
ក្រុមហ៊ុន ASUS ត្រៀមធ្វើការប្រកាសចេញកុំព្យូទ័រយួរដៃជំនាន់ថ្មីចុងក្រោយម៉ាក ROG និង PC នៅក្នុងប្រទេសឥណ្ឌាក្នុងខែកុម្ភៈនេះ។ កាលបរិច្ឆេទក្នុងការប្រកាសចេញ Laptop និង PC ជំនាន់ចុងក្រោយរបស់ ASUS នឹងត្រូវធ្វើឡើងនៅថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2024 នាវេលាម៉ោង 12:00PM ដោយក្នុងនោះមានដូចជា Asus ROG Zephyrus G16, ROG Strix Scar 16, និង ROG Strix Scar 18 Laptop រួមនឹង Desktop PC ស៊េរីថ្មីដូចជា ROG G22CH, ROG Strix G13CH, និង ASUS S501ME។
ម៉ាស៊ីនកុំព្យូទ័រជំនាន់ថ្មីចុងក្រោយរបស់ Asus គឺនឹងផ្តល់នូវអនុភាព និងប្រសិទ្ធិភាពល្បឿនប្រើការខ្លាំងក្លាបំផុត ព្រោះថា Asus បានប្រើប្រាស់បច្ចេកវិទ្យាបន្ទះ CPU របស់ Intel ជំនាន់ចុងក្រោយជំនាន់ Intel Core Ultra រហូតដល់ Intel Core i9-14900HX ភ្ជាប់ជាមួយ GPU ស៊រី NVIDIA GeForce RTX 4090។ ចំនែក ម៉ូដែល ROG G22CH workstation PC វិញ គឺបានធ្វើការ Custom នូវប្រព័ន្ធសារធាតុត្រជាក់ Liquid cooling និងប្រើ Intel Core i7 14700F CPU។
ជាមួយគ្នានេះបើតាមប្រភពបានបញ្ជាក់ថា អតិថិជនក្នុងប្រទេសឥណ្ឌា ដែលបានធ្វើការជាវ Laptop ម៉ូដែលណាមួយ ឬ Desktop PC នាអំឡុងថ្ងៃប្រកាសចេញ Asus នឹងមានការលក់ជូននូវកាសស៊េរី ASUS TUF Gaming H3 gaming headset ក្នុងតម្លៃត្រឹមតែ 1 រ៉ូពីប៉ុណ្ណោះ ហើយដើម្បីទទួលបានការផ្តល់ជូននេះ អតិថិជនត្រូវចុះឈ្មោះឧបករណ៍របស់ពួកគេដែលបានជ្រើសរើសនៅលើកម្មវិធី My ASUS ហើយប្តូរយកកាសនៅលើទំព័រ Asuspromo.in ក្នុងរយៈពេលបីថ្ងៃបន្ទាប់ពីការទិញ។ ទោះជាយ៉ាងណាក៏ដោយ ការផ្តល់ជូននេះ មានកំណត់សម្រាប់អតិថិជន 50 នាក់ដំបូងប៉ុណ្ណោះ និងមានសុពលភាពចាប់ពីថ្ងៃទី 14 ខែកុម្ភៈ ដល់ថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2024។
ក្រុមហ៊ុន ASUS កំពុងធ្វើការលក់ម៉ាស៊ីនកុំព្យូទ័រ Gaming Laptop/PC ស៊េរីថ្មីចុងក្រោយរបស់ខ្លួនទាំងនេះមានមិនត្រឹមតែនៅលើគេហទំព័រ Amazon ប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានដាក់លក់នៅលើ e-commerce ផ្សេងទៀតដូចជា ASUS eSHOP, Flipkart, Reliance Digital និងបណ្តាញចែកចាយច្រើនទៀត ដែលធានាបាននូវភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ជាពិសេស Gamers ដែលចង់បានម៉ាស៊ីនកុំព្យូទ័រជំនាន់ថ្មីទាំងអស់នេះយកទៅប្រើប្រាស់លេងកម្សាន្តប្រចាំថ្ងៃ។ ទោះជាយ៉ាងណា Asus មិនទាន់បានបញ្ជាក់ពីតម្លៃសម្រាប់ឧបករណ៍ជំនាន់ថ្មីៗរបស់ខ្លួនដែលត្រៀមចេញលក់នៅទីផ្សារប្រទេសឥណ្ឌាថ្ងៃស្អែកនេះទេ៕
