ស្វែងរកពួកយើង:

Apple មិនទាន់ប្រើប្រាស់កាមេរ៉ា 200MP សម្រាប់ iPhones នោះទេរហូតដល់ឆ្នាំ 2028

ដោយ

Koun Jab Luffy

08 មករា 2026 09:40 ព្រឹក

អាន 2 នាទី

Article image
គិតមកដល់ពេលនេះ ការប្រើប្រាស់កាមេរ៉ាទំហំ 200MP នៅលើស្មាតហ្វូនលែងកា្លយជារឿងគួរអោយភ្ជាក់ផ្អើលទៀតហើយសម្រាប់ស្មាតហ្វូនប្រភេទ Android សម្រាប់ឆ្នាំ 2026 នេះ ដោយសារតែនៅដ៏ខ្លីខាងមុខនេះ គឺនឹងមានក្រុមហ៊ុនមួយចំនួនអាចនឹងប្រើប្រាស់កាមេរ៉ា 200MP នេះចំនួនដល់ទៅ 2 គ្រាប់ នៅលើស្មាតហ្វូនតែមួយថែមទៀតផង។ ប៉ុន្តែបើមើលទៅលើ Apple វិញ ហាក់បីដូចជាមិនទាន់ចង់ចូលប្រឡូកជាមួយនិងនិន្នការកាមេរ៉ាទំហំ 200MP នេះនៅឡើយទេ។
ជាក់ស្តែងសម្រាប់ iPhone 17 Pro ដែលជាម៉ូដែលខ្ពស់ជាងគេ ក៏នៅតែបន្តប្រើប្រាស់កាមេរ៉ាទំហំ 48MP ដដែល។ បន្ថែមពីនេះបើតាមរបាយការណ៌ថ្មីដែលទើបតែចេញផ្សាយនោះ ក៏និយាយដូចគ្នានេះដែរ ដោយលើកឡើងថា Apple នឹងមិនប្រញ៉ាប់ប្រើប្រាស់កាមេរ៉ា 200MP នេះនោះទេ។ តាមកត់សម្គាក់ពី Morgan Stanley បង្ហាញនៅលើ AppleInsider បានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងមិនទាន់ប្រើប្រាស់កាមេរ៉ាទំហំ 200MP នៅលើ iPhone ជំនាន់ថ្មីនោះទេរហូតដល់ឆ្នាំ 2028។ ដូច្នេះប្រសិនបើត្រូវប្រើប្រាស់មែន គឺអាចនឹងមាននៅលើ iPhone 21។
សូមជំរាបថា មុននេះមានការបង្ហោះនៅលើ Weibo ថា ក្រុមហ៊ុន Apple បានធ្វើតេស្តទៅលើសិនស័រកាមេរ៉ាទំហំ 200MP ហើយដោយថែមទាំងបញ្ជាក់ថា មានការផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung ទៀតផង។ ប៉ុន្តែអ្នកទម្លាយរូបនេះ មិនបានបញ្ជាក់ថា កាមេរ៉ាទំហំ 200MP នឹងមានការប្រើប្រាស់នៅលើ iPhone 18 Series នោះទេ។
Article image
តាមការបញ្ជាក់ថ្មីៗនេះ បានបង្ហើបថា  iPhone 18 Pro នឹងមានការប្រើប្រាស់កាមេរ៉ាគោលទំហំ 48MP និងគាំទ្រដោយកាមេរ៉ា variable aperture ហើយនឹងមានកាមេរ៉ាមួយគ្រាប់ទៀតទំហំ 48MP periscope telephoto lens មាន Aperture ធំជាងមុន។ អ្នកទម្លាយរូបនេះ បន្ថែមថា ក្រុមហ៊ុន Apple ក៏កំពុងស្វែងរកនូវកាមេរ៉ាថ្មីសម្រាប់ iPhone ជំនាន់ថ្មីផងដែរ ប៉ុន្តែមិនទាន់មានការធ្វើតេសផ្លូវការណ៌នោះទេ គឺកំពុងតែវាយតម្លៃប៉ុណ្ណោះ។