
ថ្ងៃនេះក្រុមហ៊ុន Asus បានធ្វើការប្រកាសចេញលក់ម៉ាស៊ីនកុំព្យូទ័រលើតុប្រភេទ All-in-One PC ស៊េរីថ្មីម៉ូដែល VM441 QA នៅទីផ្សារប្រទេសឥណ្ឌា។ All-in-One PC ថ្មីរបស់ Asus នេះ គឺជាម៉ាស៊ីនដំបូងគេក្នុងប្រភេទ AiO PC ដែលដំណើរការដោយបន្ទះឈីប Mobile Platform For PC របស់ Qualcomm ស៊េរី Snapdragon X Processor។
Asus VM441 QA AiO ត្រូវបានធ្វើការឌីស្សាញឡើងជាមួយកម្រាស់ស្តង់ជាមួយពណ៌សដែលប្រៀបបានទៅនឹងម៉ូនីទ័រនៅលើតុអីចឹង។ AiO PC ថ្មីនេះបំពាក់នូវបច្ចេកវិទ្យាអេក្រង់ Anti-glare display ទំហំ 23.8-inch ល្បឿន refresh rate 60Hz ជាមួយកម្រិតបង្ហាញ Full-HD-1080px ហើយអាចប៉ះថាច់បញ្ជាលើអេក្រង់ដោយផ្ទាល់បានថែមទៀតផង។

ផ្នែកម៉ាស៊ីនខាងក្នុងត្រូវបានដាក់ឲ្យដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon X ដែលមានស៊ីភីយួចំនួន 8-core ជាមួយល្បឿន clock-speed 2.97GHz និងមានភ្ជាប់ជាមួយប្រព័ន្ធ 45TOPS Hexagon NPU។ បន្ទះឈីបកុំព្យូទ័រ All-in-One PC នេះ គាំទ្រដំណើរការដោយរ៉េមទំហំ 16GB ប្រភេទ LPDDR5X។ Asus VM441 QA AiO មានជម្រើសអង្គផ្ទុកទិន្នន័យស្រាប់ទំហំ 512GB និង 1TB ជាប្រភេទ SSD។

ផ្នែករន្ធដំណរភ្ជាប់នៅលើ Asus VM441 QA AiO មានដូចជារន្ធ USB-A3.2 Gen 1, USB-A2.0, USB-C3.2 Gen 1, HDMI2.1b, Gigabit Ethernet និង Headphone Jack 3.5mm។ សម្រាប់មុខងារភ្ជាប់បណ្តាញ និងផ្ទេរទិន្នន័យឥតប្រើខ្សែនៅលើ VM441 QA AiO គាំទ្រដោយប្រព័ន្ធ Wi-Fi 6E កម្រិត triple-band និង Bluetooth 5.3។ បន្ថែមពីនេះ Asus VM441 QA AiO ក៏មានដំឡើងមកជាមួយកាមេរ៉ា Webcam មកស្រាប់មានទំហំ 5MP កម្រិតវីដែអូ 1080p ជាមួយមុខងារ Privacy shutter ក៏ដូចជា Speaker និង microphone ផងដែរ។ Asus VM441 QA AiO ត្រូវបានក្រុមហ៊ុនដាក់ក្នុងតម្លៃខ្ទង់ $1,070 សម្រាប់ជម្រើស SSD ទំហំ 512GB និង $1,175 សម្រាប់ជម្រើស SSD ទំហំ 1TB៕
