ស្វែងរកពួកយើង:

Apple និង BYD សហការគ្នាអភិវឌ្ឍទៅលើបច្ចេកវិទ្យាថ្មរត់ចម្ងាយឆ្ងាយសម្រាប់ប្រើប្រាស់លើរថយន្តអគ្គសនី

ដោយ

Koun Jab Luffy

18 តុលា 2024 09:59 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីដែលចេញផ្សាយដោយ macrumors នៅពេលនេះ បាននិយាយថា ក្រុមហ៊ុន Apple បានធ្វើការជាសម្ងាត់ជាមួយនឹងក្រុមហ៊ុនផលិតរថយន្ត BYD របស់ប្រទេសចិន នៅក្នុងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាថាមពលថ្មរថយន្តអគ្គិសនីចម្ងាយឆ្ងាយ (long-range electric vehicle battery technology) ដែលជាផ្នែកមួយនៃគម្រោង Apple Car ។ ព័ត៌មានថ្មីនេះត្រូវបានបញ្ជាក់ចេញពីសារព័ត៌មាន Bloomberg ។
កិច្ចសហការនេះ គឺបានចាប់ផ្តើមតាំងពីឆ្នាំ 2017 មកម្លេះ ដោយក្រុមហ៊ុនធំៗទាំងពីរ មានការផ្តោតទៅក្នុងការបង្កើតនូវប្រព័ន្ធថាមពលថ្មដោយប្រើប្រាស់នូវ lithium iron phosphate (LFP) cells។ ការចូលរួមសហការគ្នានេះ គឺដើម្បីផលិតនូវថាមពលថ្មរថយន្តអគ្គិសនីសម្រាប់ការបើកបររយៈចម្ងាយឆ្ងាយ ហើយក៏នឹងមានការពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាពខ្លាំងជាងមុនថែមទៀតផង។ ភាពជាដៃគូរនេះ គឺក្រុមហ៊ុន Apple បាននាំយកនូវការផ្តោតទៅលើភាពជំនាញទៅលើការបំពាក់នូវថាមពលអាគុយកម្រិតខ្ពស់ និងការគ្រប់គ្រងទៅលើកំដៅ ខណៈពេលដែលក្រុមហ៊ុន BYD គឺផ្តោតទៅលើការប្រើប្រាស់នូវបច្ចេកវិទ្យា LFP cell technology កម្រិតខ្ពស់។
Article image
កិច្ចសហការនេះ គឺជាផ្នែកមួយនៃគម្រោងរថយន្តដែលត្រូវបានលុបចោលរបស់ក្រុមហ៊ុន Apple ដែលក្រុមហ៊ុននេះបានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំជាងមួយទសវត្សន៍។ បើទោះបីជាក្រុមហ៊ុន Apple មិនបានគ្រប់គ្រងទៅលើបច្ចេកវិទ្យាដែលប្រើប្រាស់នៅលើថាមពលថ្ម Blade បច្ចុប្បន្នរបស់ក្រុមហ៊ុន BYD នោះ កិច្ចសហការនេះគឺមានឥទ្ធិពលទៅលើប្រព័ន្ធថាមពលថ្មរបស់ក្រុមហ៊ុន BYD ។
Article image
គម្រោងនេះ គឺដឹកនាំដោយលោក Alexander Hitzinger ដែលមានក្រុមវិស្វករផ្នែកថាមពលថ្មនេះច្រើនជាង 50 នាក់ ចំនែកលោក Michael He ដែលជាអនុប្រធានផ្នែកថាមពលថ្មរបស់ក្រុមហ៊ុន BYD បានដឹកនាំទៅលើក្រុមហ៊ុនរបស់ចិននេះ។ បើទោះបីជាមហិច្ឆិតារបស់ក្រុមហ៊ុន Apple មិនសម្រេចក៏ដោយនោះ ការអភិវឌ្ឍទៅលើថាមពលថ្មនេះ គឺអាចនឹងប្រើប្រាស់ទៅលើផលិតផលបច្ចេកវិទ្យាជាច្រើនទៀតរបស់ក្រុមហ៊ុននេះដែលមានដូចជា Vision Pro headset និង Neural Engine AI ផងដែរ៕