ក្រុមហ៊ុន BMW 7 Series ឆ្នាំ 2027 បានបង្ហាញវត្តមានផ្លូវការណ៍ជាមួយនឹងការ Update ផ្នែករចនាខាងក្នុង បំពាក់បច្ចេកវិទ្យាថ្មីៗចុងក្រោយ ខណៈការឌីស្សាញរូបរាងខាងក្រៅមិនសូវជាមានការកែប្រែខុសពីជំនាន់មុនប៉ុន្មាននោះទេ។ ហើយអ្វីដែលជាការចាប់អារម្មណ៍នោះ គឺថា BMW បានត្រៀមខ្លួនរួចរាល់ក្នុងការនាំយកម៉ូដែលថ្មីនេះ ចូលទៅប្រកាសចេញលក់នៅទីផ្សារអូស្ត្រាលីក្នុងត្រីមាសទី 4 ឆ្នាំ 2026 នេះ។
ចំណុចលេចធ្លោរបស់ BWM 7 Series ឆ្នាំ 2027 គឺការរៀបចំការឌីស្សាញផ្នែកកាប៊ីនខាងក្នុងថ្មី បំពាក់អេក្រង់ច្រើនប្លង់ ដែលឃើញមានបំពាក់នៅលើរថយន្ត BMW ជំនាន់ថ្មី Neue Klasse iX3 និង iX3 EV។ ការធ្វើបច្ចុប្បន្នភាពថ្មីផ្នែកខាងក្នុងមានដូចជាការបំពាក់កៅអីស្បែកប្រណីត កៅអីខាងមុខ និងខាងក្រោយមានមុខងារអាចកំណត់ការប្រើប្រាស់បានច្រើនរបៀប, មុខងារកំដៅកៅអី ខ្យល់ត្រជាក់ ម៉ាស្សា និងកន្លែងដាក់ដៃ (armrest) រួមនឹងមុខងារប្រើប្រាស់ដែលប្រកបដោយផាសុខភាពជាច្រើនទៀត។ ផ្នែកតាប់ឡូត្រូវបានធ្វើការឌីស្សាញតាមទម្រង់ Panoramic iDrive layout របស់ BMW ដែលមានអេក្រង់ full-width screen ស្ថិតនៅក្រោមកញ្ចក់ដំបូលខាងមុខ ដែលជំនួយអេក្រង់បង្ហាញព័ត៌មានដែលមាននៅលើម៉ូដែលមុន។
នៅខាងក្រោយដៃចង្កូតមានភាពស្រឡះល្អដោយសារតែមិនមានអេក្រង់បង្ហាញព័ត៌មាន ដៃចង្កូតឌីស្សាញថ្មីដែលមានកាំបួន ឬ Four-spoke steering wheel ភ្ជាប់ជាមួយប៊ូតុងបញ្ជាមុខងារមួយសំខាន់ៗមួយចំនួននៅលើដៃចង្កូតផ្ទាល់តែម្តង។ អេក្រង់កម្សាន្តកណ្តាលតាប់ឡូមានទំហំធំដល់ 17.9-inch និងអេក្រង់ខាងមុខកៅអីអ្នករួមដំណើរទំហំ 14.6-inch ហើយក៏ជាម៉ូដែលដំបូងនៃម៉ាកឡាន BWM ដែលមានអេក្រង់នេះ។ បន្ថែមពីនេះ BMW 7 Series 2027 ក៏បានធ្វើការ Upgraded នៅអេក្រង់ភ្ជាប់ដំបូលទំហំ 31.3-inch ថាច់ស្រ្គីនសម្រាប់អ្នកដំណើរកៅអីក្រោយប្រើប្រាស់ ព្រមទាំងមានភ្ជាប់មកជាមួយកាមេរ៉ាប្រើសម្រាប់វីដេអូខលថែមទៀតផង។
BMW 7 Series 2027 មានជម្រើសដូចជាម៉ូដែល 735 មានកម្លាំង 21kW/425Nm, ម៉ូដែល 740 និង740 xDrive petrols កម្លាំង 294kW/580Nm, និងម៉ូដែល 740d xDrive diesel មានកម្លាំង 230kW/670Nm។ ហើយគ្រប់ម៉ូដែលទាំងអស់ គឺប្រើប្រាស់ម៉ាស៊ីនប្រភេទ mild-hybrid 3.0-litre inline six-cylinder turbocharged engines។ ដោយឡែកសម្រាប់ម៉ូដែល Plug-in-hybrid មានដូចជា BMW 7 Series 750e xDrive និង M760e xDrive មានកម្លាំង 450kW/800Nm ជាមួយសមត្ថភាពអាចបើកបរដោយអគ្គិសនីសុទ្ធបានដល់ 82km អាស្រ័យទៅលើជម្រើសម៉ូដែល។ ហើយគ្រប់ម៉ូដែល PHEV គឺប្រើម៉ាស៊ីន 3.0-litre petrol engine ជាមួយម៉ូទ័រអគ្គិសនីមួយ។
ចំនែកម៉ូដែលអគ្គិសនីសុទ្ធរបស់ BMW 7 Series គឺមានជម្រើសម៉ូដែល i7 50 xDrive កម្លាំង 335kW/660Nm អាចបើកបរបានចម្ងាយចាប់ពី 591km ទៅ 728km តាមស្តង់ដារ WLTP និងម៉ូដែល i7 60 xDrive មានកម្លាំង 400kW/745Nm ដែលអាចបើកបរបានចម្ងាយចាប់ពី 581km ទៅ 727km អាចស្រ័យទៅលើជម្រើសកញ្ចប់ថ្ម ឬជម្រើសម៉ូដែល។ ហើយសម្រាប់ម៉ូដែលកំពូល i7 M70 xDrive មានកម្លាំង 500kW/1100Nm អាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 3.8 វិនាទី និងសាកភ្លើងពេញម្តងអាចបើកបានចម្ងាយពី 566km និង 686km តាមស្តង់ដារ WLTP។
BMW 7 Series EV ម៉ូដែល i7 50 xDrive និង i7 60 xDrive បំពាក់កញ្ចប់ថ្មទំហំ 112.5kWh, ម៉ូដែល i7 M70 xDrive បំពាក់កញ្ចប់ថ្មទំហំ 112.4kWh ហើយគ្រប់ម៉ូដែលគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្លាំង 250kW DC fast-charge។ BMW Australia បានបញ្ជាក់ផ្លូវការណ៍ថា គ្រប់ម៉ូដែល BMW 7 Series 2027 នឹងមកដល់ទីផ្សារអូស្ត្រាលីនៅត្រីមាសទី 4 (តុលា ដល់ ធ្នូ) ឆ្នាំ 2026 ខណៈតម្លៃក្រុមហ៊ុនមិនទាន់បានប្រកាសប្រាប់ឲ្យដឹងនៅឡើយទេ៕





