នុងទីក្រុងស៊ាងហៃ និងការបង្កើតនូវមន្ទីរពិសោធន៍ស្រាវជ្រាវនៅក្នុងទីក្រុង Shenzhen ផងដែរ។ គួរបញ្ជាក់ផងដែរថា កិច្ចសហការដ៏មានសក្តានុពល នេះគឺស្របទៅនឹងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Samsung ផងដែរ។ ក្រុមហ៊ុន Samsung បានប្រើប្រាស់នូវ Google’s Gemini AI ជាសាកល ប៉ុន្តែក៏សហការជាមួយនឹង Baidu’s Ernie នៅលើទីផ្សាររបស់ចិនជាមួយនឹងស្មាតហ្វូន  Galaxy S24 series របស់ខ្លួនផងដែរ។
ទាក់ទងនឹងបញ្ហានេះ ក៏មានផលវិបាកផងដែរ ទាំងក្រុមហ៊ុន Apple និង Baidu គឺសុទ្ធតែប្រឈមមុខទៅនឹងបញ្ហាជាច្រើនផ្នែកច្បាប់ដូចគ្នា។ ប្រទេសចិនបានបង្កើតនូវបទបញ្ញត្តិជាច្រើនដែលគ្រប់គ្រងខ្លាំងទៅលើការប្រើប្រាស់នូវសេវាកម្ម Generative AI ដែលត្រូវតែអនុលោមទៅតាមច្បាប់ និងមាតិកាដែលប្រទេសចិនបានកំណត់សិន។ សម្រាប់ដំណឹងនៃកិច្ចសហការរបស់ Apple-Baidu នេះ បានធ្វើអោយភាគហ៊ុនរបស់ Baidu កើនឡើង 6% ផងដែរនៅក្នុងទីក្រុងហុងកុង។
Article image
យើងនឹងរង់ចាំមើលបន្តទៀតនៅពេលដែលក្រុមហ៊ុន Apple រៀបចំនូវព្រឹត្តិការណ៍ Worldwide Developers Conference (WWDC) 2024 របស់ខ្លួនចាប់ពីថ្ងៃទី 10 ដល់ 14 ខែមិថុនាខាងមុខនេះ។ ក្រុមហ៊ុននេះ នឹងបង្ហាញនូវ iOS 18 ជាមួយនឹង Generative AI និង AI Apps ជាច្រើនទៀតផងដែរ៕
Apple ពិចារណាក្នុងការប្រើប្រាស់ AI របស់ចិននៅលើ iPhone 16 Series