
ក្រុមហ៊ុនផលិតរថយន្តប្រណិតម៉ាក Audi និងផលិតរថយន្តអគ្គិសនីម៉ាក SAIC បានចុះហត្ថលេខាលើអនុស្សរណៈយុទ្ធសាស្ត្រមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅកាលពីខែកក្កដា ឆ្នាំ 2023។ ហើយនៅពេលនេះក្រុមហ៊ុនផលិតរថយន្តទាំងពីរ បាននឹងកំពុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាថ្មីមួយទៀត ដើម្បីផលិតរថយន្តអគ្គិសនីកម្រិតខ្ពស់ High-Eng EV សម្រាប់ប្រជែងនៅក្នុងទីផ្សារប្រទេសចិន។
SAIC បានជឿជាក់លើវិធីសាស្រ្តដ៏ឆ្លាតវៃ និងបច្ចេកវិទ្យាខ្ពស់របស់ខ្លួនក្នុងការផលិតរថយន្តអគ្គិសនី ជាមួយអ្នកជំនាញក្នុងការផលិតរថយន្តដែលមានអាយុកាលរាប់ទសវត្សរ៍របស់ Audi ក្នុងការផលិតរថយន្តលំដាប់ថ្នាក់ខ្ពស់ គឺជាការប្រកួតដ៏ល្អឥតខ្ចោះក្នុងការអភិវឌ្ឍន៍រថយន្ត EV លំដាប់ខ្ពស់សម្រាប់ទីផ្សារប្រទេសចិន។ រថយន្តអគ្គិសនីដំបូងគេ ដែលកើតចេញពីភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរនេះ ត្រូវបានគេរំពឹងថានឹងមកដល់ក្នុងឆ្នាំ 2025។ ក្រុមហ៊ុនទាំងពីរនឹងរួមបញ្ចូលគ្នានូវធនធានវិនិយោគ ដោយមិនត្រឹមតែនៅក្នុងការផលិតរថយន្តអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែ ក៏នៅក្នុងការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យា Advanced Digitized Platform ផងដែរ។

ក្រុមហ៊ុនផលិតរថយន្តទាំងពីរនេះនឹងផ្តោតលើការអនុវត្តដំណោះស្រាយកម្មវិធីរថយន្ត (Software) ដ៏ល្អបំផុតដែលអាចធ្វើទៅបានដែលភ្ជាប់ជាមួយផ្នែករឹងឲ្យកាន់តែមានប្រសិទ្ធភាព និងសមត្ថភាពកម្រិតខ្ពស់។ គោលដៅចម្បងសម្រាប់ក្រុមហ៊ុនទាំងពីរ គឺដើម្បីពន្លឿនដំណើរការនៅមជ្ឈមណ្ឌលអភិវឌ្ឍ និងស្រាវជ្រាវ R&D ដោយការរួមបញ្ចូលគ្នានូវធនធាន ហើយទាំង SAIC និង Audi មានគម្រោងធំក្នុងការជ្រៀតខ្លួនចូលប្រគូតប្រជែងឲ្យបានកាន់តែខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិនដែលកំពុងមានការរីកចម្រើនខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ៕
