
យោងតាមប្រភពព័ត៌មានចេញពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនក្នុងប្រទេសចិនបាននិយាយថា ពេលនេះ Audi នឹងធ្វើការបំពាក់នូវប្រព័ន្ធបើកបររថយន្តកម្រិតខ្ពស់ Advanced Driving System របស់ Huawei សម្រាប់រថយន្តរបស់ខ្លួន ដើម្បីបង្កើនការលក់រថយន្តរបស់ខ្លួននៅទីផ្សារប្រទេសចិន។ យោងតាមរបាយការណ៍ស្រាវជា្រវមួយបានបង្ហាញថា Audi បានរបូតដំណែងទីផ្សារក្នុងប្រទេសមួយនេះ ដែលជាទីផ្សារដ៏ធំបំផុតរបស់ម៉ាករថយន្ត Audi។
សម្រាប់ប្រព័ន្ធបើកបរឆ្លាតវៃកម្រិតខ្ពស់ Advanced Smart Driving System របស់ Huawei នឹងត្រូវប្រើបំពាក់នៅលើរថយន្តដំណើរការដោយម៉ាស៊ីនជំនាន់ថ្មីស៊េរីឆ្នាំ 2026 របស់ Audi ដែលត្រៀមប្រកាសចេញនៅក្នុងទីផ្សារប្រទេសចិន ហើយរថយន្ត 2026 ប្រើម៉ាស៊ីន (2026 ICE) នេះ ទំនងជាងរថយន្តម៉ូដែលចុងក្រោយគេរបស់ Audi សម្រាប់ទីផ្សារប្រទេសមហាអំនាចកុម្មុនីសពិភពលោកក្នុងតំបន់អាស៊ីមួយទេ មុនពេលដែល Audi ត្រៀមរៀបចំបង្វែរសង្វាក់ផលិតកម្មរថយន្តរបស់ខ្លួនទៅផលិតរថយន្តអគ្គិសនី NEV (New Energy Vehicles) នៅក្នុងប្រទេសចិនវិញ។
រថយន្តម៉ូដែលថ្មី Audi A5 នឹងក្លាយជារថយន្តដំបូងគេរបស់ Audi ដែលគាំទ្របំពាក់ប្រព័ន្ធ Huawei Advanced Driving Assistance System (ADAS) ហើយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃនេះ ក៏នឹងបំពាក់នៅលើអនាគតរថយន្តអគ្គិសនីរបស់ Audi ផងដែរ។

បើតាមប្រភពរបាយការណ៍បាននិយាយថា Audi បានធ្វើការចុះហត្ថលេខលើកិច្ចសហការជាមួយក្រុមហ៊ុនផលិតថ្មរថយន្តធំជាងគេរបស់ចិន CATL ដើម្បីប្រើប្រាស់បច្ចេកវិទ្យាថ្មរបស់ក្រុមហ៊ុនមួយនេះសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួនដើម្បីធ្វើការប្រគូតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនីប្រទេសចិន។ ការផ្លាស់ប្តូរសង្វាក់ផលិតកម្មទៅកាន់រថយន្តអគ្គិសនីហាក់មានភាពតឹងតែងេបន្តិចសម្រាប់ក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីរបស់អាឡឺម៉ងមួយនេះ ប៉ុន្តែ ចង់មិនចង់ក៏ត្រូវធ្វើដែរ ព្រោះថា ទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសចិនបច្ចុប្បន្នបានវ៉ាដាច់ឆ្ងាយពីរថយន្តប្រើចំហេះឥន្ធនៈក្នុង ឬ ICE ទៅហើយ៕
