ស្វែងរកពួកយើង:

Apple បាននឹងកំពុងធ្វើការជាមួយ BYD ក្នុងការអភិវឌ្ឍន៍បង្កើនប្រសិទ្ធិភាពបច្ចេកវិទ្យាថ្ម LFP Battery

ដោយ

Koun Jab Luffy

18 តុលា 2024 04:16 ល្ងាច

អាន 3 នាទី

Article image
ក្រុមហ៊ុនបិតាបច្ចេកវិទ្យាសហរដ្ឋអាមេរិក Apple ត្រូវបានគេដឹងថា បានធ្វើការលប់ចោលនូវគម្រោងខ្នាតយក្ស “Titan Project” ដែលជាគម្រោងផ្តោតទៅលើការអភិវឌ្ឍន៍ផលិតរថយន្តអគ្គិសនីបើកបរស្វ័យប្រវត្តិ “Apple Car”។ យ៉ាងណាមិញ ស្រាប់តែពេលនេះ មានលិចលឺដំណឹងថា Apple បាននឹងកំពុងធ្វើការជាមួយក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងថ្មដ៏ធំបំផុតរបស់ប្រទេសចិន ក្នុងាការអភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យាថ្ម LFP ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ និងអាយុកាលប្រើប្រាស់បានយូរអង្វែង។
ទោះជាយ៉ាងណា បើតាមប្រភពបានបញ្ជាក់ថា Apple បានសហការជាមួយ BYD យ៉ាងសំងាត់តាំងពីអំឡុងឆ្នាំ 2017 មកម្ល៉េះ ដោយផ្តោតទៅលើការអភិវឌ្ឍន៍បច្ចេកវិទ្យាកោសិកាថ្មលីចូមផូសស្វាត (LFP Battery)។ ដោយបច្ចេកវិទ្យានេះ ត្រូវបានគេដឹងថា មានអត្ថប្រយោជន៍ចំពោះអាយុកាលយូរអង្វែង និងសុវត្ថិភាពខ្ពស់ចំពោះកញ្ចប់អាគុយរថយន្តអគ្គិសនីនាពេលបច្ចុប្បន្ន និងពេលអនាគត។ ចំពោះកិច្ចសហការជាមួយ BYD នេះត្រូវបានគេមើលឃើញថា Apple អាចនឹងធ្វើឲ្យគម្រោង Titan Project ដែលបានប្រកាសលប់ចោលនាពេលកន្លងមក អាចរស់ឡើងវិញជាថ្មីម្តងទៀត សម្រាបអនាគតរថយន្តអគ្គិសនី Apple Car។
Article image
ក្រុមងារវិស្វករ Apple បាននាំយកជំនាញរបស់ពួកគេក្នុងការអភិវឌ្ឍន៍កញ្ចប់ថ្មរថយន្តអគ្គិសនីកម្រិតខ្ពស់ និងការគ្រប់គ្រងកម្ដៅ ខណៈពេលដែល BYD បានចូលរួមចំណែកផលិតភាព និងប្រព័ន្ធបច្ចេកវិទ្យាកោសិកាថ្មថ្មីនៃថ្ម LFP។ ទោះបីជាក្រុមហ៊ុនទាំងពីរមិនបានបញ្ជាក់ជាផ្លូវការអំពីការអភិវឌ្ឍន៍ថ្មរួមគ្នាក៏ដោយ ប៉ុន្តែ BYD បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បច្ចេកវិទ្យា "Blade battery" របស់ខ្លួនដែលបច្ចុប្បន្នផ្តល់ថាមពលដល់ត្រកូលរថយន្តអគ្គិសនីទាំងមូលមានប្រភពមកពីការអភិវឌ្ឍន៍ដោយវិស្វករផ្ទាល់របស់ក្រុមហ៊ុនខ្លួន។ បើទោះបីជាយ៉ាងណាក៏ដោយ ប្រភពជិតស្និទ្ធនឹងការអភិវឌ្ឍន៍នេះ បានលើកឡើងថា ការរចនាថ្មរបស់ Blade បានកើតមានឡើងនាអំឡុងពេលសហការជាមួយ Apple។
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បានស្វែងរកដៃគូសហកាក្នុងការជម្រុញយ៉ាងខ្លាំងសម្រាប់គម្រោងនៃការបង្កើនប្រសិទ្ធិភាពរថយន្តអគ្គិសនីនាពេលអនគតរបស់ខ្លួន នៅពេលនោះ ក្រុមហ៊ុនបិតាបច្ចេកវិទ្យា Cupertino មួយនេះបាននឹងកំពុងសិក្សាអំពីគីមីសាស្ត្រនៃសមធាតុថ្មផ្សេងៗ រួមទាំងប្រភេទថ្មនីកែល និងអាល់កាឡាំង ជាដើម ហើយបានវិនិយោគយ៉ាងច្រើនក្នុងការរចនាកញ្ចប់ថ្ម និងវិស្វកម្មដើម្បីបង្កើនដង់ស៊ីតេនៃកោសិការបស់ថ្ម។
Article image
ចំពោះកិច្ចសហប្រតិបត្តិការជាមួយ BYD គឺ Apple មានគោលបំណងជួយដល់ការអភិវឌ្ឍន៍ប្រព័ន្ធថាមពលថ្មសម្រាប់ការបើកបរបានរយះចម្ងាយឆ្ងាយ។ ទោះបីជាមានការខិតខំប្រឹងប្រែងរួមគ្នាជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែ នៅទីបំផុត Apple បានសម្រេចចិត្តស្វែងរកប្រព័ន្ធបច្ចេកវិទ្យាថ្មពីក្រុមហ៊ុនផលិតផ្សេងទៀតផងដែរ។ គម្រោងនៃការអភិវឌ្ឍន៍ផលិតរថយន្តអគ្គិសនី គឺមានបញ្ហាប្រឈមមុខនឹងការពន្យារពេលជាច្រើន ហើយសេដ្ឋកិច្ចដ៏លំបាកនៃទីផ្សារ រថយន្តអគ្គិសនីទំនងជាផ្នែកមួយក្នុងការសម្រេចចិត្តរបស់ Apple ក្នុងការផ្អាកគម្រោងដ៏មហិមាមួយនេះ៕