ស្វែងរកពួកយើង:

Apple ទំនងជាប្រកាសចេញផ្លូវការណ៍ iPhone Fold ក្នុងឆ្នាំ 2026 ហើយការចេញលក់អាចនឹងពន្យាពេលដល់ឆ្នាំ 2027

ដោយ

Koun Jab Luffy

21 ធ្នូ 2025 03:50 រសៀល

អាន 2 នាទី

Article image
ទូរស័ព្ទបត់អេក្រង់ដំបូងរបស់ Apple ឬ iPhone Fold ត្រូវបានគេព្យាករណ៍ទំនងជានឹងប្រកាសចេញផ្លូវការណ៍ក្នុងឆ្នាំ 2026 នៅក្នុងព្រឹត្តិការណ៍ប្រកាសចេញ iPhone 18 Series ប៉ុន្តែ ការចេញលក់អាចនឹងមានការពន្យាពេលដល់ឆ្នាំ 2027។ បើតាមលោក  Ming-Chi Kuo កំពូលអ្នកវិភាគផលិតផល Apple បាននិយាយនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយថា ទូរស័ព្ទ iPhone អេក្រង់បត់ដំបូងរបស់ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងបញ្ហាទិន្នផលនៅក្នុងដំណាក់កាលដំបូង រួមជាមួយនឹងបញ្ហាប្រឈមផលិតកម្មផ្សេងៗទៀត នៅមុនពេលនៃការផលិតទ្រង់ទ្រាយធំ។
ខណៈពេលដែលក្រុមហ៊ុន Apple ត្រូវបានគេរំពឹងខ្ពស់ថា នៅតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកាសចេញ iPhone Fold ដំបូងរបស់ខ្លួននៅឆមាសទីពីរនៃឆ្នាំ 2026។  លោក Kuo បានបញ្ជាក់ផងដែរថា ចំពោះការនាំចេញសម្រាប់ iPhone Fold នឹងមានដំណើរការរលូន គឺចាប់ផ្តើមនៅឆ្នាំ 2027 មានន័យថា Apple នឹងមានការពន្យាពេលចេញលក់ iPhone Fold រហូតដល់ឆ្នាំ 2027 ទោះបីជាការប្រកាសចេញផ្លូវការណ៍ត្រូវបានធ្វើឡើងក្នុងឆ្នាំ 2026 ក៏ដោយ។
យោងតាមរបាយការណ៍វិភាគ បាននិយាយថា ការបង្ហាញវត្តមានរបស់ iPhone Fold គឺនឹងអាចជួយបង្កើនទីផ្សារនាំចេញ និងការលក់ស្មាតហ្វូនប្រភេទអេក្រង់បត់បានកាន់តែប្រសើរឡើងថែមមួយកម្រិតទៀតនៅក្នុងឆ្នាំ 2026។ តាមរបាយការណ៍ព្យាករណ៍ពី IDC បានឲ្យដឹងថា iPhone Fold អាចនឹងមានចំនែកគ្រប់គ្រងទីផ្សារប្រមាណ 22% នៃទីផ្សរស្មាតហ្វូនបត់ក្នុងពិភពលោក នៅពេលបង្ហាញវត្តមានផ្លូវការណ៍នៅឆ្នាំក្រោយនេះ។
Article image
iPhone Fold ត្រូវបានគេដឹងថា នឹងមានតម្លៃចាប់ពីខ្ទង់ $2,400 ឡើងទៅ។ ស្មាតហ្វូនបត់អេក្រង់របស់ក្រុមហ៊ុនបិតាបច្ចេក វិទ្យា Cupertino របស់អាមេរិកនេះ នឹងបង្ហាញវត្តមានជាមួយការបំពាក់អេក្រង់បត់ទំហំ 7.58-inch និងអេក្រង់ខាងក្រៅ ឬ Cover-display ទំហំ 5.8-inch។ លើសពីនេះទៅទៀត iPhone Fold ក៏នឹងបំពាក់ថ្មមានកម្រិតថាមពលធំជាងថ្មរបស់ iPhone 17 Pro Max ថែមទៀតផង ដែលតាមរបាយការណ៍ព័ត៌មានបញ្ជាក់ថា ស្មាតហ្វូនបត់អេក្រង់ដំបូងរបស់ Apple គឺនឹងបំពាក់ថ្មទំហំចន្លោះពី 5,400mAh ទៅ 5,800mAh។ iPhone Fold ក៏នឹងមានការបំពាក់លែនកាមេរ៉ាក្រោយចំនួនពីរគ្រាប់ផងដែរ ដោយក្នុងនោះមានលែនកាមេរ៉ាគោលភ្ជាប់សែនស័រទំហំ 48MP៕
Apple ទំនងជាប្រកាសចេញផ្លូវការណ៍ iPhone Fold ក្នុងឆ្នាំ 2026 ហើយការចេញលក់អាចនឹងពន្យាពេលដល់ឆ្នាំ 2027