
យោងតាមរបាយការណ៍ថ្មីចុងក្រោយនេះ បានអះអាងថា Apple មានគម្រោងក្នុងការប្រកាសចេញ iPhone 17 Ultra ក្នុងឆ្នាំនេះ។ ហើយគម្រោងនេះ ត្រូវបានប្រភពលេចលឺជាច្រើនមកហើយនាពេលកន្លងមក ដោយចាប់តាំងពីមុនការបង្ហាញវត្តមាន iPhone 15 Pro និង iPhone 16 Pro Series មកម្ល៉េះ ដោយនិយាយថា iPhone ម៉ូដែល Ultra នឹងចូលខ្លួនមកជំនួនម៉ូដែល Pro Max។
ប្រភពព័ត៌មានថ្មីនេះត្រូវបានទម្លាយដោយប្លុកទម្លាយព័ត៌មានឈ្មោះថា Never ដោយបានអះអាងថា Apple នឹងបញ្ចេញ iPhone 17 Ultra ដើម្បីជំនូសម៉ូដែល iPhone 17 Pro Max នៅឆ្នាំ 2025 នេះ។ ជាមួយគ្នានេះបើតាមអ្នកវិភាគផ្នែកសង្វាក់ផ្គត់ផ្គង់ទីផ្សារបានបញ្ជាក់ផងដែរថា Apple កំពុងធ្វើការរៀបចំក្នុងការប្រកាសចេញទូរសព្ទ iPhone ម៉ូដែលថ្មីរបស់ខ្លួនជាមួយនឹងការបំពាក់នូវផ្នែករឹង (Hardware) ថ្មីជាច្រើន ក្នុងនោះមានការបំពាក់នូវបច្ចេកវិទ្យាអេក្រង់ថ្មីដែលមានទម្រង់ Dynamic Island តូចជាងមុនជាដើម។
ប្រភពក៏បានបន្ថែមទៀតថា Apple ក៏នឹងមានការប្រើប្រាស់នូវប្រព័ន្ធបន្សាបកម្តៅថ្មី Vapor chamber system នៅលើម៉ូដែល iPhone 17 Ultra ព្រមទាំងបង្កើនទំហំថាមពលថ្មធំជាង iPhone 16 Pro Max ឆ្នាំមុន ហើយនិងមានកម្រាស់របស់ iPhone 17 Ultra ស្តើងជាងបន្តិចផងដែរ។

ជាការកត់សំគាល់ នៅរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Apple បានធ្វើការបញ្ចេញផលិតផលរបស់ខ្លួនជាមួយនឹងស្លាកឈ្មោះម៉ូដែលថា Ultra ដូចជា Apple Watch Ultra ឬក៏ M3 Ultra Chip ជាដើម។ លើសពីនេះ ចំពោះការបង្ហាញវត្តមាននៃម៉ូដែល iPhone Ultra ជាមួយនឹងការអាប់ដេតផ្នែករឹងយ៉ាងសំខាន់ គឺអាចផ្តល់ឱ្យ Apple នូវយុទ្ធសាស្ត្រថ្មីមួយទៀតដើម្បីឲ្យក្រុមហ៊ុនអាចធ្វើការដំឡើងតម្លៃរបស់ iPhone និងអាចបង្កើនប្រាក់ចំណេញផងដែរ៕
