
រថយន្តអគ្គិសនីម៉ាក Avatr 06 ត្រូវបានគេដឹងថា ត្រៀមបង្ហាញខ្លួននៅត្រីមាសទីពីរនៃឆ្នាំ 2025 ជាមួយជម្រើស 4 ម៉ូដែល។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ មានលេខកូដសំគាល់ម៉ូដែល E16 ហើយជាប្រភេទរថយន្តអគ្គិសនី Sedan។ Avatr 06 នឹងមានតម្លៃចាប់ពីខ្ទង់ 250,000 យាន់ ឬប្រហែល 34,150 ដុល្លារអាមេរិកនៅទីផ្សារប្រទេសចិន។ រថយន្តអគ្គិសនី Sedan ចេញពីម៉ាកយីហោរថយន្ត Avatr នេះ នឹងផ្តល់ជូននៅជម្រើសដំណើរការដោយថាមពលអគ្គិសនីសុទ្ធ (All-electric) និង EREV (Extended-range)។
បើតាមប្រភពព័ត៌មានថ្មីនេះ បានបញ្ជាក់ថា សម្រាប់ Avatr 06 All-electric នឹងមានជម្រើសទំហំកញ្ចប់ថ្ម 72.88kWh ភ្ជាប់ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ ហើយការសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 650km ខណៈម៉ូដែលប្រើប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ ឬ Dual-motor អាចបើកបានចម្ងាយផ្លូវ 600km បើតាមការធ្វើតេស្តដោយប្រព័ន្ធនៃស្ថាប័ន CLTC។ សម្រាប់ម៉ូដែលម៉ូទ័រមួយ គឺអាចផលិតកំលាំងបាន 252kW ភ្ជាប់នៅផ្នែកខាងក្រោយ ខណៈម៉ូដែលម៉ូទ័រពីរបានបន្ថែមម៉ូទ័រកំលាំង 188kW មួយទៀតនៅផ្នែកខាងមុខ។

ដោយឡែកសម្រាប់ម៉ូដែល Avatr 06 EREV គឺមានកញ្ចប់ថ្មទំហំ 31.7kW ដែលសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 170kW ដោយប្រើថាមពលថ្មសុទ្ធ។ ម៉ូដែល EREV នេះដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 231kW ភ្ជាប់ដំណើរការជាមួយម៉ាស៊ីនចំនុះ 1.5T Engine កំលាំង 115kW។ សម្រាប់កញ្ចប់ថ្មដែលបំពាក់នៅលើ Avatr 06 គ្រប់ម៉ូដែល គឺជាប្រភេទថ្ម lithium iron phosphate ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ដែលជាក្រុមហ៊ុនមានភាគហ៊ុនធំទីពីរនៅក្នុងក្រុមហ៊ុនម៉ាករថយន្ត Avatr បន្ទាប់ពីក្រុមហ៊ុន Changan។

Avatr 06 មានប្រវែងបណ្តោយ 4,855mm/ទទឺង 1,960mm/កម្ពស់ 1,450 mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,940mm។ រថយន្តអគ្គិសនី Sedan ប្រណិតស៊េរីថ្មីមួយនេះ នឹងមានជម្រើសពណ៌ខាងក្នុងចំនួន 6 និងប្រើប្រាស់ភាសារចនាពីគំរូ Avatr 2.0 Concept។

យ៉ាងណាមិញមិនទាន់មានការបញ្ជាក់លម្អិតពីផ្នែកខាងក្នុង និងបច្ចេកវិទ្យាដែលត្រូវប្រើនៅលើ Avatr 06 នៅឡើយទេក្នុងពេលនេះ ប៉ុន្តែ រថយន្តនេះអាចនឹងមានការតុបតែងផ្នែកខាងក្នុងដូចគ្នានឹងម៉ូដែល Avatr 07 SUV ក្នុងនោះមានដូចជា អេក្រង់កម្សាន្តទំហំ 15.6-inch និងអេក្រង់ទ្រវែងទំហំ 35.4-inch នៅផ្នែកខាងក្រោយនៃ Dashboard។ រថយន្តអគ្គិសនី Sedan ថ្មីនេះ ក៏នឹងប្រើកាមេរ៉ាសងធ្វើជាកញ្ចក់មើលក្រោយ ដោយមានអេក្រង់បង្ហាញទំហំ 6.7-inch សម្រាប់កាមេរ៉ាសងខាងទាំងពីរ។ សម្រាប់ប្រព័ន្ធដំណើរការនៅលើ Avatr 06 វិញ គឺនឹងបំពាក់នូវបច្ចេកវិទ្យា HarmonyOS 4.0៕
