ស្វែងរកពួកយើង:

Apple iPhone Fold នឹងបំពាក់ថ្មទំហំធំដល់ទៅ 5,500mAh ជាមួយអេក្រង់បត់ទំហំ 7.8 អ៊ីង

ដោយ

Koun Jab Luffy

02 កុម្ភៈ 2026 02:25 រសៀល

អាន 2 នាទី

Article image
ព័ត៌មានកាន់តែច្បាស់លាស់ផ្លូវការណ៍ហើយ គឺ Apple នឹងធ្វើការប្រកាសចេញស្មាតហ្វូនបត់អេក្រង់ដំបូងរបស់ខ្លួន “iPhone Fold” នៅចុងឆ្នាំ 2026 ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ប្រកាសចេញបងប្អូន iPhone 18 Series។ ស្របពេលជាមួយគ្នានេះ ព័ត៌មានទាក់ទងនឹងគុណសម្បត្តិ និងលក្ខណៈសម្បត្តិរបស់ iPhone Fold ក៏នៅតែបន្តចែកចាយនៅលើបណ្តាញអនឡាញជាហូរហែរផងដែរ។
ខណៈពេលថ្មីៗនេះ នៅលើគណនី Weibo មួយរបស់ចិនមានឈ្មោះថា “Fixed Focus Digital” បានបង្ហើបថា iPhone Fold នឹងមានថ្មទំហំធំជាង 5,500mAh ដែលធ្វើឲ្យស្មាតហ្វូនអេក្រង់បត់ដំបូងនេះ ក្លាយជាទូរស័ព្ទម៉ាក iPhone ដំបូងគេដែលមានថ្មទំហំធំធៀបនឹងថ្មរបស់ iPhone បច្ចុប្បន្នដូចជា iPhone 17 Pro Max ដែលមានថ្មទំហំ 5,088mAh ហើយក៏ជាស្មាតហ្វូនបត់ដែលមានថ្មទំហំធំជាងស្មាតហ្វូនបត់មួយចំនួនដែលមានវត្តមាននៅលើទីផ្សារបច្ចុប្បន្នផងដែរ។ ប្រសិនបើព័ត៌មាននេះ ក្លាយជាការពិតមែននោះ មានន័យថា iPhone Fold គឺមានថ្មទំហំធំជាង Google Pixel 10 Fold ដែលមានថ្មទំហំ 5,015mAh និងធំជាងថ្ម Samsung Galaxy Z Fold 7 ដែលមានថ្មទំហំ 4,400mAh។
Article image
កាលពីអំឡុងឆ្នាំ 2025 មានប្រភពមិនផ្លូវការណ៍មួយចេញពីប្រទេសកូរ៉េខាងត្បូងដែលមានប្លុកគណនីថា “yeux1122” បាននិយាយថា Apple បាននឹងកំពុងធ្វើតេស្តថាមពលថ្មសម្រាប់ឧបករណ៍ថ្មីដែលមានទំហំចន្លោះពី 5,400mAh ទៅ 5,800mAh។ ក្នុងខែមីនា ឆ្នាំ 2025 ប្រភពដដែលនេះ បានអះអាងថា Apple បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកែលម្អប្រសិទ្ធភាពថាមពលថ្ម ដោយមានការកាត់បន្ថយសមាសធាតុសំខាន់ៗនៃ iPhone បត់បានរបស់ខ្លួន ហើយអាយុកាលថ្មត្រូវបានគេនិយាយថា ជាអាទិភាពចម្បងសម្រាប់ iPhone Fold។
ជាមួយគ្នានេះ កំពូលអ្នកវិភាគផលិតផលរបស់ Apple លោក Ming-Chi Kuo ធ្លាប់បាននិយាយថា iPhone Fold នឹងប្រើកោសិកាថ្មមានដង់ស៊ីតេខ្ពស់ដើម្បីផ្តល់អាយុកាលប្រើប្រាស់ថ្មបានកាន់តែល្អប្រសើរ និងមានអាយុកាលប្រើប្រាស់បានយូរអង្វែង។ យោងតាមប្រភពព័ត៌មានចចាមអារាមនានា ដែលបានចេញផ្សាយជាហូរហែរកន្លងមក បាននិយាយថា ស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ Apple គឺ iPhone Fold នឹងបំពាក់បច្ចេកវិទ្យាអេក្រង់បត់ទំហំ 7.8 អ៊ីង ជាមួយបច្ចេវិទ្យាកាត់បន្ថយស្នាមផ្នត់អេក្រង់បានយ៉ាងល្អ “crease-free-inner display”។
Article image
iPhone Fold ក៏នឹងមានអេក្រង់ខាងក្រៅ ឬ Cover-Display ទំហំ 5.5-inch, គាំទ្រមុខងារសុវត្ថិភាព Touch ID, មានកាមេរ៉ាក្រោយ 2 គ្រាប់, ប្រើបន្ទះឈីប A20 និង Modem Chip “C2”។ iPhone Fold ត្រូវបានគេព្យាករណ៍ថា នឹងបង្ហាញវត្តមានជាផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ដាក់សម្ពោធបងប្អូន iPhone 18 Series នាចុងឆ្នាំ 2026 នេះ៕