
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា កំពុងមានគម្រោងក្នុងនាំយកមកវិញនូវ Classic Accessory មកជាមួយនឹងវត្តមានទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ខ្លួនដែលនឹងមកដល់នៅខែកញ្ញា ឆ្នាំនេះ។ យោងទៅលើការអះអាងពីលោក Mark Gurman មកពីស្ថាប័នសារព័ត៌មានល្បីឈ្មោះ Bloomberg បានឲ្យដឹងថា Apple កំពុងពិចារណាក្នុងការរចនាស្រោបការពារប្រភេទ Bumper Case សម្រាប់ប្រើជាមួយនឹងទូរស័ព្ទ iPhone ជំនាន់ថ្មីម៉ូដែលថ្មី គឺ iPhone 17 Air ដែលត្រៀមបង្ហាញខ្លួននៅខែកញ្ញា ឆ្នាំ 2025 នេះ។
ស្រោបការពារតួរទូរស័ព្ទប្រភេទ Bumper Case នេះ ត្រូវបាន Apple បង្ហាញដំបូងជាមួយនឹងវត្តមានរបស់ iPhone 4 ដែលចេញកាលពីឆ្នាំ 2010។ Bumper Case គឺមិនដូចស្រោមការពារទូទៅនោះទេ ដោយសារតែវាមានតួរនាទីចម្បងក្នុងការការពារស៊ុមជុំវិញរបស់ទូរស័ព្ទតែប៉ុណ្ណោះ។
ការដែល Apple សម្រេចក្នុងការផលិត Bumper Case វិញត្រូវបានគេដឹងថា ដោយសារតែការឌីស្សាញរបស់ iPhone 17 Air គឺមានកម្រាស់ស្តើងខ្លាំង ដែលត្រូវបានគេដឹងថាមានកម្រាស់ត្រឹម 6.2mm ហើយការប្រើស្រោបការពារ Bumper Case គឺអាចជួយការពារតួររបស់ iPhone 17 Air ពីការធ្លាក់ និងការកូសឆ្កូតដោយយថាហេតុបាន។
ដោយឡែកបើតាមប្រភពព័ត៌មានចេញពី Wayne Ma បានបញ្ជាក់ផងដែរថា Apple កំពុងធ្វើការអភិវឌ្ឍន៍ផលិតស្រោមប្រភេទ battery case សម្រាប់ប្រើជាមួយ iPhone 17 Air ផងដែរ។ ទោះជាយ៉ាងណានេះ មិនមែនជាលើកដំបូងសម្រាប់ Apple ក្នុងការផលិត Accessory ប្រភេទនេះនោះទេ ដោយយើងបានឃើញរួចមកហើយនូវ Accessory របស់ Apple ផលិតបានដូចជា Samst Battery Cases សម្រាប់ស៊េរី iPhone 11 និង MagSafe Battery Pack សម្រាប់ប្រើជាមួយ iPhone ជំនាន់ថ្មីៗចុងក្រោយជាដើម។
សម្រាប់សារធាតុប្រើក្នុងការផលិត bumper case អាចជាប្រភេទ Silicon ឬក៏ Plastic ដែលត្រូវបានកែច្នៃឡើងវិញ។ ទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់ពីវត្តមានប្រព័ន្ធអង់តែន ឬ Antenna ភ្ជាប់នៅលើ bumper case នៅឡើយទេ។ វត្តមាន iPhone 17 Air ថ្មី ត្រូវបានគេដឹងថា នឹងមានអេក្រង់ទំហំ 6.6-inch OLED Display, ប្រើបន្ទះឈីប A19 និងមានកាមេរ៉ាក្រោយមួយគ្រាប់ទំហំ 48MP។

មានព័ត៌មានមួយចំនួនបង្ហើបពីវត្តមាននៃ Battery case សម្រាប់ iPhone 17 Air ដែលស្រោមថ្មនេះអាចនឹងមានថាមពលថ្ម 1,200mAh ហើយអាចគាំទ្រជាមួយនឹងការសាកតាមរយះ MagSafe Charger Pad ថែមទៀតផង។iPhone 17 Air ត្រូវបានគេព្យាករណ៍ថា នឹងមានតម្លៃខ្ទង់ $999 ដែលជាតម្លៃស្ថិតនៅចន្លោះតម្លៃ iPhone ម៉ូដែលធម្មតា និងម៉ូដែល Pro។
