ស្វែងរកពួកយើង:

Apple ធ្លាក់ចេញពីតំណែង Top 5 នៅលើទីផ្សារស្មាតហ្វូនក្នុងប្រទេសចិនហើយ!

ដោយ

Koun Jab Luffy

30 កក្កដា 2024 08:47 ព្រឹក

អាន 3 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Apple បានធ្លាក់ចេញពីតំណែងក្រុមហ៊ុនស្មាតហ្វូនកំពូល Top 5 នៅក្នុងប្រទេសចិន ជាលើកដំបូងបំផុត គិតចាប់តាំងពីទីផ្សារស្មាតហ្វូននៅក្នុងប្រទេសនេះ មានការកើនឡើងត្រឡប់មកវិញ។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បានអោយដឹងថា ការនាំចេញស្មាតហ្វូន iPhone នៅក្នុងប្រទេសចិន នៅក្នុងត្រីមាសទី 2 ឆ្នាំ 2024 នេះ គឺមានការធ្លាក់ចុះចំនួន 6.7% បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំមុននេះ ។
អ្នកវិភាគខាងលើនេះ បានចាត់ទុកថា ការធ្លាក់ចុះនេះ គឺដោយសារតែការរស់ឡើងវិញនៃទីផ្សារម៉ាកយីហោក្នុងស្រុក។ ការប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់ ការប្រើប្រាស់នូវសមាសភាគជាច្រើនដែលផលិតក្នុងស្រុក បានធ្វើអោយក្រុមហ៊ុនជាច្រើនរបស់ចិនដូចជា Huawei, Vivo, Oppo, Honor និង Xiaomi មានការកើនឡើងគួរអោយកត់សម្គាល់ផងដែរ។ ក្រុមហ៊ុនHuawei ក៏បានត្រឡប់មកវិញជាមួយនឹងសភាពកាន់តែខ្លាំងក្លាជាងមុន ហើយថែមទាំងអាចប្រកួតប្រជែងបានជាមួយនឹងទីផ្សារស្មាតហ្វូនប្រណិតរបស់ក្រុមហ៊ុន Apple ថែមទៀតផង។
Article image
និយាយពីទីផ្សារស្មាតហ្វូនរបស់ចិន នៅក្នុងត្រីមាសទី 2 ឆ្នាំ 2024 នេះ មានការកើនឡើងប្រហែលជា 10% បើប្រៀបធៀបទៅនឹងឆ្នាំមុននេះ គឺមានការនាំចេញស្មាតហ្វូនច្រើនជាង 70 លានគ្រឿង នៅក្នុងត្រីមាសទី 2 នេះ។ ក្រុមហ៊ុន Vivo បាននាំមុខគេនៅលើទីផ្សារជាមួយនឹងចំណែកទីផ្សារចំនួន 19% (13.1 លានគ្រឿង) តាមពីក្រោយដោយក្រុមហ៊ុន OPPO, Honor និងHuawei ដែលមានការនាំចេញបានចំនួន 10 លានគ្រឿងសម្រាប់ក្រុមហ៊ុននិមួយៗ។ ក្រុមហ៊ុន Xiaomi គឺមានការកើនឡើងចំនួន 17% បើធៀបទៅនឹងឆ្នាំមុននេះ ហើយក្រុមហ៊ុននេះ ក៏បានជាប់ជាក្រុមហ៊ុន Top 5 ដែលមានការនាំចេញស្មាតហ្វូនបានចំនួន 10 លានគ្រឿងផងដែរ។
ផ្ទុយមកវិញ ការនាំចេញរបស់ក្រុមហ៊ុន Apple គឺមានការធ្លាក់ចុះនៅត្រឹមតែចំនួន 9.7 លានគ្រឿងប៉ុណ្ណោះ ដែលមានការធ្លាក់ចុះទីផ្សារមកនៅត្រឹមតែ 14%។ បើទោះបីជាមានការចុះតម្លៃស្មាតហ្វូនដល់ទៅ 23% ក៏ដោយនោះ ក្រុមហ៊ុននេះក៏បានព្យាយាមក្នុងការរក្សានូវជំហរទីផ្សាររបស់ខ្លួនផងដែរ។ ក្រុមហ៊ុនក្នុងស្រុកជាច្រើន ក៏មានអតិថិជនដ៏ស្មោះត្រង់នៅក្នុងចំណោមអ្នកប្រើប្រាស់ជាច្រើនរបស់ចិន។ ជាការឆ្លើយតបទៅនឹងការធ្លាក់ចុះនេះ ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Apple លោក Jeff Williams ថ្មីៗនេះ ក៏ទើបតែទស្សនៈកិច្ចទៅកាន់ប្រទេសចិន ដើម្បីជួបជាមួយនឹងមន្ត្រី និងការបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនទៅក្នុងទីផ្សារនេះ។
Article image
Lucas Zhong ដែលអ្នកវិភាគរបស់ក្រុមហ៊ុនស្រាវជ្រាវ Canalys បានបញ្ជាក់ថា ក្រុមហ៊ុន Apple ត្រូវធ្វើមូលដ្ឋានីយកម្មទៅលើ “Apple Intelligence” platform នៅក្នុងប្រទេសចិននៅឆ្នាំក្រោយនេះ ដើម្បីទទួលបាននូវអ្វីដែលខ្លួនបានបាត់បង់មកវិញ។ ស្មាតហ្វូន iPhone 16 នឹងអាចជម្រុញទៅលើទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ផងដែរ។ យ៉ាងណាមិញ ការប្រកួតប្រជែងទីផ្សារនេះ ក៏មានភាពស្វិតស្វាញមែនទែន។ ក្រុមហ៊ុនម៉ាកយីហោជាច្រើនក្នុងស្រុកក៏ផ្តល់នូវមុខងារពិសេសៗជាច្រើនជាមួយនឹងតម្លៃសមរម្យ ហើយក្រុមហ៊ុន Apple ក៏នឹងផ្តោតទៅលើរឿងទាំងនេះផងដែរដើម្បីអាចទាមទារនូវការចាប់អារម្មណ៍ឡើងវិញទៅលើទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន៕