ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានទម្លាយថា ខ្លួននឹងដំណើរការនូវ AppStore នៅក្នុងទ្វីបអ៊ឺរ៉ុបនៅដើមឆ្នាំក្រោយនេះ ហើយការដំណើរការនេះគឺជាទីផ្សារដំបូងបំផុត ដែលទទួលបានសេវាកម្មក្រៅពីប្រទេសចិននោះ។ ព័ត៌មានដ៏អស្ចារ្យនេះ ត្រូវបានប្រកាសនៅក្នុងព្រឹត្តិការណ៍ Eco-Connect Europe របស់ក្រុមហ៊ុន Huawei នៅក្នុងទីក្រុងប៊ែកឡាំង កាលពីសប្តាហ៍មុននេះ ដែលជាកន្លែងក្រុមហ៊ុន Huawei បានពិភាក្សាផងដែរ ទៅលើគម្រោងជាច្រើនអំពី “ការធ្វើពាណិជ្ជកម្មឌីជីថលនៃអាជីវកម្មជាច្រើននៅទ្វីបអ៊ឺរ៉ុប។”
Huawei AppStore គឺជាសេវាកម្មដែលស្រដៀងគ្នាទៅនឹង Galaxy Apps store របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ហើយវានឹងតម្លើងមករួចជាស្រេចនៅលើស្មាតហ្វូនម៉ាកយីហោ Huawei និង Honor ចាប់ផ្តើមពីត្រីមាសទី 1 ឆ្នាំ 2018 ។ ក្រុមហ៊ុន Huawei បាននិយាយថា ខ្លួនកំពុងតែធ្វើការជាមួយ “កម្មវិធីសំខាន់ៗចំនួន 15 និងក្រុមអ្នកអភិវឌ្ឍហ្គេម” ដើម្បីជួយក្នុងការដំណើរការ App Store ហើយវាក៏នឹងភ្ជាប់មកជាមួយនឹងសេវាកម្មវីដេអូផងដែរ។ ហើយនេះគឺជាប្រភេទ Ad-Free និងផ្តោតទៅលើ Content ពិភពលោក និងក្នុងតំបន់ ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតនៅមិនទាន់បញ្ជាក់ឱ្យដឹងនៅឡើយទេ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ខ្លួននឹងខិតខំបង្កើតនូវវេទិកាឌីជីថលដោយបើកចំហរដើម្បី “ជម្រុញការកែច្នៃឆ្លងកាត់ឧស្សាហកម្ម” និង “ការនាំយកតម្លៃច្បាស់លាស់ទៅកាន់សហគមន៍ និងសហគ្រាសនៅអ៊ឺរ៉ុប” ។ AppStore និងសេវាកម្មវីដេអូនៅអ៊ឺរ៉ុបនឹងក្លាយជាផ្នែកមួយនៃគំនិតផ្តួចផ្តើម។ ទន្ទឹមគ្នានេះផងដែរ ក្រុមអ្នកអភិវឌ្ឍគេហទំព័ររបស់ក្រុមហ៊ុន Huawei អះអាងថា អ្នកប្រើប្រាស់ច្រើនជាង 210 លាននាក់ទាញយកកម្មវិធី Apps ច្រើនជាង 45 ពាន់លានដងចេញពី App Store របស់ Huawei ។ សម្រាប់ Themes នៅលើស្មាតហ្វូន Huawei ក៏ជាចំណុចប្រទាក់អារម្មណ៍ទៅលើសេវាកម្មនេះផងដែរ៕
