ស្វែងរកពួកយើង:

Apple មានគម្រោងបញ្ចេញ AirPods ដែលមានភ្ជាប់កាមេរ៉ារួមនឹងចិញ្ចៀនឆ្លាតវៃ និងវ៉ែនតាឆ្លាតវៃ នាពេលអនាគត

ដោយ

Koun Jab Luffy

27 កុម្ភៈ 2024 07:58 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងរៀបចំគម្រោងដ៏ធំមហិមាសម្រាប់ផលិតផលប្រភេទពាក់លម្អកាយា ឬ Wearable Products របស់ខ្លួន។ ជាក់ស្តែង ក្រុមហ៊ុនបិតាបច្ចេកវិទ្យាដែលមានតម្លៃថ្លៃបំផុតក្នុងលោកមួយនេះ បាននឹងកំពុងស្វែងរកការអភិវឌ្ឍន៍ផលិតឧបករណ៍ Wearable ថ្មី និងការកែលម្អលើការរចនាឡើងវិញដ៏សំខាន់ចំពោះកាស AirPods ដែលមានស្រាប់ផងដែរ។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយរបស់លោក Mark Gurman បានអះអាងថា ក្រុមហ៊ុនបិតាបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅទីក្រុង Cupertino បាននឹងកំពុងស្វែងរកទម្រង់ថ្មីនៃការរចនាផលិតផលិតផល Wearable របស់ខ្លួន។ ដែលឧបករណ៍ទាំងនោះ អាចរួមបញ្ចូលទាំងវ៉ែនតាឆ្លាតវៃ ដែលស្រដៀងគ្នាទៅនឹង Amazon Echo Frames អីចឹងដែរ។ ដោយឧបករណ៍នេះផ្តល់នូវមុខងារ Audio និង AI ដ៏ឆ្លាតវៃ ហើយអាចផ្តល់នូវលក្ខណៈពិសេសបន្ថែមមួយចំនួនទៀតពី Vision Pro ផងដែរ។
លើសពីនេះ ចិញ្ចៀនឆ្លាតវៃ ឬ Smart ring ក៏អាចត្រូវបានគ្រោងទុកសម្រាប់ថ្ងៃអនាគតថែមទៀតផង។ ឧបករណ៍បែបនេះមានភ្ជាប់មកជាមួយឧបករណ៍ចាប់សញ្ញាសម្រាប់ការតាមដានសុខភាពផ្សេងៗ។ ហើយទាំងនេះអាចជាជម្រើសដែលអាចសម្រេចបានសម្រាប់អ្នកប្រើប្រាស់ដែលមិនចូលចិត្តនាឡិកាឆ្លាតវៃដូចជា Apple Watch។ ទាំងចិញ្ចៀនឆ្លាតវៃ និងវ៉ែនតាឆ្លាតវៃ ត្រូវបានគេដឹងថា ហាក់បាននឹងកំពុងស្ថិតក្នុងដំណាក់កាលក្នុងការផ្តួចផ្តើមគំនិតដំបូងនៅពេលនេះ។ ម៉្យាងវិញទៀត AirPods ដែលមានកាមេរ៉ាភ្ជាប់មកជាមួយអាចនឹងត្រូវបានដំណើរការអភិវឌ្ឍន៍ផលិតសម្រាប់ពេលអនាគតរួចហើយ។
លោក Gurman បានអះអាងបន្ថែមទៀតថា ក្រុមហ៊ុនផលិត iPhone ដ៏មានឥទ្ធិពលនេះ កំពុងស្វែងរកវិធីសាស្ត្រក្នុងភ្ជាប់បន្ថែមកាមេរ៉ានៅលើកាស AirPods TWS។ លោកបន្តថា គម្រោងនេះ មានឈ្មោះកូដ B798 នៅខាងក្នុង។ ដែលគម្រោងនេះ គឺបាននិយាយអំពី AirPods ដែលមានឧបករណ៍ចាប់សែនស័រកាមេរ៉ាកម្រិតច្បាស់ទាប។ ក្រុមហ៊ុន Apple កំពុងពិចារណាលើគម្រោងទាំងនេះ ដើម្បីនាំយក AI និងមុខងារសុខភាព ចូលមកកាន់ឧបករណ៍សម្រាប់ពេលអនាគតរបស់ខ្លួន។
Article image
យ៉ាងណាមិញ នេះគ្រាន់តែជារបាយការណ៍បឋមតែប៉ុណ្ណោះ ដោយមិនទាន់មានព័ត៌មានជាក់លាក់ណាមួយបង្ហើបចេញពីក្រុមហ៊ុន Apple នៅឡើយទេសម្រាប់គម្រោងផលិតផលក្នុងពេលអនាគតរបស់ខ្លួន៕