
ក្រុមហ៊ុនផលិតរថយន្តប្រណិត BMW ទើបតែបានបញ្ចេញរថយន្តអគ្គិសនី SUV ស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល iX3 ជាផ្លូវការណ៍។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ គឺជាម៉ូដែលដំបូងគេរបស់ BMW ដែលបានប្រើប្រាស់នូវប្រព័ន្ធគ្រោងឆ្អឹងថ្មី Neue Klasses Platform ដែលគ្រោងឆ្អឹងថ្មីនេះត្រៀមប្រើសម្រាប់ការផលិតរថយន្តរបស់ BMW នាពេលអនាគត។ BMW iX3 មានការឌីស្សាញរូបរាងខាងក្រៅ និងការឌីស្សាញតុបតែផ្នែកខាងក្នុងថ្មីទាំងស្រុង ហើយវាក៏ជាម៉ូដែលត្រៀមក្រឡុងទីផ្សារឡានអគ្គិសនីប្រណិតកម្រិតថ្នាក់ Premium EV ផងដែរ។
សម្រាប់ម៉ូដែលដំបូងដែលនឹងចេញក្រឡុងទីផ្សារសកល អាចជាម៉ូដែល iX3 50 xDrive ដែលត្រូវបានគេព្យាករណ៍ថា នឹងមានចេញលក់ផ្លូវការណ៍នាពាក់កណ្តាលឆ្នាំ 2026 ជាមួយតម្លៃចាប់ពីខ្ទង់ $59,741 នៅទីផ្សារអាមេរិច ហើយនិងឈានដល់ខ្ទង់ $70,254 សម្រាប់ទីផ្សារអឺរ៉ុប។

សម្រាប់ម៉ូដែល iX3 ថ្មីដែលបានក្រុមហ៊ុនបានប្រកាសចេញនៅពេលនេះ គឺជាម៉ូដែលប្រើប្រាស់ម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ (dual-motor, AWD) ដែលមានកម្លាំងសរុប 463 សេះ និងកម្លាំងរមួល 645Nm ដែលជាន់ស្ទុះពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 4.9 វិនាទី និងអាចជាន់ល្បឿន Top Speed ដល់ 209km/h។

BMW iX3 ឆ្នាំ 2026 មានបណ្តោយប្រវែង 4,783mm និងទទឹង 1,895mm ជាមួយការបំពាក់យ៉ាន់កង់ទំហំ 22-inch។ នៅផ្នែកកាប៊ីនខាងក្នុងត្រូវបានការបែ្រការឌីស្សាញឡើងថ្មីជាមួយនឹងប្រព័ន្ធអេក្រង់បង្ហាញដែល BMW ហៅថា Panoramic iDrive ទ្រវែងស្ថិតនៅជិតកញ្ចក់ដំបូលខាងមុខ រួមជាមួយអេក្រង់កម្សាន្តនៅកណ្តាលទំហំធំដល់ 17.9-អ៊ីង គាំទ្រដំណើការដោយប្រតិបត្តិការ BMW OS X ហើយក៏មានមុខងារបង្ហាញនៅលើកញ្ចក់ដំបូលខាងមុខបែប 3D-head-up display ផងដែរ។ ផ្នែកឃ្លប់គូទក្រោយរបស់ iX3-2026 អាចផ្ទុកទំងន់បាន 861kg និងដល់ 1,841kg នៅពេលកាច់កៅអីជួរក្រោយ ហើយនៅផ្នែកក្បាលរថយន្តក៏មានឃ្លប់អាចដាក់អីវ៉ាន់បានទំងន់ 57kg ផងដែរ។

BMW iX3 ឆ្នាំ 2026 គាំទ្រនូវប្រព័ន្ធសាកភ្លើងកម្លាំង 800V Neue Klasse architecture ជាមួយប្រព័ន្ធ eDrive ជំនាន់ទី 6 របស់ BMW ផ្ទាល់តែម្តង។ iX3 បំពាក់កញ្ចប់ថ្មទំហំធំដល់ 108.7kWh ដែលតាមការធ្វើតេស្តដោយប្រព័ន្ធ EPA-estimated ការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 644km និងការធ្វើតេស្តដោយស្តង់ដារ WLTP អាចជិះបានចម្ងាយ 805km សម្រាប់ម៉ូដែល iX3 50 xDrive។

រថយន្តអគ្គិសនីស៊េរីថ្មីនេះ គាំទ្របច្ចេកវិទ្យាសាកភ្លើង DC fast-charging កម្លាំង 400kW ដែលសាកភ្លើង 10 នាទីអាចជិះបានចម្ងាយ 370km និងសាកភ្លើងចូលពី 10-80% ចាយពេលប្រមាណ 21 នាទី។ iX3 ក៏នឹងគាំទ្រការសាកភ្លើងនៅតាមស្ថានីយ៍ NACS port របស់ Tesla និង CCS adapter នៅអាមេរិក ហើយនិងប្រព័ន្ធសាកភ្លើង bi-directional charging កម្លាំង 11kW ផងដែរ៕

