
យោងតាមការបញ្ជាក់ចេញពីលោក Mark Gurman ដែលជាអ្នកវិភាគរបស់ Bloomberg បាននិយាយថា នៅថ្ងៃទី 10 ខែកញ្ញាខាងមុខនេះ ក្រុមហ៊ុន Apple មានគម្រោងរៀបចំនូវព្រឹត្តិការណ៍មួយនៅក្នុងការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី iPhone 16, Apple Watch ជំនាន់ថ្មី និង AirPods ថ្មី។ ហើយបន្ទាប់ពីការបង្ហាញខ្លួន ផលិតផលទាំងនេះ ក៏នឹងមានដាក់លក់នៅថ្ងៃទី 20 ខែកញ្ញាផងដែរ។ នៅក្នុងព្រឹត្តិការណ៌នោះ ក៏អាចនឹងមានការបង្ហាញនូវ iOS 18 ហើយនិង macOS Sequoia នៅមុនការប្រកាសជាផ្លូវការនៅថ្ងៃទី 20 ខែកញ្ញានេះផងដែរ។
បើទោះបីជាមានការទម្លាយព័ត៌មានខាងកលើនេះក៏ដោយ ក៏ក្រុមហ៊ុន Apple នៅមិនទាន់ប្រកាសជាផ្លូវការនូវកាលបរិច្ឆេទនៃព្រឹត្តិការណ៍សម្ភោធន៍នេះនៅឡើយទេ។ ក្រុមហ៊ុន Apple នឹងបញ្ចេញនូវលិខិតអញ្ជើញទៅកាន់អ្នកសារព័ត៌មានជាច្រើននៅក្នុងពេលឆាប់ៗនេះក្នុងសប្តាហ៍នេះ។ ស្មាតហ្វូន iPhone 16 នេះនឹ ងមានសមត្ថភាពដ៏ខ្លាំងក្លាជាមួយនឹងបន្ទះឈីប A18 ដែលដំណើរការជាមួយនឹង Apple Intelligence ខណៈពេលដែលស្មាតហ្វូន iPhone 16 ទាំងអស់នឹងប្រើប្រាស់នូវ iOS 18។

សម្រាប់ការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី iPhone 16 Pro និង Pro Max ក៏នឹងមានបំពាក់នូវប៊ូតុង Capture Button នៅក្នុងការថតរូបភាពកាន់តែអស្ចារ្យផងដែរ។ ស្មាតហ្វូន iPhone 16 Pro នេះ នឹងមានកាមេរ៉ា Ultra-Wide 48MP ផងដែរ។ បើនិយាយអំពី Apple Watch នេះ យើងអាចនឹងឃើញនូវវត្តមានរបស់ស្មាតវ៉ច Apple Watch Series 10, ដែលជា version ថ្មីរបស់ Apple Watch SE និង Apple Watch Ultra។ និយាយពីការឌីស្សាញវិញ Apple Watch ក៏មានការផ្លាស់ប្តូររូបរាងស្តើងជាងមុន និងអេក្រង់ធំជាងមុនផងដែរ។

កាសស្តាប់ AirPods 4 នឹងបង្ហាញខ្លួនផងដែរ។ កាសនេះ នឹងមានម៉ូឌែល Lower-End ដែលមានភាពស្រដៀងគ្នាទៅនឹង AirPods បច្ចុប្បន្ន ខណៈពេលដែល higher-version គឺមានបំពាក់នូវ Active Noise Cancellation ។ នៅក្នុងព្រឹត្តិការណ៍ខាងមុខនេះ យើងនឹងឃើញនូវផលិតផលជាច្រើនដូចជា iPhone 16, iPhone 16 Pro, AirPods 4 និង Apple Watch ផងដែរ៕
