ទំហំនៃការផ្ទៃក្រឡាសម្រាប់ការប្រារព្ធកម្មវិធីតាំងពិពរណ៌រថយន្តប្រចាំឆ្នាំក្នុងប្រទេសចិន Beijing International Auto Show 2026 ត្រូវបានប្រកាសផ្លូវការណ៍នៅមុនថ្ងៃនៃការបើកកម្មវិធីមកដល់នាថ្ងៃទី 24 ខែមេសា ឆ្នាំ 2026 ខាងមុខនេះ។ ដែលតាមការបញ្ជាក់បានឲ្យដឹងថា ព្រឹត្តិការណ៍ពិពរណ៌រថយន្តប្រចាំឆ្នាំនេះ នឹងត្រូវប្រារព្ធធ្វើឡើងនៅលើផ្ទៃដីទំហំ 380,000 ម៉ែត្រការ៉េ ដែលធ្វើឲ្យវាក្លាយជាព្រឹត្តិការណ៍ពិពរណ៌រថយន្តធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។

ព្រឹត្តិការណ៍ Beijing International Auto Show 2026 នឹងចាប់ផ្តើមប្រារព្ធធ្វើឡើងពីថ្ងៃទី 24 ខែមេសា ដល់ថ្ងៃទី 3 ខែឧសភា ឆ្នាំ 2026 ដែលមានរយះពេល 10 ថ្ងៃ។ វាជាលើកំបូងក្នុងប្រវត្តិសាស្រ្តដែល Beijing Auto Show ឆ្នាំនេះ នឹងប្រារព្ធធ្វើឡើងដោយប្រើប្រាស់សាលមជ្ឈមណ្ឌលពិព៍រណ៍ធំចំនួនពីរបញ្ចូលគ្នា គឺមជ្ឈមណ្ឌល China International Exhibition Centre (Shunyi Hall) និង Capital International Exhibition Centre ដោយសាលមជ្ឈមណ្ឌលទាំងពីរនេះ គឺស្ថិតនៅជិតគ្នាដែលមានផ្ទៃក្រឡាសរុបប្រមាណជា 1.3 គីឡូម៉ែត្រ លាតសន្ធឹងពីជើងទៅត្បូង។

នៅក្នុងព្រឹត្តិការការឆ្នាំនេះ គឺនឹងមានការធ្វើសន្និសីទសារព័ត៌មានជាង 200 ត្រូវបានគ្រោងទុក ដោយមានការចូលរួមពីនាយកប្រតិបត្តិ អ្នកស្រាវជ្រាវ អ្នកធ្វើគោលនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយសកល។ ព្រឹត្តិការណ៍នេះនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ក្រុមហ៊ុនផលិតរថយន្តជាច្រើនប្រភេទទាំងក្រុមហ៊ុនផលិតក្នុងស្រុក និងសកល។ ដែលក្នុងនោះមានក្រុមហ៊ុនម៉ាកយីហោរថយន្តអន្តរជាតិល្បីៗរួមមាន BMW, Mercedes-Benz, Audi, Volkswagen, Toyota និង Ford ជាដើម។

ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក (ចិន) មានដូចជា FAW Hongqi, Dongfeng Motor, Changan Automobile, Geely និង Great Wall Motor ក៏នឹងបង្ហាញបច្ចេកវិទ្យា និងម៉ូដែលចុងក្រោយបំផុតរបស់ពួកគេផងដែរ។ ម៉ាកយីហោរថយន្តថ្មីៗដែលផ្តោតលើបច្ចេកវិទ្យា រួមទាំងក្រុមហ៊ុន Harmony Intelligent Mobility ដែលគាំទ្រដោយ Huawei, Nio, Xpeng, Li Auto, Xiaomi និង Leapmotor ក៏ត្រូវបានគេរំពឹងថានឹងបង្ហាញពីការអភិវឌ្ឍនៅទូទាំងប្រព័ន្ធថាមពលថ្មអគ្គិសនី ប្រព័ន្ធថាមពលរយៈចម្ងាយឆ្ងាយ និងប្រព័ន្ធថាមពលអ៊ីដ្រូសែនផងដែរ។

ចំនែកក្រុមហ៊ុនផលិតរថយន្តរងក្នុងសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងបំផុតក្នុងលោក BYD ដែលរួមជាមួយម៉ាក Denza, Yangwang និង Fangchengbao ត្រូវបានគេរំពឹងថា ក៏នឹងដាក់តាំងបង្ហាញបច្ចេកវិទ្យា និងផលិតផលថ្មីៗនៅឯពិព័រណ៍រថយន្ត Beijing Auto Show 2026 ផងដែរ។ បើយោងតាមទិន្នន័យផ្លូវការដោយគណកម្មការរៀបចំព្រឹត្តិការណ៍នេះ បានឲ្យដឹងថា ព្រឹត្តិការណ៍ Beijing International Auto Show ឆ្នាំនេះនឹងមានការដាក់តាំងបង្ហាញយានយន្តចំនួន 1,451 គ្រឿង ក្នុងនោះរួមទាំងការរថយន្ត World Premieres ចំនួន 181 គ្រឿង និងរថយន្តគំរូចំនួន 71 គ្រឿង ហើយនិងមានសាលតាំងពិព័រណ៍សរុបចំនួន 17 នឹងត្រូវបានប្រើប្រាស់ ដែលក្នុងនោះ 13 កន្លែងត្រូវបានប្រើសម្រាប់ការតាំងបង្ហាញរថយន្តផលិតកម្មផ្លូវការណ៍ (ផលិតផលសម្រេច)។

ព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Beijing International Auto Show 2026 ត្រូវបានកំណត់ទីតាំងសម្រាប់ការជួបជុំឧស្សាហកម្មទ្រង់ទ្រាយធំ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរជាបន្តបន្ទាប់ឆ្ពោះទៅរកអគ្គិសនីភាវូបនីយកម្ម ប្រព័ន្ធឆ្លាតវៃ និងការប្រកួតប្រជែងជាសកល។ រចនាសម្ព័ន្ធទីកន្លែងប្រារព្ធព្រឹត្តិការណ៍ត្រូវបានពង្រីក និងចំនួនក្រុមហ៊ុនចូលរួមតាំងពិព័រណ៍មានការកើនឡើង ដែលបានបង្ហាញពីទំហំទីផ្សារក្នុងស្រុក និងការចូលរួមពីក្រុមហ៊ុនអន្តរជាតិ៕