
បើយោងទៅលើរបាយការណ៍ថ្មីចេញផ្សាយដោយបណ្តាញ MacRumors បានបញ្ជាក់ថា Apple នឹងមានព្រឹត្តិការណ៍ប្រកាសចេញផលិតផលថ្មីមួយចំនួននៅក្នុងសប្តាហ៍នេះ។ ក្រុមហ៊ុនក៏បានធ្វើការប្រកាសពីការរៀបចំព្រឹត្តិការណ៍ប្រកាសចេញផលិតផលថ្មីរបស់ខ្លួននៅលើគេហទំព័រផ្លូវការណ៍របស់ក្រុមហ៊ុនផងដែរ ដូច្នេះសបញ្ជាក់ថា Apple នឹងធ្វើការប្រកាសចេញផលិតផលថ្មីៗរបស់ខ្លួនក្នុងពេលឆាប់ៗនេះ គ្រាន់តែក្រុមហ៊ុនមិនទាន់បានបញ្ជាក់ពីស្រឡាយផលិតផលថ្មីរបស់ខ្លួនដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះនៅទេ។ ប៉ុន្តែ បើតាមដឹងផលិតផលថ្មីៗទាំងនោះអាចមានដូចជា iPads Tablet, MacBook Computer ជំនាន់ថ្មី រួមនឹងស្រឡាយផលិតផលប្រើប្រាស់ថ្មីៗដែលមានការកែប្រែរចនាបថឡើងថ្មីមួយចំនួនទៀត។
បើតាមការបញ្ជាក់ពីលោក Mark Gurman ដែលជាអ្នកជំនាញវិភាគមកពីស្ថាប័ន Bloomberg បានបង្ហើបឲ្យដឹងថា Apple មានគម្រោងធំក្នុងការប្រកាសចេញផលិតផលថ្មីក្នុងនោះមានដូចជា iPad Pros, iPad Air និង MacBook Air ជំនាន់ថ្មី ក៏ដូចជា Magic Keyboard និង Apple Pencil ជំនាន់ថ្មីផងដែរ។ ទោះជាយ៉ាងណាសម្រាប់ព្រឹត្តិការណ៍ប្រកាសចេញផលិតផលថ្មីៗទាំងនេះ Apple នឹងមិនធ្វើរៀបចំព្រឹត្តិការណ៍នៅលើឆាកផ្ទាល់ដូចព្រឹត្តិការណ៍បង្ហាញចេញ iPhones នោះទេ ដោយក្រុមហ៊ុននឹងរៀបចំធ្វើការ live stream ព្រឹត្តិការណ៍នៅលើគេហទំព័រផ្ទាល់តែម្តង។ ហើយព្រឹត្តិការណ៍អាចនឹងត្រូវរៀបចំនៅក្នុងខែមីនា និងការផ្សព្វផ្សាយវីដេអូព្រឹត្តិការណ៍អាចនឹងធ្វើឡើងនៅចុងខែមីនា ឬនៅដើមខែមេសា។
បើតាមប្រភពព័ត៌មានចចាមអារ៉ាមបាននិយាយថា Apple នឹងធ្វើការប្រកាសចេញ iPad Pro Series 2024 ដែលបំពាក់បន្ទះឈីប M3 និងប្រើបច្ចេកវិទ្យាអេក្រង់ OLED Display ដំបូងរបស់ខ្លួន ជាមួយការឌីស្សាញរូបរាងឡើងជាមួយកម្រាស់ស្តើងបំផុត ហើយនិងអាចគាំទ្រការសាកភ្លើងជាមួយនឹងឆ្នាំងសាក MagSafe Wireless charger ផងដែរ។ ហើយសម្រាប់ម៉ូដែល iPad Air ជំនាន់ថ្មីវិញអាចនឹបំពាក់នូវបន្ទះឈីប M2 និងមានម៉ូដែលថ្មីមួយបន្ថែមទៀតដែលមាន 12.9-inch ដូច iPad Pro 12.9-inch ថែមទៀតផង។

ជាមួយគ្នានេះ Apple ត្រូវបានគេដឹងថា នឹងមានការធ្វើរចនាបថថ្មីឡើងវិញសម្រាប់ Magic Keyboard សម្រាប់ iPad Pro ជាមួយ Trackpad ធំជាងមុន ក៏ដូចជាការធ្វើ Upgrade ទៅលើ Apple Pencil ឲ្យមានដំណើរការកាន់តែប្រសើរជាមួយការបន្ថែមនូវមុខងារថ្មីៗមួយចំនួនផងដែរ។ ក្រៅតែពីស្រឡាយ iPad ជំនាន់ថ្មីទៅ Apple ក៏នឹងមានការដាក់បង្ហាញនូវ MacBook Air 13-inch និង Air 15-inch ដែលប្រើនូវបន្ទះឈីប M3, ជាមួយការបង្កើនសមត្ថភាពជាមួយប្រព័ន្ធបច្ចេកវិទ្យា Wi-Fi 6E និង Bluetooth 5.3។ ទោះជាយ៉ាងណាមិនមានការបញ្ជាក់ពីការដាក់បង្ហាញវត្តមាននៅ iPhone 15 និង 15 Plus ជាមួយពណ៌ថ្មី រួមនឹងស្រោមការពារ iPhone និង Apple Watch Series នោះទេ។ ហើយសម្រាប់ Apple TVs និង Home Pod 2024 មិនត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ក្នុងខែមីនានេះនោះទេ៕
