ស្វែងរកពួកយើង:

Apple អាចនឹងប្រកាសឈ្មោះក្រុមហ៊ុនផ្គត់ផ្គង់បន្ទះអេក្រង់បត់របស់ iPhone នៅខែនេះហើយ

ដោយ

Koun Jab Luffy

02 កុម្ភៈ 2025 03:47 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Apple ត្រូវបានប្រភពព័ត៌មានទម្លាយថា បាននឹងកំពុងគិតគួរក្នុងការជ្រើសរើសក្រុមហ៊ុនដៃគូផ្គត់ផ្គង់បន្ទះអេក្រង់សម្រាប់ទូរស័ព្ទ iPhone អេក្រង់បត់របស់ខ្លួនក្នុងពេលអនាគត។ បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា Apple អាចនឹងប្រកាសឈ្មោះក្រុមហ៊ុនដៃគូដែលត្រូវផ្គត់ផ្គង់បន្ទះអេក្រង់បត់សម្រាប់អនាគតទូរស័ព្ទ Foldable iPhone របស់ខ្លួននៅចុងខែកុម្ភៈ ឬក៏ដើមខែមេសា ឆ្នាំ2025។
Apple ត្រូវបានគេមើលឃើញថា កំពុងសំឡឹងរកមើលក្រុមហ៊ុនបច្ចេកវិទ្យាដែលមានជំនាញ់ខ្លាំងទៅលើការបង្កើតបន្ទះអេក្រង់ បត់ដែលមានគុណភាពខ្ពស់ ធន់នឹងការប្រើប្រាស់ និងគ្មានស្នាមផ្នត់ដែលមាននៅលើទូរស័ព្ទអេក្រង់បត់ក្នុងពេលបច្ចុប្បន្ន។ Apple ត្រូវបានគេនិយាយថា បាននឹងកំពុងវាយតម្លៃក្រុមហ៊ុនផលិតក្នុងស្រុកដែលមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការបំពេញតម្រូវការទាំងនេះ។
ជាមួយគ្នានេះ បើតាមប្រភពព័ត៌មាន Apple អាចនឹងដើរតាមគន្លងរបស់ Samsung ក្នុងការផលិត និងចេញលក់ទូរស័ព្ទ Foldable iPhone របស់ខ្លួននាពេលអនាគត ដោយនឹងផ្តល់ជូនអតិថិជននៅជម្រើសចំនួនពីរម៉ូដែល គឺ Fold និង Flip/ Clamshell។
សម្រាប់កាលបរិច្ឆេទប្រកាសចេញ Foldable iPhone Series នៅមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែ បើតាមកំពូលអ្នកវិភាគលោក Ming Chi-Kuo ធ្លាប់បានបង្ហើបនាពេលមុខថា Apple ទំនងជានឹងប្រកាសចេញ Foldable iPhone ដំបូងរបស់ខ្លួនរវាងឆ្នាំ 2025 និង 2027។ បើតាមប្រភពពី The Information ធ្លាប់បានចេញផ្សាយថា Apple អាចនឹងមានការប្រកាសចេញ Clamshell iPhone ឬ iPhone Flip ដំបូងរបស់ខ្លួនក្នុងឆ្នាំ 2025។ លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបញ្ជាក់ថា Apple ក៏នឹងមានការបង្ហាញចេញនៅ MacBooks ដែលបំពាក់បន្ទះអេក្រង់បត់ផងដែរ ដោយ MacBook អេក្រង់បត់នេះ គឺនឹងមានអេក្រង់បត់ទំហំ 19.5-inch។
Article image
ការដែលបញ្ចេញឧបករណ៍ ឬ iPhone ដែលបំពាក់អេក្រង់យឺតជាងដៃគូប្រជែងដូច មិនមានន័យថា Apple គ្មានលទ្ធភាពក្នុងការអភិវឌ្ឍន៍ផលិតឧបករណ៍ប្រភេទនេះនោះទេ តែវាជាទម្លាប់របស់ Apple ជាច្រើនទសវត្សន៍មកហើយ ដោយសារតែក្រុមហ៊ុនបីតាបច្ចេកវិទ្យាអាមេរិកមួយនេះ តែងតែទុកឪកាសអោយដៃគូវែកផ្លូវដើរមុន បន្ទាប់មកទើបធ្វើការសិក្សាទៅលើភាពខ្វះចន្លោះនៅលើផលិតផលរបស់ដៃគូ ដើម្បីយកមកសិក្សាបន្ថែមធ្វើឲ្យការផលិតផលិតផលរបស់ខ្លួនទទួលបាននូវភាពល្អឥតខ្ចោះដាច់គេ៕