
យោងតាមការបែកធ្លាយថ្មីមួយនាពេលនេះ បានអោយដឹងថា គម្រោងផែនការរបស់ក្រុមហ៊ុន Apple នៅក្នុងការបញ្ចេញនូវ iPhone ដែលមានអេក្រង់គ្មានគែមនោះ អាចនឹងចំណាយពេលយូរជាងអ្វីដែលអ្នកបានរំពឹងទុក។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយនេះ បង្ហាញថា សម្រាប់វត្តមាន iPhone 19 Pro ដែលនឹងក្លាយជាស្មាតហ្វូនថ្មីរបស់ Apple សម្រាប់ខួបលើកទី 20 របស់ក្រុមហ៊ុន Apple នៅក្នុងឆ្នាំ 2027 នោះ ត្រូវគេព្យាករណ៌ថា អាចនឹងរក្សាកាមេរ៉ា punch-hole ដដែល។
ខណៈដែលការបែកធ្លាយជាច្រើន កាលពីពេលមុននេះ បានទម្លាយអំពីអេក្រង់ iPhone នាពេលអនាគតរបស់ Apple នឹងមិនមានគែម និងបច្ចេកវិទ្យា Face ID និងកាមេរ៉ាខាងក្រោមអេក្រង់នោះ អ្នកវិភាគ Ross Young បានចេញមកបង្ហាញនូវការជឿជាក់ថា ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវ Face ID នៅលើអេក្រង់របស់ iPhone 18 Pro ដែល ត្រៀមបង្ហាញខ្លួននៅក្នុងឆ្នាំ 2026 រួមជាមួយនឹងការកាត់បន្ថយទៅលើទំហំនៃ Dynamic Island ទៀតផង។
គួរបញ្ជាក់ផងដែរថា បើមើលទៅលើស្មាតហ្វូន Nubia Z70 Ultra ដែលទើបតែប្រកាសចេញនេះ គឺមានការប្រើប្រាស់នូវកាមេរ៉ាខាងក្រោមអេក្រង់ហើយ ប៉ុន្តែមើលទៅបច្ចេកវិទ្យាថ្មីនេះ នៅមិនទាន់ជាអ្វីដែលក្រុមហ៊ុន Apple ចង់បាននោះទេ។

តាមការបញ្ជាក់របស់អ្នកវិភាគ Young បានអោយដឹងថា ការប្រើប្រាស់សិនស័រ Face ID ក្រោមអេក្រង់ អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន iPhone 20 Series ក្នុងឆ្នាំ 2028 ខាងមុខ។ ប៉ុន្តែបើមើលទៅលើការឌីស្សាញអេក្រង់សម្រាប់ស្មាតហ្វូន iPhone 19 Pro ថ្មី ត្រូវបានគេរំពឹងថា ក៏នឹងមានការ upgrade ផងដែរ។ ស្មាតហ្វូននេះ នឹងមានបំពាក់នូវបន្ទះឈីប 2nm A21 Pro ហើយនិងមានរ៉េម 12GB ហើយនិងមានកម្រាស់ស្តើងត្រឹមតែ 7.2mm ប៉ុណ្ណោះ។ ក្រុមហ៊ុន Apple អាចនឹងបញ្ចេញនូវ iOS 21 ដែលមានបំពាក់នូវ AI ជាច្រើនថែមទៀតផង៕
