
បន្ទាប់ពីបានធ្វើការប្រកាសចេញម៉ូនីទ័រអេក្រង់កោងម៉ូដែល ROG Swift OLED PG34WCDM ជាសកលកាលពីអំឡុងខែសីហា ឆ្នាំ 2023 ពេលនេះក្រុមហ៊ុន Asus បានធ្វើការប្រកាសចេញលក់ផ្លូវការណ៍នៅក្នុងទីផ្សារសកល។ ម៉ូនីទ័រអេក្រង់កោង ROG Swift OLED PG34WCDM បំពាក់បច្ចេកវិទ្យាអេក្រង់ OLED ទំហំ 34-inch ដែលគាំទ្រកម្រិតរីសូលូស៊ិន 3440 x 1440 ភិចសែល ជាមួយកម្រិតភាពកោង 800R Curvature ដែលល្អបំផុតសម្រាប់ការប្រើប្រាស់បំពេញកិច្ចការងារ ទស្សនាវីដេអូ និងការលេងហ្គេមកម្សាន្ត។
បច្ចេកវិទ្យាអេក្រង់កោងរបស់ម៉ូនីទ័រស៊េរីថ្មីរបស់ Asus មួយនេះ គាំទ្រល្បឿន refresh rate 240Hz ជាមួយល្បឿន response time 0.03ms ដែលធ្វើឲ្យការបង្ហាញចេញទទួលបានភាពច្បាស់ smooth ល្អ និងកាត់បន្ថយកម្រិត motion blur បានយ៉ាងល្អ។ ជាងនេះទៅទៀតបច្ចេកវិទ្យាអេក្រង់ OLED Technology ក៏ផ្តល់នូវគុណភាពទឹកពណ៌បានច្បាស់ដិតបែបធម្មជាតិ កម្រិតទឹកខ្មៅបង្ហាញចេញខ្មៅដិតខ្លាំងបំផុត និងមានកម្រិត Contrast ខ្ពស់ខ្លាំងថែមទៀតផង ដែលធ្វើឲ្យការប្រើប្រាស់ និងការទស្សនាបានច្បាស់ចេញពីគ្រប់ផ្នែកគ្រប់ជ្រុងនៃអេក្រង់របស់ម៉ូនីទ័រ។
ជាមួយគ្នានេះ បច្ចេកវិទ្យាអេក្រង់ OLED Display របស់ Asus ROG Swift OLED PG34WCDM ក៏គាំទ្រមុខងារ G-Sync ដែលរិតតែជួយអោយការបង្ហាញនៅលើផ្ទៃអេក្រង់ទទួលបានគុណភាពខ្ពស់ថែមមួយកម្រិតទៀតជាពិសេសនៅពេលដំណើរវីដេអូហ្គេមតែម្តង។ លើពីនេះទៅទៀតបច្ចេកវិទ្យាអេក្រង់ OLED Display របស់ម៉ូនីទ័រកោងស៊េរីថ្មីរបស់ Asus នេះ មានកម្រិតពន្លឺខ្ពស់ដល់ទៅ 1,300nits ព្រមទាំងគាំទ្រមុខងារ HDR ថែមទៀតផង។ សម្រាប់រន្ធតំណភ្ជាប់វិញ រួមមានរន្ធ HDMI2.1, DisplayPort 1.4, USB-C, USB-A3.2 រួមនឹងរន្ធសាកថ្មទៅកាន់ឧបករណ៍អេឡិចត្រូវនិចផ្សេងកំលាំង 90W។

Asus ROG Swift OLED PG34WCDM មានដាក់លើនៅហាង Tmall ក្នុងប្រទេសចិនជាមួយតម្លៃខ្ទង់ 11,494 យាន់ ឬប្រហែលខ្ទង់ $1,615 ប៉ុន្តែមានការបញ្ចុះតម្លៃមកនៅត្រឹម $1,405 ប៉ុណ្ណោះ។ ហើយបើតាមប្រភពព័ត៌មានចុងក្រោយបានបញ្ជាក់ថា Asus ROG Swift OLED PG34WCDM ក៏បានបើកទទួលការបញ្ជាទិញសម្រាប់ទីផ្សារអាមេរិក និងចក្រភពអង់គ្លេសផងដែរ៕
