ស្វែងរកពួកយើង:

Avatr 12 ឆ្នាំ 2025 បំពាក់ម៉ូទ័រអគ្គិសនីពីរ ផ្តល់កំលាំងសរុប 549 សេះ និងអាចជិះបានចម្ងាយផ្លូវ 705km

ដោយ

Koun Jab Luffy

09 ឧសភា 2025 09:07 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុន Avatr បានធ្វើការប្រកាសចេញរថយន្តអគ្គិសនី sedan ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Avatr 12 របស់ខ្លួនជាផ្លូវការណ៍។ Avatr 12 ស៊េរីថ្មីឆ្នាំ 2025 មានជម្រើសចំនួន 6 ម៉ូដែលទាំងម៉ូដែលប្រើអគ្គិសនីសុទ្ធ និងម៉ូដែល range-extended (EREV)។ ហើយរថយន្ត sedan ប្រណិតទំនើបនិយមមួយនេះ ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃខ្ទង់ចាប់ពី $37,230 ទៅ $59,300 នៅទីផ្សារប្រទេសចិន។
សម្រាប់អតិថិជនដែលបានធ្វើការបញ្ជាទិញនៅមុខថ្ងៃទី 31 ខែឧសភា ទទួលបានតម្លៃពិសេស គឺត្រឹម $35,900 ទៅ $58,000 តាមម៉ូដែលដែលពួកគេជ្រើសរើស។ បន្ថែមពីនេះ អតិថិជន ក៏ទទួលបាននឹងការបំពាក់នូវមុខងារពិសេសបន្ថែមទៀតដែលមានតម្លៃប្រមាណ $5,500 ដែលរួមមានមុខងារ advanced ADS functions, ប្រព័ន្ធបំពងសំលេង Meridian audio system ចំនួន 25 គ្រាប់, និងយ៉ាន់កង់ទំហំ 21-inchជាដើម។
Avatr 12 ស៊េរីឆ្នាំ 2025 មានការរៀបចំផ្នែកខាងក្នុងថ្មីជាមួយពណ៌ក្រហមហៅថា Dai Red interior ដែលយកលំនាំតាមពណ៌ប្រពៃណីចិន និងដៃចង្កូតទំហំ 20-inch។ សម្រាប់ម៉ូដែល Ultra របស់ Avatr 12-2025 មានភ្ជាប់មកទ្វារអេឡិចត្រូនិចឆ្លាតវៃ និងនិមិត្តសញ្ញាភ្លើងស្វាគមន៍នៅផ្នែកខាងមុខផងដែរ។រថយន្ត sedan ប្រណិតមួយនេះ មានបណ្តោយប្រវែង 5,020mm/ ទទឹង 1,999mm/ កំពស់ 1,460mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,020mm។
Article image
នៅផ្នែកកាប៊ីនត្រូវបានភ្ជាប់មកជាមួយអេក្រង់ខាងមុខប្រភេទ Panoramic wide screen ទំហំ 35.4-inch កម្រិតបង្ហាញ 4K និងអេក្រង់កម្សាន្តទំហំ 15.6-inch នៅកណ្តាលដែលដំណើរការដោយប្រតិបត្តិការ Harmony OS។ Avatr 12-2025 គ្រប់ម៉ូដែលបានបំពាក់នូវកៅអីប្រភេទ dual zero-gravity seats ដែលមានមុខងារក្តៅ ត្រជាក់ និងម៉ាស្សា។
រថយន្ត sedan ប្រណិតទំនើបទាន់សម័យមួយនេះ គាំទ្រនូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Huawei Qiankun ADS 3.0 system ដែលគាំទ្រដោយប្រព័ន្ធសែនស័រ LiDAR ទំហំធំចំនួន 3 គ្រាប់ ដែលមានសមត្ថភាពចាប់សញ្ញាបានក្នុងកម្រិត 300 ដឺក្រេ ក្នុងកម្រិតមុំផ្តេក horizontal និង 25 ដឺក្រក្នុងកម្រិតមុំបញ្ឈរ Vertical ដែលមានសមត្ថភាពចាប់សញ្ញាផ្សេងៗបានរយះចម្ងាយដល់ 150 ម៉ែត្រឯណោះ។
Article image
បន្ថែមពីនេះ Avatr 12 ឆ្នាំ 2025 នូវមានភ្ជាប់មកជាមួយសែនស័រជំនួយសម្រាប់មុខងារសំខាន់ៗចំនួន 29 គ្រាប់ថែមទៀតផង។ រថយន្តអគ្កិសនីស៊េរីថ្មីនេះ គាំទ្រនូវប្រព័ន្ធសាកភ្លើងល្បឿនលឿនកម្រិត 800-Voltage Platform។ ចំពោះ Avatr 12 EREV បានបំពាក់ម៉ូទ័រអគ្គិសនីមួយមានកំលាំង 231kW ហើយការសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 245km ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងដល់ 1,155km នៅពេលសាកភ្លើង និងចាក់សាំងមួយពេញ។
Article image
សម្រាប់ម៉ូដែលអគ្គិសនីសុទ្ធវិញ មានជម្រើសប្រើម៉ូទ័រមួយ ឬប៉ុងមួយ (RWD) ដំណើរការដោយម៉ូទ័រអគ្គិសនីមួយកំលាំង 237kW និងសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 755km។ ចំនែកម៉ូដែលប្រើម៉ូទ័រពីរ ឬប៉ុងពីរវិញ បំពាក់ម៉ូទ័រទាំងមុខ និងខាងក្រោយជាប្រភេទ silicon carbide motors ដោយម៉ូទ័រមុខមានកំលាំង 221 សេះ រីម៉ូទ័រក្រោយមានកំលាំង 318 សេះ ជាមួយកំលាំងរមូល 687Nm ដែលជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ចាយពេលប្រមាណ 3.8 វិនាទី និងអាចជិះបានចម្ងាយ 705km នៅពេលសាកភ្លើងពេញម្តង។
យោងតាមទិន្នន័យនៃការលក់ថ្មីៗបានបង្ហាញថា រថយន្តម៉ាក Avatr 12 លក់បានចំនួន 2,111 គ្រឿងក្នុងខែមេសា ហើយអាចនឹងលក់បានចំនួន 5,220 គ្រឿងក្នុងឆ្នាំ 2025។ ជាមួយការបង្ហាញម៉ូដែលថ្មី Avatr 12 ស៊េរីឆ្នាំ 2025 នឹងជួយជម្រុញការលក់ប្រចាំឆ្នាំបានកាន់តែខ្ពស់៕
Avatr 12 ឆ្នាំ 2025 បំពាក់ម៉ូទ័រអគ្គិសនីពីរ ផ្តល់កំលាំងសរុប 549 សេះ និងអាចជិះបានចម្ងាយផ្លូវ 705km