
ដូចអ្វីដែលបានគ្រោងទុក ដោយពេលនេះ Asus បានធ្វើការប្រកាសចេញលក់ផ្លូវការណ៍នៅផលិតផលកុំព្យូទ័រជាច្រើនស៊េរីជាផ្លូវការណ៍នៅទីផ្សារប្រទេសឥណ្ឌា។ ហើយក្នុងចំនោមម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីទាំងនោះ ក៏មានវត្តមានរបស់ម៉ូដែល ROG Zephyrus G16 ផងដែរ។ ROG Zephyrus G16 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញនៅលក់នៅទីផ្សារអឺរ៉ុបកាលពីដើមខែកុម្ភៈនេះ ហើយនៅពេលនេះ Asus ក៏បានធ្វើការប្រកាសចេញនៅទីផ្សារប្រទេសឥណ្ឌាបន្ថែមទៀត។
Asus ROG Zephyrus G16 ដែលបានប្រកាសចេញលក់នៅទីផ្សារប្រទេសឥណ្ឌា គឺបានប្រើប្រាស់ជាមួយអង្គ CPU ស៊េរី Intel-core Ultra 9 Processor ដែលមានភ្ជាប់នូវប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ AI។ ជាមួយគ្នានេះ ក៏មានការប្រើប្រាស់នូវ NVIDIA GeForce RTX4090 GPU ដែលមានភ្ជាប់មកជាមួយនូវមុខងារ MUX Switch and Advanced Optimus ដែលផ្តល់នូវសមត្ថភាពក្នុងដំណើរការលេងហ្គេមកាន់តែមានប្រសិទ្ធិភាពខ្ពស់បំផុត។ Asus ROG Zephyrus G16 មានអេក្រង់ប្រភេទ OLED Display ទំហំ 16-inch គាំទ្រល្បឿន refresh rate 240Hz ជាមួយកម្រិត ultra-low latency 0.2ms និងគាំទ្រកម្រិតបង្ហាញខ្ពស់ដល់ 2.5K resolution។
បន្ថែមពីនេះ Asus ROG Zephyrus G16 នៅមានបំពាក់មកជាមួយប្រព័ន្ធកង្ហាលត្រជាក់ជំនាន់ទីពីរ 2nd Gen Arc Flow Fans ដែលជួយរក្សាតុល្យភាពនៃភាពត្រជាក់ក្នុងម៉ាស៊ីនបានល្អប្រសើរ និងកាត់បន្ថយការធ្លាក់ល្បឿនប្រតិបត្តិការបានយ៉ាងល្អនៅពេលដំណើរការការងារធំៗ និងការលេងហ្គេម។ ROG Zephyrus G16 មានទំងន់ប្រមាណ 1.85 គីឡូក្រាម ភ្ជាប់ដោយថ្មទំហំ 90Wh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលអាចសាកភ្លើងពី 0 ទៅ 50% ចំនាយពេលត្រឹម 30 នាទីប៉ុណ្ណោះ។ លក្ខណៈសំគាល់ពិសេសនៅលើ ROG Zephyrus G16 គឺនៅលើផ្ទៃខ្នងនៃ Lip មានរំលេចដោយអំពូលភ្លើងតូចៗជាប្រភេទ Slash Lighting array ដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់អាចធ្វើការដាក់កំណត់ផ្សេងៗបានតាមការចូលចិត្តថែមទៀតផង។

សម្រាប់តម្លៃវិញ Asus ROG Zephyrus G16 ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់នៅទីផ្សារប្រទេសឥណ្ឌាក្នុងតម្លៃ INR 189,990 ឬប្រហែលខ្ទង់ $2,287 ហើយមានដាក់លក់នៅលើគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់ និងនៅលើបណ្តាញ Fipkart, Amazon ក៏ដូចជានៅតាមបណ្តាហាងលក់រាយជាច្រើនទៀតដូចជា Reliance Digital, ROG Stores, Croma, Vijay Sales និងតាមតំណាងចែកចាយបន្តរបស់ Asus ប្រចាំប្រទេសឥណ្ឌាផងដែរ៕
