ក្រុមហ៊ុន Bentley កំពុងផ្លាស់ប្តូរផែនការសម្រាប់គម្រោងការនៃការផលិតកម្មរថយន្តរបស់ខ្លួនសម្រាប់ទសវត្សរ៍ក្រោយ។ ម៉ាកយីហោឡានប្រណីតរបស់អង់គ្លេសដ៏ល្បីល្បាញនេះ បានប្រកាសថាខ្លួននឹងផ្លាស់ប្តូរពីផែនការដើមរបស់ខ្លួនក្នុងការចេញលក់រថយន្តអគ្គិសនីថ្មីចំនួនប្រាំម៉ូដែលនៅឆ្នាំ 2035។ ជំនួសឱ្យការបញ្ចេញឡានប្រភេទដំណើរការដោយថថាមពលអគ្គិសនីទាំងស្រុក Bentley ក៏នឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើឡានអគ្គិសនីលាយសាំង ឬ Hybrid។ 

លោក Frank Walliser ប្រធានក្រុមហ៊ុន Bentley បានពន្យល់ថា ក្រុមហ៊ុនត្រូវគិតឡើងវិញអំពីផលិតផលទាំងមូលរបស់ខ្លួន។ លោកបានកត់សម្គាល់ថា ផែនការបច្ចុប្បន្នរបស់ពួកគេមើលទៅខុសគ្នាទាំងស្រុងពីផែនការដែលពួកគេទើបតែធ្វើកាលពីពីរឆ្នាំមុន។ ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃនិន្នាការធំជាងនៅក្នុងឧស្សាហកម្មរថយន្ត។ ម៉ាកយីហោរថយន្តលំដាប់ខ្ពស់ជាច្រើន កំពុងរកឃើញថា អតិថិជនរបស់ពួកគេនៅតែចូលចិត្តសំឡេង និងអារម្មណ៍លើឡានដែលប្រើម៉ាស៊ីន ឬប្រភេទរថយន្ត Hybrid/Plug-in Hybrid។ 

Bentley ត្រូវបានគេដឹងថា បានត្រៀមខ្លួនរួចរាល់ក្នុងការចេញលក់ឡានអគ្គិសនីដំបូងរបស់ខ្លួននៅឆ្នាំ 2027 ដែលឡានអគ្គិសនីដំបូងនេះ ត្រូវបានក្រុមហ៊ុនហៅថា Urban SUV ដែលនឹងប្រើកញ្ចប់ថ្មអគ្គិសនី និងម៉ូទ័រអេឡិចត្រូនិចដែលស្រដៀងគ្នានឹងឡាន Porsche Cayenne Electric ដែលត្រៀមចេញលក់នាពេលឆាប់ៗខាងមុខនេះដែរ។ Bentley បានបង្ហើបទៀតថា ឡានអគ្គិសនីដំបូងរបស់ខ្លួននឹងអាចបើកបានចម្ងាយជិត 160km នៅពេលសាកភ្លើងប្រមាន 7 នាទី ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត។ ក្រៅពីឡានអគ្គិសនីសុទ្ធ និង Hybrid, Bentley ក៏នឹងមានម៉ូដែល Plug-in-hybrid នៅប៉ុន្មានឆ្នាំខាងមុខទៀតនេះផងដែរ។

បច្ចុប្បន្នឡាន Hybrid ក្រុមហ៊ុនឡានប្រណីតរបស់អង់គ្លេសនេះ គឺមានដូចជាម៉ូដែល Continental GT និង Flying Spur ជាដើម។ ដោយម៉ូដែល Hybrid ទាំងនេះ គឺដំណើរការដោយប្រើម៉ាស៊ីនសាំង V8 និងម៉ូទ័រអគ្គិសនីមួយ។ សម្រាប់ឡានអគ្គិសនី Urban SUV របស់ Bentley ដែលត្រៀមចេញលក់ផ្លូវការណ៍ចុងឆ្នាំ 2026 ឬដើមឆ្នាំ 2027 គឺនឹងបំពាក់មកជាមួយនូវកញ្ចប់ថ្មទំហំ 108kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយប្រហែល 600km និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្លាំងដល់ 400kW៕