ស្វែងរកពួកយើង:

Apple អាចនឹងបាត់ដំណែងជាក្រុមហ៊ុនមានតម្លៃជាងគេក្នុងលោក ប្រសិនបើមានការខកខានក្នុងការអភិវឌ្ឍន៍បង្កើតបច្ចេកវិទ្យា GenAI

ដោយ

Koun Jab Luffy

08 មីនា 2024 11:33 ថ្ងៃត្រង់

អាន 4 នាទី

Article image
ដូចដែលយើបានដឹងរួចហើយថា Apple Inc ដែលជាក្រុមហ៊ុនផលិត iPhone ដ៏ពេញនិយម បានក្លាយជាក្រុមហ៊ុនដែលមានតម្លៃខ្លួនថ្លៃជាងនៅលើពិភពលោក ជាមួយតម្លៃដល់ទៅខ្ទង់ទ្រីលានដុល្លារអាមេរិកឯណោះ។ ងាកមកពេកបច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗនៅលើពិភពលោកបានធ្វើការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ  ឬបញ្ញាសប្បនិមិត្ម ដែលហៅថា Generative AI សម្រាប់ដាក់បញ្ចូលទៅក្នុងផលិតផលប្រើប្រាស់ជំនាន់ថ្មីៗរៀងខ្លួន ប៉ុន្តែក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា មានភាពយឺតយ៉ាវក្នុងការអភិវឌ្ឍន៍នូវបច្ចេកវិទ្យាឆ្លាតវៃមួយនេះ។
Generative AI បានវិវត្តន៍យ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះបាននឹងកំពុងដំណើរការបន្តិចម្តងៗចូលទៅក្នុងឧបករណ៍បច្ចេកវិទ្យាអ្នកប្រើប្រាស់។ ដោយបច្ចុប្បន្នក្រុមហ៊ុន Samsung, Google, និង Microsoft បានឈានមុខគេក្នុងវិស័យនេះ។ បើតាមអ្នកវិភាគល្បីឈ្មោះ គឺលោក Ming-Chi Kuo បានធ្វើការទស្សន៍ទាយថាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកដែលមានមូលដ្ឋាននៅទីក្រុង Cupertino គឺ Apple កំពុងជូបបញ្ហាប្រឈមខ្លាំងនៅក្នុងការអនុវត្តន៍ផែនការដ៏ធំនៃប្រព័ន្ធ AI របស់ខ្លួន។ បច្ចុប្បន្ននេះ Apple ទទួលបានងារជា "ក្រុមហ៊ុនដែលមានតម្លៃបំផុតក្នុងពិភពលោក"។
ទោះយ៉ាងណាក៏ដោយ អ្វីៗហាក់ដូចជាមិនល្អសម្រាប់ក្រុមហ៊ុនតម្លៃទ្រីលានដុល្លារអាមេរិកនេះ។ ព្រោះថាបើតាមរបាយការណ៍មួយបានបង្ហាញថា Apple បានចុះបញ្ជីការធ្លាក់ចុះនៃការដឹកជញ្ជូនផលិតផលក្នុងចំនួនលេខពីរខ្ទង់នៅក្នុងរយៈពេលប្រាំមួយសប្តាហ៍ដំបូងនៃឆ្នាំ 2024។
បញ្ហានេះត្រូវបានគេដឹងថា អ្នកប្រើប្រាស់បាននឹងកំពុងធ្វើការផ្លាស់ប្តូរបទពិសោធន៍ប្រើប្រាស់របស់ពួកគេ ដោយចាប់យកនៅផលិតផលដែលមានភាពឆ្លាតវៃដូចជា Galaxy S24 Series ដើម្បីជួយសម្រួលនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ដែលនេះបានបង្ហាញថា បច្ចេកវិទ្យា GenAI ពិតជាមានឥទ្ធិពលខ្លាំងសម្រាប់អ្នកប្រើប្រាស់ ដូច្នេះ ប្រសិនបើ Apple ខកខានក្នុងការអភិវឌ្ឍន៍នូវបច្ចេកវិទ្យាមួយនេះសម្រាប់ប្រើនៅលើឧបករណ៍របស់ពួក ច្បាស់ណាស់ទីផ្សារផលិតផលរបស់ Apple អាចនឹងប្រឈមខ្លាំងនឹងការធ្លាក់ចុះក្នុងនាំចេញនៅពេលខាងមុខនេះ។
យ៉ាងណាមិញបើតាមរបាយការណ៍កន្លងមកបានបង្ហាញរួចហើយថា ទូរស័ព្ទ iOS 2024 ឬ iPhone 16 Series ដែលត្រៀមបង្ហាញខ្លួននៅមុនដំណាច់ឆ្នាំនេះ អាចនឹងមិនមានការអាប់ដេតសំខាន់ៗណាមួយនៅក្នុងផ្នែករឹងនោះទេ។ ផ្ទុយទៅវិញ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 18 អាចនឹងមានផ្ទុកទៅដោយមុខងារ AI ជាច្រើន ហើយប្រហែលជាត្រូវបានគេចាត់ទុកថា ជាការអាប់ដេតដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ iOSជាមួយនឹងប្រព័ន្ធដែលត្រូវបានគេស្គាល់ថាជា USP ដ៏សំខាន់នៃស៊េរី iPhone 16 Series ។
ហើយប្រសិនបើផែនការរបស់ Apple សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យា AI បរាជ័យ ឬប្រសិនបើពួកគេមិនបំពេញតាមការរំពឹងទុកនោះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដែលមានមូលដ្ឋាននៅទីក្រុង Cupertino អាចនឹងបាត់បង់ដំណែងក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោកទៅឲ្យក្រុមហ៊ុន NVIDIA នេះបើតាមអ្នកវិភាគ Ming-Chi Kuo។
លោក Kuo បានបន្ថែមទៀតថា Apple ត្រូវបានគេរំពឹងថានឹងនាំចេញ iPhone ចន្លោះពី 220 ទៅ 225 លានគ្រឿងនៅឆ្នាំនេះ ប៉ុន្តែ តួលេខនៃការព្យាករណ៍នេះបានចាប់ផ្តើមធ្លាក់ចុះវិញអាចនៅត្រឹមជិត 200 លានគ្រឿងនៅមុនដំណាច់ឆ្នាំនេះ។ សម្រាប់ NVIDIA ដែលជាក្រុមហ៊ុនកំពុងនាំមុនៅក្នុងវិស័យបន្ទះឈីប AI សម្រាប់កុំព្យូទ័រ។
ជាមួយតម្រូវការកើនឡើងសម្រាប់បច្ចេកវិទ្យា AI បានធ្វើឱ្យ NVIDIA ក្លាយជាក្រុមហ៊ុនធំទីបីក្នុងពិភពលោកកាលពីខែមុន។ ដោយភាគហ៊ុនរបស់ NVIDIA បានកើនឡើង 260% ក្នុងរយះពេលមួយឆ្នាំចុងក្រោយនេះ ជាមួយនឹងតម្លៃទីផ្សារកើនឡើងដល់ 2.06 ពាន់ពាន់លានដុល្លារ ខណៈដែល Apple ទទួលបានត្រឹមតែ 13% ជាមួយនឹងតម្លៃទីផ្សារខ្ទង់ 2.77 ពាន់ពាន់លានដុល្លារ។
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានលើកឡើងនៅក្នុងរបាយការណ៍ប្រកាសនូវរបាយការណ៍ប្រាក់ចំណូលកាលពីខែមុនបានបង្ហាញថា ក្រុមហ៊ុនលោកកំពុងអនុវត្តិន៍ផែនការធំនៅក្នុងវិស័យ GenAI។ ប៉ុន្តែ លោកមិនបានបញ្ជាក់លម្អិតស្តីពីបច្ចេកវិទ្យា GenAI ឡើយ ហើយគេរំពឹងថា Apple នឹងបានបង្ហាញបច្ចេកវិទ្យាថ្មីនេះនៅក្នុងព្រឹត្តិការណ៍ WWDC នៅចុងខែមិថុនាឆ្នាំនេះ៕