
ក្រុមហ៊ុន AutoFlight ដែលជាក្រុមហ៊ុនផលិតកូនយន្តហោះដឹកអ្នកដំណើរម៉ាក eVTOL របស់ចិន ដែលគាំទ្រដោយក្រុមហ៊ុនផលិតថ្មខ្នាតយក្ស CATL បានបង្ហាញសមត្ថផលថ្មីមួយដែលមើលទៅដូចជាត្រូវបានដកស្រង់ចេញពីខ្សែភាពយន្តបែបវិទ្យាសាស្ត្រប្រឌិតមួយ នោះគឺជាអាកាសយានដ្ឋានអណ្តែតទឹកសម្រាប់តាក់ស៊ីអាកាស ឬ Air Taxi។ បច្ចេកវិទ្យាអាកាសយានដ្ឋានថ្មីដែលស្ថិតនៅលើទឹកនេះ អាចបណ្តែលខ្លួននៅផ្ទៃមហាសមុទ្រ បឹង ទន្លេ បានគ្រប់ទីកន្លែងដែលអ្នកចង់បាន ហើយអ្វីដែលពិសេស គឺវាអាចដំណើរការសាកថ្មដោយខ្លួនឯងដោយមិនចាំបាច់ដោតឌុយសាកភ្លើងឡើយ។
AutoFlight បានហៅអាកាសយានដ្ឋានអណ្តែតទឹកនេះថា eVTOL Water Vertiport ។ eVTOL Water Vertiport មិនត្រឹមមានតួរនាទីជាកន្លែងសម្រាប់ចុះចត Air Taxi នោះទេ វាជាកន្លែងសម្រាប់សាកថ្មសម្រាប់យន្តហោះអគ្គិសនីផងដែរ។ នៅលើ eVTOL Water Vertiport ស្ទើតែទាំងមូលត្រូវបានបំពាក់ដោយបន្ទះសូឡា ហើយនិងមានប្រព័ន្ធផ្ទុកថាមពលផ្ទាល់ខ្លួន ដូច្នេះ វាអាចដំណើរការដោយឯករាជ្យបាននៅពេលដែលដាក់ឲ្យប្រតិបត្តិការ។ AutoFlight និយាយថា ខ្លួនអាចទម្លាក់អាកាសយានដ្ឋានអណ្តែតទឹកបានស្ទើរតែគ្រប់ទីកន្លែង ចាប់ពីតំបន់ឆ្នេរសមុទ្រដ៏មមាញឹករហូតដល់តំបន់ឆ្នេរសមុទ្រឆ្ងាយៗ ដោយសារឧបករណ៍ទំនាក់ទំនងដែលភ្ជាប់មកជាមួយវា និងការរៀបចំការបញ្ជូនដោយស្វ័យប្រវត្តិ។

AutoFlight អះអាងថា ពេលវេលាឆ្លើយតបសម្រាប់ប្រតិបត្តិការជួយសង្គ្រោះអាចត្រូវបានកាត់បន្ថយពាក់កណ្តាល ខណៈពេលដែលការថែទាំនៅឯនាយសមុទ្រជាប្រចាំអាចបង្កើនល្បឿនរហូតដល់ 10 ដង។ ហើយនៅក្នុងទីក្រុង eVTOL Water Vertiport អាចផ្តល់ឱ្យ Air Taxi នូវផ្លូវកាត់ដោយផ្ទាល់ឆ្លងកាត់កំពង់ផែ ឬទន្លេធំៗដោយមិនពឹងផ្អែកលើអាកាសយានដ្ឋានដែលមានមនុស្សច្រើន ឬហេដ្ឋារចនាសម្ព័ន្ធដែលមានមូលដ្ឋានលើដីគោក។ AutoFlight មិនមែនជាក្រុមហ៊ុន Start-up ដំណាក់កាលដំបូងដែលកំពុងតែសាកល្បងបច្ចេកវិទ្យានេះនោះទេ ប៉ុន្តែ ក្រុមហ៊ុននេះមានការបញ្ជាទិញយន្តហោះប្រភេទ eVTOL ចំនួនជាង 2,000 គ្រឿងរួចហើយ ដែលយន្តហោះក្រុមហ៊ុននេះមានតួនាទីសំខាន់ក្នុងសេវាដឹកជញ្ជូនទំនិញ អ្នកដំណើរ ជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ។

ក្រុមហ៊ុន CATL ដែលបានវិនិយោគរាប់រយលានដុល្លារទៅក្នុងគម្រោងនេះ ក៏កំពុងធ្វើការលើកញ្ចប់អាគុយសម្រាប់យន្តហោះ eVTOL សម្រាប់ការអភិវឌ្ឍនាពេលអនាគត ហើយនៅទីបំផុតបច្ចេកវិទ្យាកញ្ចប់អាគុយរបស់ CATL អាចគាំទ្រយន្តហោះបប្រើថាមពលអគ្គិសនីឲ្យហោះហើរបានចម្ងាយជាង 2,000 ម៉ាយក្នុងការសាកថ្មពេញម្តង។ ប្រសិនបើ AutoFlight និង CATL ពិតជាអាចធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីថ្មីនេះដំណើរការបានដោយជោគជ័យពិតមែន ពួកយើងអាចនឹងសម្លឹងមើលពីទស្សនីយភាពនៃការដឹកជញ្ជូនថ្មីតាមតំបន់ឆ្នេរសមុទ្រ និងក្រៅឆ្នេរសមុទ្រ ដែលយន្តហោះប្រភេទ eVTOL មិនគ្រាន់តែហោះ ឡើងពីដីគោកទេ វាក៏ហោះឡើងពីទឹកដោយខ្លួនឯងផងដែរ៕
