ស្វែងរកពួកយើង:

Apple នាំចេញ iPhone បានចំនួន 45.6 លានគ្រឿងក្នុងត្រីមាសទីពីរ 2 ឆ្នាំ 2024 ឈរនៅលំដាប់ថ្នាក់ទីពីរបន្ទាប់ពី Samsung

ដោយ

Koun Jab Luffy

01 សីហា 2024 11:16 ថ្ងៃត្រង់

អាន 2 នាទី

Article image
Canalys បានបញ្ចេញរបាយការណ៍ស្តីពីការនាំចេញស្មាតហ្វូននៅទូទាំងទីផ្សារសកលសម្រាប់ត្រីមាសទីពីរនៃ ឆ្នាំ 2024។ ក្នុងរបាយការណ៍របស់ Canalys បានបញ្ជាក់ថា សម្រាប់ការនាំចេញស្មាតហ្វូនសរុបនៅទូទាំងទីផ្សារសកលលោកក្នុងត្រីមាសទីពីរនៃឆ្នាំ 2024 គឺមានចំនួនសរុប 288.9 លានគ្រឿង ដែលធ្វើឲ្យកំណើនក្នុងការនាំចេញកើនឡើងប្រមាណ 12% ធៀបនឹងរយះពេលដូចគ្នាក្នុងឆ្នាំ 2023។
ក្រុមហ៊ុន Samsung នៅតែជាអធិរាជ្យក្នុងការនាំចេញ និងលក់ស្មាតហ្វូននៅលើទីផ្សារពិភពលោក។ ដោយក្នុងត្រីមាសទីពីរឆ្នាំ 2024 នេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សកូរ៉េខាងត្បូងមួយនេះបាននាំចេញស្មាតហ្វូនសរុបចំនួន 53.5 លានគ្រឿង គ្រប់គ្រងចំនែកទីផ្សារសរុប 18%។
Article image
ហើយស្មាតហ្វូនកំពូលរបស់ Samsung គឺជាអ្នកជម្រុញការបង្កើនប្រាក់ចំណូលឲ្យកើនឡើង។ ចំនែកក្រុមហ៊ុនបិតាបច្ចេកវិទ្យាសហរដ្ឋអាមេរិក Apple វិញ បាននាំចេញស្មាតហ្វូនបានចំនួន 45.6 លានគ្រឿង ជាអធិរាជ្យទីពីរបន្ទាប់ពី Samsung។ ទីផ្សារលក់ iPhone ដែលខ្លាំងបំផុត គឺនៅទីផ្សារអាមេរិកខាងជើង និងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្រុមហ៊ុន Xiaomi បានឈរនៅជាអធិរាជ្យទីបីបន្ទាប់ពី Samsung និង Apple ដោយក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិននេះ បាននាំចេញ និងលក់ស្មាតហ្វូនបានចំនួន 42.3 លានគ្រឿង។ Xiaomi ក៏បានឈរនៅលំដាប់កំពូលតារាងនៅក្នុងទីផ្សារស្មាតហ្វូនប្រទេសឥណ្ឌាក្នុងត្រីមាសទីពីរកន្លងទៅដោយកាន់កាប់ចំនែកទីផ្សារសរុបចំនួន 18%។
Article image
ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនមួយផ្សេងទៀត គឺ vivo បានឈរនៅលំដាប់លេខ 4 ជាមួយការនាំចេញស្មាតហ្វូនបានចំនួន 25.9 លានគ្រឿង។ ចំនែក Transsion ដែលជាក្រុមហ៊ុនមេរបស់ Tecno និង Infinix  បានឈរនៅលំដាប់លេខ 5 ដោយបាននាំចេញស្មាតហ្វូនចំនួន 25.5 លានគ្រឿង៕