ស្វែងរកពួកយើង:

Apple កំពុងតែផ្តោតទៅលើ iPhone ឬ iPad ដែលមានអេក្រង់អាចបត់បាន

ដោយ

Koun Jab Luffy

10 មេសា 2024 03:44 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Economic Daily បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Apple បានផ្តោតទៅលើការអភិវឌ្ឍ និងការផ្សព្វផ្សាយទៅលើផលិតផលជាច្រើន ដែលមានអេក្រង់អាចបត់បាន។ ប្រភពខាងលើនេះបានរំពឹងថា iPhone អេក្រង់បត់បាន ឬ iPad ដែលមានអេក្រង់អាចបត់បានរបស់ក្រុមហ៊ុន Apple នេះនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2025 ខាងមុខនេះហើយ។ បើតាមទិន្នន័យស្រាវជ្រាវទីផ្សារថ្មីៗនេះបានបង្ហាញថា ឧបករណ៍ដែលមានអេក្រង់បត់បាន 80% គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Samsung និង Huawei។
សូមជំរាបថា ការឈានជើងចូលរបស់ក្រុមហ៊ុន Apple ទៅក្នុងបច្ចេកវិទ្យា VR ជាមួយនឹង Vision Pro ថ្មីៗនេះ ក៏មានការចាប់អារម្មណ៍ខ្លាំង ហើយវាក៏ជួយបង្កើននូវ category ថ្មីនៃផលិតផលរបស់ក្រុមហ៊ុននេះផងដែរ។ ដូចគ្នាទៅនឹងឧបករណ៍ VR នេះ អ្នកជំនាញឧស្សាហកម្មជាច្រើនជឿជាក់ថា ស្មាតហ្វូនបត់បាន iPhone ឬ iPad នេះនឹងនាំយកនូវការផ្លាស់ប្តូរខ្លាំងនៅលើទីផ្សារ និងសកលជាក់ជាមិនខាន។
តាមការបញ្ជាក់របស់ ITHome បានអោយដឹងថា អាជីវកម្មទលើ iPhone របស់ក្រុមហ៊ុន Apple ថ្មីៗនេះ ក៏មើលឃើញមានការធ្លាក់ចុះ ខណៈដែលក្រុមហ៊ុន Samsung និង Huawei គឺមានការពេញនិយមខ្លាំងទៅលើស្មាតហ្វូនបត់បាន។ ដោយសារតែការផ្តោតរបស់ក្រុមហ៊ុន Apple ទៅលើបទពិសោធន៍សម្រាប់អ្នកប្រើប្រាស់នាពេលន្លងមក ក៏អាចនឹងមានការពន្យារពេលក្នុងការបង្ហាញនូវផលិតផលដែលអាចបត់បាននេះផងដែរ។ សម្រាប់ផលិតផលបត់បានជំនាន់ដំបូងដូចជា Galaxy Fold របស់ Samsung គឺមិនទាន់ល្អឥតខ្ចោះនោះទេ។ ដូចនេះ វាត្រូវការពេលវេលាច្រើនឆ្នាំក្នុងការពង្រឹងទៅលើសមត្ថភាព និងបច្ចេកវិទ្យាដើម្បីអោយស្របទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។
ក្រុមហ៊ុន Apple ត្រូវគេរាយការណ៍ថា បានធ្វើការនៅលើបច្ចេកវិទ្យានេះ អស់ពេលមួយរយៈផងដែរ។ តាមរបាយការណ៍មួយចេញពី The Information កាលពីខែមុននេះ បាននិយាយថា ក្រុមហ៊ុន Apple ក៏បានធ្វើការនៅលើគំរូថ្មីនៃស្មាតហ្វូនបត់បាន iPhone ចំនួន 2 ប្រភេទ។ កន្លងមកមានព័ត៌មានថា គោលដៅរបស់ក្រុមហ៊ុន Apple គឺចង់បង្កើតនូវស្មាតហ្វូនបត់បាន iPhone ជាមួយនឹងអេក្រង់ខាងក្រៅ។ ប៉ុន្តែបច្ចេកវិទ្យាបត់បាននេះ នៅមិនទាន់អាចការពារការខូចខាតដល់បន្ទះអេក្រង់ Soft Panel នៅឡើយទេ។ នៅក្នុងពេលនេះ សម្រាប់ iPad ដែលអាចបត់បាន ក៏ស្ថិតនៅក្នុងការអភិវឌ្ឍផងដែរ៕
Apple កំពុងតែផ្តោតទៅលើ iPhone ឬ iPad ដែលមានអេក្រង់អាចបត់បាន