
បន្ទះឈីប iPhone ជំនាន់ចុងក្រោយរបស់ Apple បច្ចុប្បន្ន គឺ A17 Pro មានដំណើរការល្អជាងបន្ទះឈីបកំពូលស្មាតហ្វូន Android ជំនាន់ចុងក្រោយ Qualcomm Snapdragon 8 Gen 3។ ហើយនៅពេលនេះ Apple ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការលើបន្ទះឈីប iPhone ជំនាន់ថ្មី គឺ A18 Pro ហើយបសម្រាប់សមត្ថភាពនៃបន្ទះឈីប iPhone ជំនាន់ថ្មីចុងក្រោយនេះ ក៏ត្រូវបានគេបង្ហាញពិន្ទុនៅលើកម្មវិធី Geekbench 6 ជាច្រើនរួចហើយដែរ។
បើតាមការទម្លាយនៅលើកម្មវិធី Geekbench 6 កន្លងមកបានបង្ហាញថា សម្រាប់ពិន្ទុនៅលើ single-core CPU របស់ A18 Pro ឃើញថាមានភាពល្អប្រសើរជាង បើប្រៀបធៀបទៅនឹង single-core CPU របស់ជំនាន់ A17 Pro ដែលកំពុងប្រើនៅលើ iPhone 15 Pro និង iPhone 15 Pro Max បច្ចុប្បន្ន។

មានព័ត៌មានចចាមអារាមជាច្រើនបាននិយាយថា ឆ្នាំនេះ Apple នឹងប្រើ A18 SoC នៅគ្រប់ម៉ូដែលនៃ iPhone 16 Series។ ហើយនេះ គឺជាដំណឹងដ៏ល្អសម្រាប់អ្នកប្រើប្រាស់ដែលកំពុងពិចារណាទិញ iPhone 16 Series ឆ្នាំនេះ។ ដោយនៅលើ iPhone 15 និង iPhone 15 Plus គឺបានប្រើបន្ទះឈិបដែលបានបង្ហាញវត្តមាននៅលើ iPhone 14 Prs Series ដែលចេញក្នុងឆ្នាំ 2022 គឺឈីប A16 Bionic។ ហើយអ្នកប្រើប្រាស់ជាច្រើនបានសម្រេចចិត្តមិនទិញ iPhone 14 និង iPhone 14 Series មិន Pro ប្រើ ដោយសារតែសមត្ថភាពអង្គ processor មិនខ្លាំងបំពេញតាមតម្រូវការប្រើប្រាស់របស់ពួកគេ។
បើតាមការបង្ហាញពិន្ទុនៅលើកម្មវិធី Geekbench 6 ឲ្យឃើញថា បន្ទះឈីបជំនាន់ថ្មី Apple A18 Pro ទទួលបានពិន្ទុ 3,500 នៅលើ single-core CPU និង 8,200 នៅលើ multi-core CPU ដែលបង្ហាញថាដំណើរការនៃប្រព័ន្ធ single-core CPU របស់ A18 Pro គឺល្អប្រសើរជាងបើធៀបនឹង A17 Pro ជំនាន់មុន។ ដោយ A17 Pro ទទួលបានពិន្ទុត្រឹមតែ 2,906 នៅលើ single-core CPU និង 7,231 នៅលើ Multi-core CPU។ ទន្ទឹមនេះ កាលពីពេលថ្មីៗនេះ នៅលើបញ្ចី Geekbench ក៏បានទម្លាយសមត្ថភាពនៃបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4 ផងដែរ ដោយបានបង្ហាញថាពីដំណើរការនៅលើ Multi-core CPU គឺខ្លាំងជាង Apple A18 Pro ។

ដោយក្នុងនោះ Qualcomm Snapdragon 8 Gen 4 ទទួលបានពិន្ទុ 2,985 នៅលើ single core CPU និងដល់ 10,762 នៅលើ multi-core CPU ដែលវាមានសមត្ថភាពជិតប្រហាក់ប្រហែលនឹងបន្ទះឈីប ជំនាន់ថ្មី M3 របស់ Apple ឯណោះ។ ទោះជាយ៉ាងណានេះ គ្រាន់តែជាពិន្ទុស្ថិតនៅលើបញ្ចីនៃកម្មវិធីផ្តល់អោយតែប៉ុណ្ណោះ សម្រាប់សមត្ថភាពពិតប្រាកដ យើងនឹងបានដឹងនៅពេលដែលស្មាតហ្វូនជំនាន់ថ្មីដែលប្រើបន្ទះឈីប Snapdragon 8 Gen 4 បង្ហាញខ្លួននៅក្នុងត្រីមាសទី 4 នៃឆ្នាំ 2024 នេះ។ ជាពិសេសការប្រៀបធៀបរវាង Apple A18 Pro និង Snapdragon 8 Gen 4 នឹងបង្ហាញពីបន្ទះឈីបមួយណាខ្លាំងជាងពេលដែលបន្ទះឈីបជំនាន់ថ្មីទាំងពីរនេះបានប្រើប្រាស់នៅលើឧបករណ៍ដែលចេញនៅចុងឆ្នាំ 2024 ឬនៅឆ្នាំ 2025 ខាងមុខនេះ៕
